ស្នងការនគរបាលខេត្តសៀមរាប ជំរុញឱ្យពង្រឹងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាព
23-10-2026 16:43
(សៀមរាប)៖ អនុវត្តតាម អនុសាសន៍ណែនាំរបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានជំរុញដល់គ្រប់អង្គភាព និងផែនការងារជំនាញ ឱ្យបន្តពង្រឹងការអនុវត្តវិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ប្រកបដោយប្រសិទ្ធភាពខ្ពស់ ជាពិសេសការបង្ក្រាបក្មេងទំនើង។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានជំរុញដូចនេះនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ នៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ប្រចាំខែតុលា ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត នៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត។
បន្ថែមពីនេះការជំរុញនេះលោកឧត្តមសេនីយ៍ទោ ហួត សុធី បានសង្កត់ធ្ងន់លើការរៀបចំសណ្តាប់ធ្នាប់សាធារណៈតាមដងផ្លូវសំខាន់ៗក្នុងក្រុងសៀមរាប ដើម្បីធានាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ល្អប្រសើរជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរជាតិ-អន្តរជាតិ។
លោកស្នងការបានបន្តថា កងកម្លាំងនគរបាលទាំងអស់ត្រូវបន្តអនុវត្តតួនាទី និងភារកិច្ចប្រកបដោយការទទួលខុសត្រូវ ស្មារតីសាមគ្គីភាព និងប្រសិទ្ធភាពខ្ពស់ ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ក៏បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារដែលសម្រេចបានក្នុងខែតុលា ព្រមទាំងកំណត់បញ្ហាប្រឈមនានា ដើម្បីដាក់ចេញវិធានការពង្រឹងប្រសិទ្ធភាពនៃការបម្រើប្រជាពលរដ្ឋ និងលើកកម្ពស់គុណភាពសេវាសាធារណៈផងដែរ៕





















