FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យប្រព័ន្ធចែកចាយទឹកសហគមន៍នៅស្ទឹងត្រែង ដែលត្រៀមដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

23-10-2026 15:33

(ស្ទឹងត្រែង)៖ ដើម្បីធានាប្រសិទ្ធភាពនៃការផ្គត់ផ្គង់ទឹកស្អាត និងលើកកម្ពស់អនាម័យជូនប្រជាពលរដ្ឋនៅតំបន់ជនបទ លោក ទិត្យ សុផា ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកស្អាតជនបទ បានដឹកនាំក្រុមការងារចុះពិនិត្យផ្ទាល់នូវវឌ្ឍនភាពការងារសាងសង់ប្រព័ន្ធចែកចាយទឹកសហគមន៍ ព្រមទាំងត្រួតពិនិត្យគុណភាពទឹក អាងទឹកអាកាស និងអគាររដ្ឋបាល នៅភូមិវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ។

ការចុះពិនិត្យនេះ គឺដើម្បីត្រៀមរៀបចំដាក់ឱ្យប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗខាងមុខ។

លោក ទិត្យ សុផា បានគូសបញ្ជាក់ថា ការចុះពិនិត្យផ្ទាល់នេះជាជំហានសំខាន់ក្នុងការតាមដាន និងវាយតម្លៃ ដើម្បីធានាថាហេដ្ឋារចនាសម្ព័ន្ធទាំងអស់ត្រូវបានសាងសង់ស្របតាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ និងឆ្លើយតបនឹងតម្រូវការប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។

លោកបានបន្ថែមថា ការអភិវឌ្ឍប្រព័ន្ធទឹកស្អាតនេះ គឺជាសសរស្ដម្ភយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព ព្រមទាំងពង្រឹងសមត្ថភាពសហគមន៍ឱ្យមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

លោក សយ គា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង បានលើកឡើងថា សមិទ្ធផលប្រព័ន្ធទឹកស្អាតសហគមន៍នៅភូមិវាលដេញនេះនឹងជួយកាត់បន្ថយជំងឺដង្កាត់ដែលបណ្តាលមកពីការប្រើប្រាស់ទឹកមិនស្អាត កាត់បន្ថយភាពក្រីក្រ លើកកម្ពស់គុណភាពជីវិត និងជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចក្នុងខេត្តស្ទឹងត្រែងឱ្យមានចីរភាពយូរអង្វែង។

លោក ទិត្យ សុផា ក៏បានណែនាំឱ្យក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនសាងសង់ បន្តយកចិត្តទុកដាក់ខ្ពស់លើគុណភាពសំណង់ និងការពន្លឿនការងារដែលនៅសេសសល់ ដើម្បីឱ្យប្រជាពលរដ្ឋអាចប្រើប្រាស់បានឆាប់រហ័ស និងមានវិសាលភាពគ្របដណ្តប់ទូលំទូលាយ៕