អ្នកនាំពាក្យ៖ ទឹកលិចនៅភ្នំពេញ មិនយូរដូចឆ្នាំមុន!
23-10-2026 14:10
(ភ្នំពេញ)៖ អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ស្ថានភាពទឹកលិចតាមផ្លូវមួយចំនួនក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ មិនមានរយៈពេលយូរថ្ងៃនោះឡើយ សម្រាប់ឆ្នាំនេះ បើប្រៀបជាមួយស្ថានភាពឆ្នាំមុន។
នៅប៉ុន្មានថ្ងៃមកនេះ ក្រោយភ្លៀងធ្លាក់ជាប់គ្នា បានបណ្តាលឲ្យទឹកជន់លិចតាមផ្លូវមួយចំនួន ដែលធ្វើឲ្យពលរដ្ឋពិបាកធ្វើដំណើរ។ ស្ថានភាពទឹកលិចផ្លូវទាំងនេះ ក៏មានពលរដ្ឋលើកឡើងពីកត្តាប្រឡាយមួយចំនួន ដែលមិនសូវបានស្តារ ជាហេតុនាំឲ្យរាំងស្ទះលំហូរទឹកដែលជន់លិចទាំងនេះផងដែរ។
ពាក់ព័ន្ធនឹងការងារស្តារប្រឡាយនេះ លោកស្រី ដោ សម្ផស្ស អ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានឆ្លើយតបថា ការងារទាំងនេះ ត្រូវបានក្រុមការងារជំនាញ និងអាជ្ញាធរធ្វើជាប់ជាប្រចាំ ហើយស្ថានភាពទឹកលិចក៏មិនមានរយ:ពេលយូរដែរ។
លោកស្រី ដោ សម្ផស្ស បានបញ្ជាក់យ៉ាងដូច្នេះថា «ការងារស្តារប្រឡាយត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ សម្រុកធ្វើតាំងពីរដូវប្រាំងមកម្ល៉េះ បានជាច្រើនខ្សែជាបន្តបន្ទាប់ហើយ ដោយមានទាំងគម្រោងហិរញ្ញប្បទានរបស់រាជរដ្ឋាភិបាលតាមរយៈក្រសួងពាក់ព័ន្ធផងដែរ»។
លោកស្រីបានបន្តថា «ជាលទ្ធផល នៃគម្រោងទាំងនេះ ឃើញថាស្ថានភាពនៃការជន់លិចក៏មិនមានរយៈពេលយូរថ្ងៃ ដូចឆ្នាំកន្លងមកដែរ។ ការជន់លិចអាចនៅមានដោយសារស្ដានភាពភ្លៀងជាប់ៗគ្នាជាច្រើន ប៉ុន្តែយ៉ាងណា អាជ្ញាធរ រួមទាំងមន្ទីរជំនាញមិនបានទំនេរដៃដោះស្រាយនោះទេ។ សូមមេត្តាយោគយល់អធ្យាស្រ័យចំណោះករណីនេះ»៕



