FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងកសិកម្ម បន្តជំរុញសេវាគន្លឹះចំនួន ៣ និងស្តង់ដារ GAP ដើម្បីបង្កើនសមត្ថភាពប្រកួតប្រជែងកសិផលខ្មែរលើទីផ្សារអន្តរជាតិ

23-10-2026 14:28

(ភ្នំពេញ)៖ នាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាននិងកំពុងបន្តពង្រឹងការអនុវត្តសេវាស្នូលសំខាន់ៗចំនួន ៣ ព្រមទាំងការជំរុញស្តង់ដារកសិកម្មល្អ (Good Agricultural Practices – GAP) សំដៅបង្កើនប្រសិទ្ធភាពផលិតកម្ម លើកកម្ពស់គុណភាព និងសុវត្ថិភាពកសិផល និងជួយបើកច្រកទីផ្សារនាំចេញកសិផលកម្ពុជាទៅកាន់ឆាកអន្តរជាតិឱ្យកាន់តែទូលំទូលាយ។

ការបញ្ជាក់នេះ ត្រូវបានធ្វើឡើងដោយ លោកបណ្ឌិត កែ មុន្ធីវុធ ប្រធាននាយកដ្ឋានការពារដំណាំ អនាម័យ និងភូតគាមអនាម័យ ក្នុងកិច្ចពិភាក្សាតុមូលស្តីពី «ការបំពេញតម្រូវការទីផ្សារ៖ ស្តង់ដារ អនុលោមភាពអនាម័យ និងភូតគាមអនាម័យ និងការចូលទៅកាន់ទីផ្សារនៃផលិតផលកសិស្បៀងអាហាររបស់កម្ពុជា» ក្នុងវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា ឆ្នាំ២០២៦ (CAFE26) នាថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ។

លោកបណ្ឌិត កែ មុន្ធីវុធ បានគូសបញ្ជាក់ថា ដើម្បីគាំទ្រដល់ខ្សែច្រវាក់ផលិតកម្មកសិកម្មឱ្យឆ្លើយតបទៅនឹងស្តង់ដារទីផ្សារអន្តរជាតិ នាយកដ្ឋានបាននិងកំពុងបន្តអនុវត្តសេវាគន្លឹះចំនួន ៣ រួមមាន៖
• ទី១. ការផ្ទេរចំណេះដឹង និងបណ្តុះបណ្តាលបច្ចេកទេសដល់កសិករនៅទីតាំងផលិតផ្ទាល់៖ ការងារនេះជួយឱ្យកសិករចេះកំណត់អត្តសញ្ញាណ និងគ្រប់គ្រងសត្វល្អិតចង្រៃព្រមទាំងជំងឺលើដំណាំបានត្រឹមត្រូវ និងទាន់ពេលវេលា។ ក្នុងករណីចាំបាច់ដែលត្រូវប្រើប្រាស់ថ្នាំកសិកម្ម កសិករត្រូវបានណែនាំឱ្យយល់ដឹងពីក្បួនខ្នាតបច្ចេកទេស និងសុវត្ថិភាព ដើម្បីកាត់បន្ថយហានិភ័យនៃសំណល់គីមីក្នុងកសិផល និងធានាថាទិន្នផលសម្រេចបានស្របតាមស្តង់ដារតម្រូវ។

• ទី២. ការជំរុញការអនុវត្តកសិកម្មល្អ (GAP) និងការចុះបញ្ជីទទួលវិញ្ញាបនបត្រ៖ ការផលិតស្របតាមស្តង់ដារ GAP គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ក្នុងការកាត់បន្ថយហានិភ័យនៃខ្សែច្រវាក់ផលិតកម្ម និងជាលិខិតឆ្លងដែនបើកផ្លូវឱ្យកសិផលកម្ពុជាមានឱកាសប្រកួតប្រជែង និងឈានជើងចូលទីផ្សារនាំចេញផ្លូវការ។

• ទី៣. ការផ្សព្វផ្សាយ និងពង្រឹងការយល់ដឹងអំពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យ៖ ផ្តោតការយកចិត្តទុកដាក់ជាពិសេសដល់ក្រុមហ៊ុននាំចេញ និងវិស័យឯកជន ដើម្បីឱ្យពួកគេយល់ច្បាស់ពីរបាំងបច្ចេកទេស និងបទប្បញ្ញត្តិរបស់ប្រទេសជាដៃគូនាំចូល។ ការយល់ដឹងនេះ នឹងក្លាយជាទុនជួយឱ្យក្រុមហ៊ុននាំចេញអាចសហការយ៉ាងរឹងមាំជាមួយកសិករ និងដៃគូពាក់ព័ន្ធ ធានាឱ្យផលិតផលសម្រេចបានអនុលោមភាពតាមតម្រូវការទីផ្សារគោល។

ក្រៅពីសេវាស្នូលទាំងបីខាងលើ ការពង្រឹងសមត្ថភាពបច្ចេកទេស និងការធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធមន្ទីរពិសោធន៍ជាតិ គឺជាកិច្ចការមិនអាចខ្វះបានក្នុងការគាំទ្រដល់ប្រព័ន្ធត្រួតពិនិត្យគុណភាព និងសុវត្ថិភាពកសិផល ដែលគ្របដណ្តប់តាំងពីដំណាក់កាលរៀបចំដី ដំណើរការដាំដុះ រហូតដល់ការប្រមូលផល និងការវេចខ្ចប់ត្រៀមនាំចេញ។

ជាមួយគ្នានេះ តំណាងស្ថាប័នជំនាញក៏បានអំពាវនាវ និងលើកទឹកចិត្តដល់ក្រុមហ៊ុននាំចេញ និងវិស័យឯកជន ដែលមានបំណងស្វែងយល់ ឬពង្រឹងសមត្ថភាពក្រុមការងារលើការងារការពារដំណាំ អាចទាក់ទងមកកាន់អគ្គនាយកដ្ឋានកសិកម្ម ដើម្បីស្នើសុំសេវាបច្ចេកទេស និងការគាំទ្រនានា។

ការបន្តពង្រឹងការផ្តល់សេវា ការលើកកម្ពស់ស្តង់ដារបច្ចេកទេស និងការផ្សព្វផ្សាយព័ត៌មានភូតគាមអនាម័យដែលត្រឹមត្រូវ គឺជាកាតាលីករដ៏សំខាន់ក្នុងការជំរុញផលិតកម្មកសិកម្មកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព និរន្តរភាព និងបង្កើនកិត្យានុភាពនៃកសិផលខ្មែរនៅលើឆាកអន្តរជាតិ៕