កម្មវិធី «Open Day» លើកទី៣ នៃក្រុមហ៊ុន ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ
23-10-2026 15:10
(ភ្នំពេញ)៖ នាថ្ងៃសុក្រ ទី២៣ ខែតុលា ឆ្នាំ ២០២៦ ក្រុមហ៊ុន ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ បានរៀបចំកម្មវិធី «Open Day» លើកទី៣ ក្រោមប្រធានបទ «ដំណើរឆ្ពោះទៅកាន់សុភមង្គលដ៏ស្រស់បំព្រង តាមរយៈផ្លូវល្បឿនលឿន» នៅមជ្ឈមណ្ឌលថែទាំនិងប្រតិបត្តិការផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុប្រកបដោយជោគជ័យ។ លោកស្រី ប៉េង លក្ខិណា នាយិការងវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស (NTTI) បានដឹកនាំសាស្រ្ដាចារ្យ និងនិស្សិតជាង៥០រូប មកទស្សនកិច្ចផ្លូវល្បឿនលឿន ដើម្បីស្វែងយល់អំពីសមិទ្ធផលនៃការអនុវត្តបច្ចេកវិទ្យាឆ្លាតវៃ និងការផ្តល់សេវាកម្មដោយធនធានមនុស្សក្នុងស្រុក ព្រមទាំងឃើញផ្ទាល់នូវបច្ចេកវិទ្យាចិន និងកម្លាំងចលករកម្ពុជា ដែលរួមចំណែកកសាង «វិថីសុភមង្គល» មួយខ្សែនេះ។
កម្មវិធី «Open Day » លើកនេះ មានគោលបំណងបង្កើតវេទិកាផ្លាស់ប្តូររវាងគ្រឹះស្ថានអប់រំ និងសហគ្រាស ព្រមទាំងបង្ហាញពីសមិទ្ធផលរបស់ក្រុមហ៊ុនក្នុងការធ្វើប្រតិបត្តិការឆ្លាតវៃ ការគ្រប់គ្រងយ៉ាងយកចិត្តទុកដាក់ ការបណ្តុះបណ្តាលធនធានមនុស្សក្នុងស្រុក និងការផ្ទេរបច្ចេកវិទ្យា។ ក្នុងអំឡុងកម្មវិធី សាស្រ្ដាចារ្យ និងនិស្សិតនៃវិទ្យាស្ថាន NTTI បានទស្សនាស្ថានីយទូទាត់ប្រាក់ភ្នំពេញ មជ្ឈមណ្ឌលផ្តល់សេវាកម្ម ETC បរិវេណមជ្ឈមណ្ឌលប្រតិបត្តិការ ច្រករបៀងវប្បធម៌សហគ្រាស និងមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាព។ នៅមុខអេក្រង់ធំនៃមជ្ឈមណ្ឌលកាមេរ៉ាសុវត្ថិភាព អ្នកចូលរួមបានសង្កេតមើលដំណើរការប្រព័ន្ធត្រួតពិនិត្យចរាចរណ៍ឆ្លាតវៃដែលដំណើរការគ្រប់ពេលវេលា និងគ្របដណ្តប់លើផ្លូវល្បឿនលឿន។ ការតាមដានលំហូរចរាចរណ៍តាមពេលវេលាជាក់ស្តែង ការតាមដានបម្រែបម្រួលស្ថានភាពផ្លូវ និងការឆ្លើយតបបន្ទាន់ចំពោះហេតុការណ៍ផ្សេងៗ ត្រូវបានអនុវត្តដោយមានការតភ្ជាប់គ្នាជាប្រព័ន្ធ ដែលឆ្លុះបញ្ចាំងពីកម្រិតទំនើបកម្មនៃការគ្រប់គ្រងប្រតិបត្តិការផ្លូវល្បឿនលឿនទាំងមូល។ តាមរយៈការទស្សនាវីដេអូ អ្នកចូលរួមក៏បានស្វែងយល់កាន់តែស៊ីជម្រៅអំពីការគ្រប់គ្រងប្រតិបត្តិការ ការកសាងស្តង់ដា ការបណ្តុះបណ្តាលបុគ្គលិក ការគ្រប់គ្រងសុវត្ថិភាព ការអភិវឌ្ឍធនធានមនុស្សដែលជាកម្លាំងចលករថ្មី និងការអភិវឌ្ឍបៃតងជាដើម។
ក្នុងសុន្ទរកថាស្វាគមន៍ លោក FANG XISHENG អគ្គនាយកក្រុមហ៊ុន បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់គ្រូបង្រៀន និងនិស្សិតនៃវិទ្យាស្ថាន NTTI។ លោកបានលើកឡើងថា ក្រុមហ៊ុនតែងតែយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា និងខិតខំបង្កើតឱកាសឱ្យបុគ្គលិកបានរៀនជំនាញ ពង្រឹងសមត្ថភាព និងបញ្ចេញទេពកោសល្យ។ តាមរយៈការអនុវត្តការងារជាក់ស្តែង ការណែនាំបង្ហាត់បង្រៀនពីអ្នកមានបទពិសោធន៍ និងការបណ្តុះបណ្តាលជំនាញជាប្រព័ន្ធ បុគ្គលិកវ័យក្មេងជាច្រើនបានរីកចម្រើនជាបន្តបន្ទាប់ រហូតក្លាយជាបុគ្គលិកស្នូលដែលអាចទទួលបន្ទុកការងារដោយឯករាជ្យ ហើយសម្រេចបាននូវតម្លៃ និងការរីកចម្រើនផ្ទាល់ខ្លួន ព្រមទាំងចូលរួមជំរុញការអភិវឌ្ឍរបស់ក្រុមហ៊ុន។ ការរៀបចំកម្មវិធី « Open Day » លើកនេះ មានគោលបំណងបង្ហាញដល់សាស្រ្ដាចារ្យ និងនិស្សិតនូវការងារគ្រប់គ្រងប្រតិបត្តិការប្រចាំថ្ងៃជាក់ស្តែងរបស់ក្រុមហ៊ុន និងធ្វើឱ្យអ្នកចូលរួមយល់ឃើញដោយផ្ទាល់ពីការបម្លែងចំណេះដឹងទ្រឹស្តីទៅជាសមត្ថភាពអនុវត្ត បង្កើនការយល់ដឹងអំពីគុណសម្បត្តិវិជ្ជាជីវៈ និងការទទួលខុសត្រូវតាមមុខតំណែង ដើម្បីជួយនិស្សិតកំណត់ទិសដៅសិក្សា និងរៀបចំផែនការអភិវឌ្ឍអាជីព។
លោកបានបន្ដបញ្ជាក់ថាទៀត ក្រុមហ៊ុនរំពឹងថាកម្មវិធីនេះជាឱកាសពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងរវាងភាគីទាំងពីរ ដោយផ្តោតលើការផ្សារភ្ជាប់ការសិក្សាជំនាញទៅនឹងការអនុវត្តការងារ និងស្វែងរកលទ្ធភាពសហការលើការចុះកម្មសិក្សា ការហ្វឹកហាត់អនុវត្ត ការផ្លាស់ប្តូរព័ត៌មានអំពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញ ដើម្បីឱ្យការបណ្តុះបណ្តាលធនធានមនុស្សរបស់វិទ្យាស្ថានកាន់តែឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់សហគ្រាស។
ជាមួយគ្នានេះផងដែរ តំណាងបុគ្គលិកបានធ្វើការចែករំលែកបទពិសោធន៍នៃការរីកចម្រើនក្នុងមុខតំណែងការងាររបស់ខ្លួន ក្រោមប្រធានបទ «ខ្ញុំនិង ផ្លូវល្បឿនលឿនរីកចម្រើនជាមួយគ្នា»ដោយបានរៀបរាប់អំពីរឿងរ៉ាវជីវិត ចាប់តាំងពីការចូលបំពេញការងារដំបូង រហូតដល់ការស្ទាត់ជំនាញវិជ្ជាជីវៈជាបន្តបន្ទាប់ ការជម្នះការលំបាកក្នុងថ្នាក់ការងាររហូតក្លាយជាបុគ្គលិកស្នូលរបស់ក្រុមហ៊ុន។
ក្នុងមតិសំណេះសំណាល លោកស្រី ប៉េង លក្ខិណា នាយិការងវិទ្យាស្ថាន NTTI បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានរៀបចំកម្មវិធី «Open Day » លើកនេះយ៉ាងយកចិត្តទុកដាក់។ លោកស្រីមានប្រសាសន៍ថា ការអនុវត្តរបស់ក្រុមហ៊ុនក្នុងការផ្ទេរបច្ចេកវិទ្យា និងការបណ្តុះបណ្តាលធនធានមនុស្សកម្ពុជា បានផ្តល់ជាគំនិត និងបទពិសោធន៍ដ៏មានតម្លៃ។ កម្មវិធីនេះក៏បានផ្តល់ឱកាសសិក្សាផ្ទាល់ដ៏មានតម្លៃសម្រាប់សាស្រ្ដាចារ្យ និងនិស្សិតរបស់វិទ្យាស្ថាន។ លោកស្រីរំពឹងថា ភាគីទាំងពីរនឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សា និងសហគ្រាស ដើម្បីរួមគ្នាបណ្តុះបណ្តាលធនធានមនុស្សជំនាញដែលមានគុណភាពខ្ពស់ឱ្យកាន់តែច្រើន សម្រាប់ការអភិវឌ្ឍវិស័យដឹកជញ្ជូនកម្ពុជា។
ក្រៅពីនេះ ក្រុមហ៊ុនក៏បានរៀបចំនូវការប្រកួតកីឡាវាយសីមិត្តភាព ដើម្បីឱ្យលោកគ្រូ អ្នកគ្រូ និងប្អូនៗនិស្សិត បង្កើនការផ្លាស់ប្តូរ និងការយល់ដឹងពីគ្នាទៅវិញទៅមកក្នុងបរិយាកាសស្និតស្នាល និងសប្បាយរីករាយ ព្រមទាំងទទួលបាននូវបទពិសោធន៍ផ្ទាល់ពីវប្បធម៌សហគ្រាសប្រកបដោយថាមពល និងភាពសកម្មរបស់ផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ។
នាពេលអនាគត ក្រុមហ៊ុនផ្លូវល្បឿនលឿន ភ្នំពេញ-ក្រុងព្រះសីហនុ នឹងបន្តបំពេញកាតព្វកិច្ចទំនួលខុសត្រូវសង្គមដោយយកចិត្តទុកដាក់លើការបណ្តុះបណ្តាលធនធានមនុស្ស ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងគ្រឹះស្ថានសិក្សា និងសហគ្រាសជាបន្ដបន្ទាប់ទៀត៕








