រដ្ឋមន្ត្រី ហួត ហាក់ ដឹកនាំកិច្ចប្រជុំត្រៀមរៀបចំពិធីបុណ្យសមុទ្រ លើកទី១២ ជុំទី៤ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ
23-10-2026 16:10
(ព្រះសីហនុ)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មការអន្តរក្រសួងរៀបចំពិធីបុណ្យសមុទ្រ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង ដើម្បីពិនិត្យ និងត្រៀមលក្ខណៈរៀបចំព្រឹត្តិការណ៍បុណ្យសមុទ្រលើកទី១២ ជុំទី៤ ឆ្នាំ២០២៦ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៦ នៅខេត្តព្រះសីហនុ។
ពិធីបុណ្យសមុទ្រឆ្នាំនេះ នឹងប្រព្រឹត្តទៅក្រោមប្រធានបទ «គុណតម្លៃសមុទ្រ៖ សេដ្ឋកិច្ចខៀវផ្សារភ្ជាប់ចីរភាពជីវចម្រុះតំបន់ឆ្នេរសមុទ្រ»។ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកព្រឹត្តិការណ៍ដ៏សំខាន់នេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក សាមុត សុធារិទ្ធ អភិបាលខេត្តស្តីទី តំណាងលោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ, រដ្ឋលេខាធិការប្រចាំការក្រសួងទេសចរណ៍, អនុប្រធាន និងសមាជិកគណៈកម្មការអន្តរក្រសួង ព្រមទាំងតំណាងអង្គការសង្គមស៊ីវិល សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សមាគម ប្រតិបត្តិករទេសចរណ៍ និងវិស័យឯកជន សរុបប្រមាណ ១៥០នាក់។
កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាលើការត្រៀមរៀបចំឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីធានាឱ្យព្រឹត្តិការណ៍បុណ្យសមុទ្រឆ្នាំ២០២៦ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ៕










