បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ រៀបចំប្រជុំផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ កងរាជអាវុធហត្ថខេត្ដ
23-10-2026 14:29
(បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី១ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីផ្សព្វផ្សាយការងារសោធននិវត្តន៍ ឆ្នាំ២០២៧ កងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ។
ពិធីនេះ ក៏មានការចូលរួមពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ មេបញ្ជាការរង នាយសេនាធិការរង ប្រធាន-អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង-ស្រុក ទាំង និង យោធិន នៃកងរាជអាវុធហត្ថដល់អាយុចូលនិវត្តន៍ទាំងអស់ នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ដបន្ទាយមានជ័យ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានរាយការណ៍សង្ខេបពីស្ថានភាពបច្ចុប្បន្ន ការងារគ្រប់គ្រងយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្នុងនោះ យោធិនដល់អាយុសោធននិវត្តន៍ ឆ្នាំ២០២៧ និងឆ្នាំ២០២៦ចុះ សរុបចំនួន៥៨នាក់/ស្រី០២នាក់។
នាឱកាសនោះ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី បាននាំការផ្តាំផ្ញើសួរសុខទុក្ខ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស ជូនដល់កម្លាំងកងរាជអាវុធហត្ថទាំងអស់ និងជម្រាបជូនអង្គពីធីអំពីច្បាប់ស្តីពីរបបសោធននិវត្តន៍ និងសោធនបាត់បង់សមត្ថភាពការងារ ចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ដែលត្រូវបានប្រកាសឱ្យប្រើប្រាស់ដំបូង នៅក្នុងឆ្នាំ១៩៩៤ និងត្រូវបានធ្វើវិសោធនកម្មជាបន្តបន្ទាប់ (រួមទាំងការធ្វើបច្ចុប្បន្នភាព តាមរយៈច្បាប់ស្តីពីរបបសន្តិសុខសង្គម)។ ច្បាប់នេះបង្កើតឡើងដើម្បីគ្រប់គ្រងការពារ និងផ្តល់អត្ថប្រយោជន៍ដល់យោធិនដែលបានបំពេញភារកិច្ចបម្រើជាតិ។
លោកស្រីឧត្ដមសេនីយ៍ទោ បានបញ្ជាក់ថា បើទោះបីជាយោធិនចូលនិវត្តន៍យ៉ាងណាក៏ដោយ ក្នុងនាមមហាគ្រួសារកងរាជអាវុធហត្ថ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោកបានបង្កើតមូលនិធិចំនួន២ គឺ ១៖ មហាគ្រួសារអាវុធហត្ថ ដើម្បីជួយទ្រទ្រង់ អាវុធហត្ថដែលបម្រើរការងារនៅក្នុងជួរ បើពលី រមណៈ មិនពាក់ព័ន្ធបទល្មើស លោកមេបញ្ជាការ និងឧបត្ថម្ភថវិកាផ្ទាល់ខ្លួនចំនួន៥លានរៀល និងមានការចូលរួមបន្ថែមពីមហាគ្រួសារកងរាជអាវុធហត្ថបន្ថែមទៀត, ២៖ មូលនិធិ អតីតមហាគ្រួសារកងរាជអាវុធហត្ថ សម្រាប់កងរាជអាវុធហត្ថចូលនិវត្តន៍ ពិការ ទទួលមរណភាព មូលនិធិ និងឧបត្ថម្ភដល់គ្រួសារសពចំនួន៥លានរៀល។
លោកស្រីឧត្តមសេនីយ៍ទោបានបញ្ជាក់ទៀតថា ថវិកាមូលនិធិនេះបានមកពីការចូលរួមស្ម័គ្រចិត្តរបស់យោធិន នៃកងរាជអាវុធហត្ថ។ លោកស្រីឧត្តមសេនីយ៍ទោ ហ៊ាង ឆវី ក៏បានបញ្ជាក់អំពីការលះបង់របស់បងប្អូនយោធិន នៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យទាំងអស់ ដែលបានលះបង់គ្រប់បែបយ៉ាង ក្នុងបុព្វហេតុការពារបូរណភាពទឹកដី រហូតមានពលីជីវិតក្នុងសមរភូមិ។ គុណតម្លៃនៃការលះបង់នេះ ត្រូវបានប្រជាជនកម្ពុជាចងចាំមិនភ្លេច និងគោរពដឹងគុណចំពោះការពលីដ៏អង់អាចក្លាហានរបស់វីរៈកងទ័ព វីរៈនគរបាល វីរៈកងរាជអាវុធហត្ថដែលបានពលីក្នុងសមរភូមិ ក្នុងការ ការពារទឹកដី អាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាជន ពីអំពើនៃការឈ្លានពានរបស់ប្រទេសសៀម៕






























