អភិបាលខេត្តព្រៃវែង និងស្ថានទូតចិន សម្ពោធអគារសិក្សាថ្មីនៅសាលារៀនខ្មែរ-ចិនជុងទី នៅស្រុកកំពង់ត្របែក ខេត្តព្រៃវែង
23-10-2026 15:22
(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង និងលោក ជាំង ណាន (JIANG Nan) ភារធារី (Charge d'Affaires) នៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា១ខ្នង កម្ពស់៤ជាន់ ស្មើនឹង២០បន្ទប់ រួមជាមួយសមិទ្ធផលនានាជាច្រើនទៀត ក្នុងសាលារៀនខ្មែរ-ចិនជុងទី។ ពិធីដ៏មហោឡារិកនេះ បានប្រព្រឹត្តទៅនៅក្នុងភូមិចំបក់ ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។
ការសម្ពោធអគារសិក្សាថ្មីនេះ គឺជាសមិទ្ធផលដ៏សំខាន់មួយទៀត ក្នុងវិស័យអប់រំ ដែលនឹងចូលរួមចំណែកយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាពអប់រំ និងផ្តល់បរិយាកាសសិក្សាប្រកបដោយផាសុកភាព សម្រាប់សិស្សានុសិស្សក្នុងតំបន់។ ពិធីនេះក៏មានការចូលរួមពីព្រះសង្ឃ លោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងទាំងបី លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
បន្ទាប់ពីបញ្ចប់ពិធីសម្ពោធអគារសិក្សា លោកអភិបាលខេត្ត រួមជាមួយថ្នាក់ដឹកនាំខេត្ត និងក្រុមការងារ ក៏បានបន្តចុះពិនិត្យវឌ្ឍនភាពការងារនៅមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្របែក ដើម្បីធានាបាននូវការអភិវឌ្ឍគ្រប់វិស័យក្នុងមូលដ្ឋាន។ ការយកចិត្តទុកដាក់នេះបង្ហាញពីការប្តេជ្ញាចិត្តរបស់រដ្ឋបាលខេត្តក្នុងការលើកកម្ពស់ទាំងវិស័យអប់រំ និងសុខាភិបាល ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋ៕

























