អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៖ ករណីចោទប្រកាន់ជនស៉ីវិលឃាត់ខ្លួនយុវជន នៅខណ្ឌទួលគោក គឺជាប្រតិបត្តិការរបស់សមត្ថកិច្ចតាមចាប់មុខសញ្ញាកាប់ប្លន់ ដែលកាប់ជនរងគ្រោះរបួស២នាក់, ជនសង្ស័យ៦នាក់ត្រូវបានចាប់ខ្លួន
23-10-2026 12:05
(ភ្នំពេញ)៖ អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦នេះ បានចេញមកបំភ្លឺករណីចោទប្រកាន់ជនស៉ីវិល (កូនខ្លា) ឃាត់ខ្លួនយុវជនដោយគ្មានមូលហេតុ នៅសង្កាត់បឹងសាឡាង ខណ្ឌទួលគោក កាលពីយប់ថ្ងៃទី២២ ខែតុលា គឺស្ថិតក្នុងរង្វង់ប្រតិបត្តិការរបស់សមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលកំពុងស្រាវជ្រាវ និងដេញតាមចាប់ខ្លួនមុខសញ្ញាកាប់ប្លន់យកម៉ូតូ ដែលធ្វើសកម្មភាពកាប់ជនរងគ្រោះ២នាក់បណ្ដាលឲ្យរងរបួស។
អ្នកនាំពាក្យបានអះអាងថា កាលពីយប់មិញ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ប៊ុន សត្យា ស្នងការរងទទួលផែន សហការជាមួយ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងសាឡាង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ប្រើប្រាស់កម្លាំងស្លៀកពាក់ឯកសណ្ឋាននគរបាល និងស៊ីវិលផង ចុះស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងម្នាក់ នៅចំណុចផ្លូវលេខ៣៣៥ សង្កាត់បឹងសាទ្បាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃាត់បក្ខពួកបន្តបន្ទាប់ចំនួន៥នាក់នៅទីតាំងផ្សេងទៀត នៅក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ សរុបឃាត់ខ្លួនចំនួន៦នាក់។
ជនសង្ស័យទាំងអស់នេះ ពាក់ព័ន្ធអំពើលួចមានស្ថានទម្ងន់ទោស ដោយសារការប្រើអំពើហិង្សាវាយកាប់ប្លន់យកម៉ូតូមិនបានសម្រេច (បង្កដោយក្មេងទំនើង) បណ្តាលឲ្យជនរងគ្រោះ២នាក់រងរបួសធ្ងន់ នៅចំណុចផ្លូវលំ ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ វេលាម៉ោងប្រហែល១២៖៥៧នាទី កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៦។
ចំពោះករណីនេះ នៅមុនពេលកើតហេតុជនរងគ្រោះ២នាក់ ជិះម៉ូតូ១គ្រឿងឌុបគ្នា ចេញពីបន្ទប់ជួលដើម្បីរកអីហូប លុះធ្វើដំណើរមកដល់ចំណុចខាងលើ ក៏ជួប និងក្រុមក្មេងទំនើង១ក្រុម ជិះម៉ូតូ៥គ្រឿង មានគ្នាប្រហែល១០នាក់ និងដាវ១ដើម បានជិះម៉ូតូដេញវាយ និងកាប់ទៅលើជនរងគ្រោះ ខណៈនោះជនរងគ្រោះក៏បានជិះគេច និងជ្រុលចង្កូតទៅបុកនឹងបង់ថ្មអង្គុយតាមផ្លូវ បណ្តាលឲ្យដូលម៉ូតូហើយជនល្មើស ក៏កាប់ និងវាយជនរងគ្រោះទាំង២នាក់ ដោយម្នាក់ត្រូវចំក្បាល និងម្នាក់ទៀតបាក់ថ្គាមបណ្តាលឲ្យរងរបួសធ្ងន់ ហើយជនល្មើសក្រោយធ្វើសកម្មភាពនាំគ្នាគេចខ្លួនបាត់។
ដោយឡែកជនរងគ្រោះ បន្ទាប់មកត្រូវបានគេដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាព កម្ពុជា-ចិន ព្រះកុសុមៈ។ ចំពោះម៉ូតូជនរងគ្រោះរងការខូចខាតធ្ងន់ ក្រុមជនល្មើសមិនបានយកទៅនោះទេ ដោយទុកចោលកន្លែងកើតហេតុ។ ការឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្តុតាង ម៉ូតូធ្វើសកម្មភាពចំនួន២ គ្រឿង។ ជនសង្ស័យខាងលើ បច្ចុប្បន្នកម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល កំពុងឃាត់ខ្លួនយកមកសាកសួរអនុវត្តតាមនីតិវិធី។
ចំណែកបក្ខពួកនៅសេសសល់កំពុងគេចខ្លួន កម្លាំងជំនាញព្រហ្មទណ្ឌ បន្តស្រាវជ្រាវដើម្បីនាំយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។ ចំពោះការបង្រ្កាបឃាត់ខ្លួនជនសង្ស័យជាក្មេងទំនើងខាងលើ គឺសមត្ថកិច្ចអនុវត្តតាមគោលការណ៍ច្បាប់ និងមានការសម្របសម្រួលនីតិវិធីពីតំណាង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញផងដែរ៕





