FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តបាត់ដំបង ដឹកនាំប្រារព្ធទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ «ចូលរួមយុទ្ធនាការសម្អាតភូមិដ្ឋានយើងទូទាំងខេត្តបាត់ដំបង»

23-10-2026 15:06

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានអញ្ជើញជាអធិបតី ក្នុងការប្រារព្ធធ្វើទិវាសម្អាតអនាម័យបរិស្ថាន ក្រោមប្រធានបទ ចូលរួមយុទ្ធនាការសម្អាតភូមិដ្ឋានយើង ដើម្បីបណ្តុះស្មារតី ក្នុងការធ្វើអនាម័យបរិស្ថាន និងលើកកម្ពស់សុខមាលភាពរបស់ប្រជាពលរដ្ឋទូទាំងខេត្តបាត់ដំបង នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅបរិវេណសួនវិមានឯករាជ្យខេត្តបាត់ដំបង។

លោកលើកឡើងពីការអប់រំឱ្យពលរដ្ឋទូទៅចេះញែកសំរាម និងទុកដាក់កាកសំណលឱ្យបានត្រឹមត្រូវ។ លោកបានណែនាំ ឱ្យមានការជូនដំណឹង និងណែនាំដល់រដ្ឋបាលក្រុង ស្រុក ត្រូវបង្កើតក្រុម ការងារទទួលខុសត្រូវ តាមដានត្រួតពិនិត្យលើកិច្ចការសំអាតអនាម័យបរិស្ថានតាមបណ្តាក្រុងស្រុកទាំងអស់។

បន្ថែមពីនេះទៅទៀត យុទ្ធនាការដែលធ្វើឡើងក្នុងថ្ងៃតែមួយនេះ មិនមែនជាព្រឹត្តិការណ៍ធ្វើឡើងតែមួយដងមួយកាល រួចក៏បញ្ចប់ទៅនោះទេ ប៉ុន្តែវាគឺជាចំណុចចាប់ផ្តើមនៃចលនាអនាម័យ បរិស្ថាន បន្តរហូតជាប្រចាំ ដើម្បីជំរុញសកម្មភាពសម្អាតភូមិដ្ឋាននេះជាបន្តបន្ទាប់ សំដៅផ្លាស់ប្តូរឥរិយាបថ និងបណ្តុះគំនិត «រស់នៅស្អាត ភូមិឋានបៃតង» ឱ្យចាក់ឫសយ៉ាងមាំ ក្នុងស្មារតីរបស់ប្រជាពលរដ្ឋគ្រប់រូប និងគ្រប់ជំនាន់។

លោកបង្ហាញពីគោលបំណងក្នុងការប្រែក្លាយក្រុងបាត់ដំបង ធ្វើយ៉ាងឱ្យក្លាយជាទីក្រុងវៃឆ្លាត ស្អាត បៃតង និងអាចដើរបាន។

សូមបញ្ជាក់ថា ក្រោមគំនិតផ្តួចផ្តើម និងចង្អុលបង្ហាញណែនាំពី លោក សុខ លូ អភិបាលខេត្ត យុទ្ធនាការក្រោមប្រធានបទ «ចូលរួមយុទ្ធនាការសម្អាត ភូមិដ្ឋានយើង» មានអត្ថន័យធំធេងណា ស់ដោយមានការអនុវត្តព្រមៗគ្នា ទូទាំងខេត្តក្នុងថ្ងៃតែមួយ នៅខណៈពេលដែលកំពុងប្រារព្ធពិធីនៅទីនេះ នៅតាមបណ្តាសង្កាត់ ភូមិឋាន ទីប្រជុំជន សាលារៀន វត្តអារាម វិហារសាសនា និងតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋទូទាំងខេត្ត ក៏កំពុងតែរៀបចំសកម្មភាពប្រមូល និងសម្អាតអនាម័យ បរិស្ថានយ៉ាងសកម្មដូចគ្នាផងដែរ៕