គ្រោះថ្នាក់ចរាចរណ៍នៅផ្លូវចូលសាលាខេត្តត្បូងឃ្មុំ បណ្ដាលឲ្យវេជ្ជបណ្ឌិតនៅមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិសរុប៤រូប រងរបួស
23-10-2026 16:31
(ត្បូងឃ្មុំ)៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅរសៀលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ត្រង់ចំណុចផ្លូវបំបែកចូលសាលាខេត្តត្បូងឃ្មុំ ដោយរថយន្តក្រុងរបស់ក្រុមហ៊ុនវីរៈប៊ុនថាំ បានបុកជាមួយរថយន្តមួយគ្រឿងទៀត បណ្ដាលឲ្យមនុស្សចំនួន ៤នាក់រងរបួស។ ជនរងគ្រោះទាំងបួនរូប ត្រូវបានគេស្គាល់ថា ជាវេជ្ជបណ្ឌិតមកពីមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ។
ប្រភពព័ត៌មានបានឲ្យដឹងថា ក្រុមវេជ្ជបណ្ឌិតទាំងនោះទើបតែបញ្ចប់បេសកកម្មបង្រៀន និងចែករំលែកចំណេះដឹងផ្នែកវេជ្ជសាស្ត្រដល់គ្រូពេទ្យក្នុងខេត្តត្បូងឃ្មុំ ហើយកំពុងធ្វើដំណើរត្រឡប់ទៅរាជធានីភ្នំពេញវិញ ក៏ជួបឧបទ្ទវហេតុដ៏អកុសលនេះ។
ភ្លាមៗក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងស៊ើបអង្កេតរកមូលហេតុពិតប្រាកដនៃគ្រោះថ្នាក់នេះ។ ចំណែកឯជនរងគ្រោះទាំងអស់ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យដែលនៅជិតបំផុត ដើម្បីទទួលការព្យាបាល។
សមត្ថកិច្ចក៏បានអំពាវនាវអ្នកបើកបរទាំងអស់ ឲ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងគោរពច្បាប់ចរាចរណ៍ឲ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងគ្រោះថ្នាក់ជាយថាហេតុ៕


















