FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួម រាត្រីសប្បុរសធម៌ដើម្បីគាំទ្រការអប់រំ និងអបអរសាទរខួបលើកទី៣០ នៃអង្គការ PSE

23-10-2026 12:44

(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងពិធី ពិសាអាហារសប្បុរសធម៌ដើម្បីគាំទ្រការអប់រំ (Gala Dinner for Education) និងការប្រារព្ធខួបលើកទី៣០ នៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅសណ្ឋាគារ Sofitel Phnom Penh Phokeethra។ កម្មវិធី ដែលមានការចូលរួមពីដៃគូវិស័យឯកជន និងសប្បុរសជនជាតិ-អន្តរជាតិ គឺជាការជួបជុំ និងថ្លែងអំណរគុណចំពោះដៃគូទាំងអស់ ដែលបានចូលរួមគាំទ្រដល់ការបន្តផ្តល់សេវាចាំបាច់ដល់កុមារងាយរងគ្រោះនៅអង្គការ PSE ព្រមទាំងទទួលទានអាហាសាមគ្គីក្នុងស្មារតីសហការ។

នាឱកាសនោះ លោករដ្ឋមន្រ្តី បានបង្ហាញនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមពិធីដ៏មានអត្ថន័យ និងបានថ្លែងអបអរសាទរក្នុងឱកាសប្រារព្ធខួបលើកទី៣០ នៃការបង្កើតអង្គការ PSE ដែលចាប់ផ្តើមឡើងពីបេសកកម្មប្រកបដោយមេត្តាធម៌របស់លោក Christian និងលោកស្រី Marie-France des Pallières ក្នុងការផ្តល់អាហារ និងការការពារដល់កុមារមួយចំនួនរហូតរីកចម្រើនក្លាយជាស្ថាប័នមនុស្សធម៌ និងអប់រំដ៏មានឥទ្ធិពលមួយ ដែលជាប្រភពនៃក្តីសង្ឃឹម សេចក្តីថ្លៃថ្នូរ និងឱកាសសម្រាប់កុមារ និងយុវជនកម្ពុជា។ លោកមានប្រសាសន៍ថា រយៈពេល៣០ឆ្នាំនៃការប្តេជ្ញាចិត្តឥតងាករេបាននាំយកមកនូវស្នាមញញឹមត្រឡប់មកវិញ ជូនយុវជនកម្ពុជា។ រយៈពេល៣០ឆ្នាំនៃការប្រែក្លាយការលំបាកទៅជាក្តីសង្ឃឹម និងក្តីសុបិនឱ្យក្លាយជាការពិត។

លោកបានលើកឡើងថា PSE ជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការរួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍវិស័យ TVET ជាពិសេសតាមរយៈការផ្តល់ជំនាញឆ្លើយតបនឹងតម្រូវការទីផ្សារការងារដល់យុវជនងាយរងគ្រោះ ដើម្បីឱ្យទទួលបានការងារសមរម្យ កសាងជីវភាពប្រកបដោយចីរភាព និងអនាគតដ៏ភ្លឺស្វាង។ តាមរយៈភាពជាដៃគូយ៉ាងជិតស្និទ្ធជាមួយក្រសួង PSE បានផ្តល់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈប្រកបដោយគុណភាពខ្ពស់ដល់យុវជនងាយរងគ្រោះ។ វិធីសាស្ត្រអភិវឌ្ឍសិស្សរបស់ PSE ផ្តោតលើការផ្តល់ចំណេះដឹង ជំនាញបច្ចេកទេស និងជួយពង្រឹងសីលធម៌ និងចរិតលក្ខណៈល្អប្រពៃដល់សិស្ស។ មូលដ្ឋានដ៏រឹងមាំ និងចម្រុះនេះ ធ្វើឱ្យ PSE ទទួលបានការជឿទុកចិត្ត និងទទួលស្គាល់យ៉ាងទូលំទូលាយពីវិស័យឯកជន ព្រមទាំងកសាងកេរ្តិ៍ឈ្មោះដ៏ល្អក្នុងវិស័យបដិសណ្ឋារកិច្ច សេវាកម្ម មេកានិច និងជំនាញបច្ចេកទេសផ្សេងៗ។

លោកបានបន្ដថា រាត្រីសប្បុរសធម៌ដ៏ពិសេសនេះ មិនមែនគ្រាន់តែជាកម្មវិធីរៃអង្គាសថវិកាប៉ុណ្ណោះទេ ប៉ុន្តែជាការចូលរួមវិនិយោគលើអនាគតរបស់កម្ពុជា។ ការគាំទ្រដ៏សប្បុរស មិនមែនគ្រាន់តែជាសកម្មភាពសប្បុរសធម៌នោះទេ ប៉ុន្តែគឺជាការវិនិយោគលើសក្តានុពលមនុស្ស។ ការបរិច្ចាគ និងភាពជាដៃគូនារាត្រីនេះ សុទ្ធតែជាការរួមចំណែកដល់ការបន្តសិក្សាដល់កុមារ ការទទួលបានជំនាញវិជ្ជាជីវៈដ៏មានតម្លៃដល់យុវជន និងជួយឱ្យគ្រួសារពួកគាត់អាចដកខ្លួនចេញពីភាពក្រីក្រ។

លោកបានសម្តែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាជនបារាំង ដែលបានបង្ហាញនូវក្តីមេត្តាករុណា សាមគ្គីភាព និងសប្បុរសធម៌អស់រយៈពេល ៣០ ឆ្នាំមកនេះក្នុងការគាំទ្របេសកកម្មរបស់អង្គការ PSE លើកកម្ពស់ជីវភាព និងអនាគតរបស់កុមារកម្ពុជា។ ចក្ខុវិស័យ និងកេរដំណែលរបស់ស្ថាបនិក PSE នៅតែបន្តជំរុញឱ្យមានការគាំទ្រពីប្រជាជនកម្ពុជា។ លោកបានលើកទឹកចិត្តដល់ដៃគូវិស័យឯកជន សូមបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ PSE តាមរយៈការផ្តល់ឱកាសបណ្តុះបណ្តាលការងារ កម្មសិក្សា និងការជ្រើសរើសសិស្ស PSE ឱ្យចូលបម្រើការងារ។

លោកសង្ឃឹមយ៉ាងមុតមាំថា កម្មវិធីនេះនឹងទទួលបានការបរិច្ចាគលើសពីការរំពឹងទុកពីសំណាក់សប្បុរសជន ដើម្បីជួយ PSE បន្តទទួលបានជោគជ័យ ក្នុងបេសកកម្មដ៏ថ្លៃថ្លារបស់ ខ្លួនក្នុងការផ្តល់ភាពអង់អាចដល់កុមារ និងគ្រួសារងាយរងគ្រោះ ការផ្លាស់ប្តូរជីវិតឱ្យកាន់តែប្រសើរ និងការពង្រីកឱកាស ដើម្បីកសាងអនាគតមួយពោរពេញដោយវិបុលភាព និងចីរភាពសម្រាប់កម្ពុជា។

លោកស្រី លក្ខិណា ដេ ប៉ាលីយែរ អគ្គនាយិកាអង្គការ PSE បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ហេង សួរ ដែលបានអញ្ជើញចូលរួមនារាត្រីនេះ និងគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងការងារ ជាពិសេសអង្គការ PSE។ លោកស្រីបានគូសបញ្ជាក់ថា ក្នុងរយៈពេល ៣០ ឆ្នាំកន្លងមកនេះ PSE បានជួយកុមារមកពីគ្រួសារក្រីក្រឱ្យមានអនាគតល្អប្រសើរតាមរយៈការអប់រំ និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យពួកគេមានជំនាញ ទទួលបានការងារធ្វើ និងកសាងអនាគតដ៏ភ្លឺស្វាង។ លោកស្រីបានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការគាំទ្រពីក្រុមហ៊ុន ដៃគូ និងសប្បុរសជន ដោយចាត់ទុកថា រាល់ការរួមចំណែកទាំងអស់សុទ្ធតែមានតម្លៃក្នុងការបង្កើតឱកាស និងផ្លាស់ប្តូរជីវិតរបស់កុមារ និងយុវជនកម្ពុជា៕