FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សូមចូលរួមរំលែកទុក្ខចំពោះមរណភាពវីរកងទ័ព! ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប ដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខន្ធ និងរំលែកទុក្ខគ្រួសារវីរកងទ័ព ថេត ភារ៉ា នៅស្រុកឆែប ខេត្តព្រះវិហារ

23-10-2026 15:12

(ព្រះវិហារ)៖ លោក សំ លាងទ្រី ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកឆែប នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធ និងសម្តែងនូវសមានចិត្តរំលែកទុក្ខដ៏ក្រៀមក្រំជាមួយក្រុមគ្រួសារ នៃសពវីរកងទ័ព ថេត ភារ៉ា អាយុ៣៧ឆ្នាំ ឋានន្តរស័ក្តិនាយចំណង់ អត្តលេខ១៤៩១៥៣ បម្រើការងារនៅកងពលតូចអន្តរាគមន៍លេខ១២៨ មានទីលំនៅភូមិក្រសាំង ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ដែលបានទទួលមរណភាពនៅមន្ទីរពេទ្យបង្អែកខេត្ត១៦ មករា។

នៅក្នុងឱកាសដ៏សែនក្រៀមក្រំនេះ លោក សំ លាងទ្រី និងក្រុមការងារ បានសម្តែងនូវសមានចិត្តសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់វីរកងទ័ព ថេត ភារ៉ា ដែលជាកូនប្រុស បងប្រុស ប្អូនប្រុស និងជាសមាជិកជាទីស្រឡាញ់របស់ក្រុមគ្រួសារ។ ជាមួយគ្នានេះ ការបាត់បង់រូបលោក ក៏ជាការបាត់បង់យោធិនមួយរូប ដែលបានខិតខំបំពេញភារកិច្ចដោយស្មោះត្រង់ និងមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការបម្រើជាតិ និងចូលរួមការពារអធិបតេយ្យភាព និងបូរណភាពទឹកដី។

លោក សំ លាងទ្រី បានចាត់ទុកមរណភាពរបស់វីរកងទ័ព ថេត ភារ៉ា ជាការបាត់បង់ដ៏ធំធេងសម្រាប់ក្រុមគ្រួសារ និងជាការបាត់បង់យោធិនមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត និងបំពេញភារកិច្ចយ៉ាងស្មោះស្ម័គ្រ ដើម្បីបុព្វហេតុជាតិ និងសេចក្តីសុខសន្តិភាពរបស់ប្រជាជនកម្ពុជា។ លោក សំ លាងទ្រី និងក្រុមការងារ បានសម្តែងនូវសមានចិត្តចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារ និងសាច់ញាតិនៃសព ព្រមទាំងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធវីរកងទ័ព ថេត ភារ៉ា សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕