ក្រសួងយុត្តិធម៌ បដិសេធការចោទប្រកាន់គ្មានមូលដ្ឋានរបស់ម្ចាស់គណនី «Dara Vong» និងទាមទារឱ្យកែតម្រូវជាបន្ទាន់ ព្រមទាំងរក្សាសិទ្ធិចាត់វិធានការច្បាប់
23-10-2026 14:49
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញសេចក្តីបំភ្លឺច្រានចោលទាំងស្រុងនូវការចោទប្រកាន់មួលបង្កាច់របស់ម្ចាស់គណនី Facebook ឈ្មោះ Dara Vong ដែលបានផ្សព្វផ្សាយវីដេអូប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនៃវិស័យយុត្តិធម៌ ពាក់ព័ន្ធនឹងការចោទថា មានភាពមិនប្រក្រតី ឬអំពើពុករលួយក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រី និងការរត់ការមុខតំណែង ដោយគ្មានភស្តុតាងជាក់លាក់។ ជាមួយគ្នានេះ ក្រសួងបានទាមទារឱ្យបុគ្គលរូបនេះធ្វើការកែតម្រូវជាបន្ទាន់ ព្រមទាំងរក្សាសិទ្ធិចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។
ផ្អែកតាមសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ជូនសាធារណជននូវចំណុចសំខាន់ៗចំនួន ៣ រួមមាន៖
ទី១. ការទទួល និងពិនិត្យព័ត៌មានអំពីភាពមិនប្រក្រតីនៅតុលាការ៖ ក្រសួងយុត្តិធម៌តែងតែស្វាគមន៍ការផ្តល់ព័ត៌មាន និងការដាក់ពាក្យបណ្តឹងនានាពាក់ព័ន្ធនឹងចំណាត់ការសំណុំរឿងនៅតុលាការ ដើម្បីពិនិត្យ ស្រាវជ្រាវ និងដោះស្រាយតាមសមត្ថកិច្ចស្របតាមច្បាប់ជាធរមាន។ ក្នុងនីតិកាលទី៧ នៃរដ្ឋសភា ក្រសួងបានដាក់ចេញយុទ្ធនាការទទួលពាក្យបណ្តឹង និងបង្កើតគណៈកម្មការពិសេសសម្រាប់ដោះស្រាយបញ្ហានេះ។ អ្នកនាំពាក្យបានសម្តែងការសោកស្តាយ ដែលព័ត៌មានមិនប្រក្រតីជាយថាហេតុណាមួយ មិនត្រូវបានរាយការណ៍មកកាន់យន្តការផ្លូវការ។ ចំពោះករណីតវ៉ារបស់លោក Dara Vong ក្រសួងស្នើឱ្យរូបលោកផ្តល់ព័ត៌មានលម្អិត និងភស្តុតាងជាក់ស្តែង ដើម្បីឱ្យការពិនិត្យអាចផ្អែកលើអង្គហេតុ អង្គច្បាប់ និងភស្តុតាងពិតប្រាកដ។
ទី២. ភាពម៉ឺងម៉ាត់ និងតម្លាភាពក្នុងការប្រឡងប្រជែងជ្រើសរើសមន្ត្រីយុត្តិធម៌៖ ក្នុងក្របខ័ណ្ឌកំណែទម្រង់វិស័យយុត្តិធម៌ ការប្រឡងប្រជែងជ្រើសរើសមន្ត្រីត្រូវបានរឹតបន្តឹងជាបន្តបន្ទាប់ ដោយឈរលើគោលការណ៍ «អ្នកចេះជាងគេ គឺជាប់» ប្រកបដោយតម្លាភាព និងសុចរិតភាព។ ដំណើរការប្រឡង តាំងពីការរៀបចំវិញ្ញាសា ការកែសន្លឹកកិច្ចការ បូកសរុបពិន្ទុ រហូតដល់ការប្រកាសលទ្ធផល ត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់ ដោយមានការចូលរួមសង្កេតការណ៍ និងត្រួតពិនិត្យផ្ទាល់ពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ផងដែរ។ ហេតុនេះ ការអះអាងរបស់បុគ្គលណាម្នាក់មិនអាចយកជាមូលដ្ឋានសន្និដ្ឋានថា ការប្រឡងទាំងមូលមានភាពមិនប្រក្រតីនោះឡើយ។
ទី៣. ការតែងតាំងមុខតំណែងមន្ត្រីតុលាការ ផ្អែកលើគោលការណ៍គុណាធិបតេយ្យ៖ ការតែងតាំងមុខតំណែងមន្ត្រីតុលាការ ពិសេសចៅក្រម និងព្រះរាជអាជ្ញា គឺជាសមត្ថកិច្ចរបស់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ដែលត្រូវបានរៀបចំឡើងផ្អែកលើគោលការណ៍ច្បាប់ និងគុណាធិបតេយ្យ ដើម្បីធានាតម្លាភាព សាមគ្គីភាព និងយុត្តិធម៌។ ការលើកឡើងតាមការឮតៗគ្នា ឬការប៉ាន់ស្មាន មិនមែនជាមូលដ្ឋានគ្រប់គ្រាន់ក្នុងការសន្និដ្ឋានឡើយ។
អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ការលើកឡើងក្នុងវីដេអូរបស់ម្ចាស់គណនី Dara Vong គឺធ្វើឡើងដោយគ្មានមូលដ្ឋានច្បាស់លាស់។ ទោះជាយ៉ាងណា ក្រសួងនៅតែលើកទឹកចិត្ត និងស្វាគមន៍ឱ្យម្ចាស់គណនីរូបនេះ នាំយកភស្តុតាងជាក់លាក់មកដាក់ពាក្យបណ្តឹងជាផ្លូវការនៅក្រសួងយុត្តិធម៌ ឬនៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ដើម្បីឱ្យសមត្ថកិច្ចធ្វើការស្រាវជ្រាវស្វែងរកការពិត និងចាត់វិធានការតាមនីតិវិធី។
ទន្ទឹមនឹងនេះ ក្រសួងយុត្តិធម៌បានសង្កត់ធ្ងន់ថា អំពើបំភ្លៃការពិតក្នុងចេតនាទុច្ចរិតខាងលើ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរនៃស្ថាប័នរដ្ឋ និងវិស័យយុត្តិធម៌។ ក្នុងស្មារតីនេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ ទាមទារឱ្យលោក Dara Vong ធ្វើការកែតម្រូវជាបន្ទាន់នូវការសន្និដ្ឋានដែលគ្មានភស្តុតាងរបស់ខ្លួន ហើយក្រសួងរក្សាសិទ្ធិចាត់វិធានការសមស្រប ដើម្បីឱ្យបុគ្គលរូបនេះទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន៕




