រដ្ឋបាលស្រុកតាំងគោក សហការជាមួយក្រុមគ្រូពេទ្យមកពីម៉ាឡេស៊ី ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋនៅឃុំទ្រៀល
23-10-2026 14:10
(កំពង់ធំ)៖ រដ្ឋបាលស្រុកតាំងគោក និងក្រុមគ្រូពេទ្យ មុនឌុន មកពីប្រទេសម៉ាឡេស៊ី និងក្រុមគ្រូពេទ្យនៃការិយាល័យស្រុកប្រតិបត្តិបារាយណ៍-សន្ទុក និងដោយមានការសម្របសម្រួលពីកញ្ញា ឌីង អេស្ទ័រ ម្ចាស់ផ្ទះស្នាក់ Home Stay និងមានការឧបត្ថម្ភថ្នាំពេទ្យ និងសម្ភារវេជ្ជសាស្ត្រមួយចំនួនពីសំណាក់សប្បុរសជន និងមន្ទីរសម្រាកព្យាបាលនានាក្នុងមូលដ្ឋានស្រុក នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានរៀបចំកម្មវិធីពិនិត្យសុខភាព និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំទ្រៀល ស្រុកតាំងគោក ខេត្តកំពង់ធំ។
ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ហាក់ ម៉ងហួត អភិបាលស្រុកតាំងគោក ព្រមទាំងមានការចូលរួមយ៉ាងសកម្មពីសំណាក់ក្រុមគ្រូពេទ្យជំនាញ និងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននាក់ទៀតផងដែរ។
ថ្លែងនាឱកាសនោះលោក ហាក់ ម៉ងហួត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខយ៉ាងកក់ក្តៅពីសំណាក់ថ្នាក់ដឹកនាំជាន់ខ្ពស់ ជាពិសេសសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក នួន ផារ័ត្ន អភិបាលខេត្តកំពង់ធំ។
លោកអភិបាលស្រុក ហាក់ ម៉ុងហួត ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកញ្ញា ឌីង អេស្ទ័រ ដែលតែងតែចូលរួមយ៉ាងសកម្មក្នុងកិច្ចការមនុស្សធម៌ ជាពិសេសលើវិស័យអប់រំ និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តម៉ាឡេស៊ី រួមទាំងក្រុមគ្រូពេទ្យក្នុងស្រុក ដែលបានលះបង់ពេលវេលា និងកម្លាំងកាយចិត្តមកចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកកម្ពស់សុខុមាលភាព និងបំពេញបន្ថែមលើវិស័យសុខាភិបាលជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
បន្ថែមពីលើនេះលោកបានគូសបញ្ជាក់អំពីការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល ចំពោះប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ ក្នុងការទទួលបានសេវាពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ប្រកបដោយគុណភាព។ ទន្ទឹមនឹងសកម្មភាពពិនិត្យព្យាបាលជំងឺ លោក ហាក់ ម៉ងហួត ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីស្ថានការណ៍បច្ចុប្បន្ន រួមមាន៖ ស្ថានភាពព្រំដែន និងបញ្ហាសេដ្ឋកិច្ច ការប្រែប្រួល និងការឡើងថ្លៃនៃទំនិញមួយចំនួននៅលើទីផ្សារ ដែលជាផលប៉ះពាល់កើតចេញពីវិបត្តិសេដ្ឋកិច្ចសកល និងសង្គ្រាមនៅតាមបណ្តាប្រទេសមួយចំនួនលើពិភពលោក។
បន្ថែមពីនេះលោកអភិបាលស្រុក ហាក់ ម៉ុងហួត បានធ្វើការផ្តាំផ្ញើ និងក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់លើការថែរក្សាសុខភាព ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យក្នុងការរស់នៅជាប្រចាំ និងត្រូវមានការប្រុងប្រយ័ត្នជាពិសេសចំពោះកុមារតូចៗ ស្របពេលដែលបច្ចុប្បន្នកំពុងមានការរីករាលដាលនៃជំងឺផ្តាសាយ និងជំងឺគ្រុនឈាមនៅក្នុងមូលដ្ឋានផងដែរ៕






















