FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អាជ្ញាធរក្រុងពោធិ៍សាត់ អនុវត្តវិធានការក្តៅ! ចាប់ផាកពិន័យ ២០ម៉ឺនរៀលក្នុងមួយក្បាល ចំពោះម្ចាស់សត្វដែលលែងពាសវាលពាសកាលតាមដងផ្លូវ ក្រោយណែនាំមិនស្តាប់

23-10-2026 16:39

(ពោធិ៍សាត់)៖ រដ្ឋបាលក្រុងពោធិ៍សាត់ បានចាប់ផ្តើមអនុវត្តវិធានការក្តៅ និងម៉ឺងម៉ាត់បំផុត ចំពោះម្ចាស់សត្វពាហនៈ (គោ-ក្របី) ទាំងឡាយណាដែលបន្តព្រលែងសត្វឱ្យដើរពាសវាលពាសកាលតាមបណ្តោយផ្លូវជាតិលេខ៥ និងក្នុងទីប្រជុំជនក្រុង បន្ទាប់ពីបានធ្វើការអប់រំ ផ្សព្វផ្សាយ និងជូនដំណឹងជាច្រើនលើករួចមក ប៉ុន្តែនៅតែមានម្ចាស់សត្វមួយចំនួនមិនព្រមចូលរួមសហការ។

យោងតាមសេចក្តីជូនដំណឹង និងវិធានការផ្ទាល់របស់រដ្ឋបាលក្រុងពោធិ៍សាត់ ដែលបានចេញនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ ដើម្បីថែរក្សាសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព អនាម័យ បរិស្ថាន និងចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងក្រុង អាជ្ញាធរនឹងចាត់វិធានការច្បាប់ចំពោះករណីលែងសត្វពាហនៈដូចខាងក្រោម៖

ទី១-ការចាប់រក្សាទុក និងផាកពិន័យ៖ សត្វពាហនៈដែលដើរពាសវាលពាសកាលលើដងផ្លូវ នឹងត្រូវចាប់យកទៅរក្សាទុកបណ្តោះអាសន្ន ហើយម្ចាស់សត្វនឹងត្រូវ ផាកពិន័យជាប្រាក់ចំនួន ២០០,០០០រៀល ក្នុងសត្វ ០១ក្បាល។

ទី២-ការចាត់ការតាមនីតិវិធីច្បាប់៖ ក្នុងករណីចាប់រក្សាទុក លើសពី ០៣ថ្ងៃ ហើយនៅតែមិនឃើញម្ចាស់មកទទួល ឬចូលខ្លួនដោះស្រាយ រដ្ឋបាលក្រុងនឹងចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន។

ទី៣-ការទទួលខុសត្រូវរបស់ម្ចាស់សត្វ៖ រាល់ការចំណាយលើការផ្គត់ផ្គង់ចំណី និងករណីសត្វមានជំងឺ ឬពុលស្លាប់ ក្នុងអំឡុងពេលរក្សាទុក គឺជាបន្ទុក និងជាការទទួលខុសត្រូវទាំងស្រុងរបស់ម្ចាស់សត្វ។

បន្ថែមពីលើនេះ រដ្ឋបាលក្រុងពោធិ៍សាត់ ក៏បានក្រើនរំលឹកដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ ឱ្យចូលរួមសហការរៀបចំសណ្តាប់ធ្នាប់សាធារណៈ ដោយ៖
*មិនត្រូវដាក់តាំងលក់អីវ៉ាន់ ឬសម្ភារផ្សេងៗរំលោភលើដងផ្លូវសាធារណៈ។
*ត្រូវវេចខ្ចប់ និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ នៅតាមផ្ទះ និងតូបលក់ដូរ។
*រាល់ការសាងសង់ ឬចាក់ដីបំពេញ ត្រូវសុំលិខិតអនុញ្ញាតជាមុននៅ ការិយាល័យច្រកចេញចូលតែមួយ នៃរដ្ឋបាលក្រុង។
*ហាមឃាត់ដាច់ខាតការនេសាទត្រីក្នុងទីតាំងហាមឃាត់ (ចាប់ពីទំនប់បង្រៀរក្បាលហុង ដល់ស្ពានថ្មមុខសាលាខេត្ត)។

រដ្ឋបាលក្រុងពោធិ៍សាត់ សង្ឃឹមយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ និងម្ចាស់សត្វទាំងអស់ នឹងចូលរួមសហការជាមួយអាជ្ញាធរ ដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីលើកកម្ពស់សោភ័ណភាព និងប្រឡងប្រណាំងទីក្រុងស្អាតទាំងអស់គ្នា៕