FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ភរិយារដ្ឋមន្ត្រី នេត្រ ភក្ត្រា អញ្ជើញបើកមហោស្រពប្រឡងចម្រៀងជនមានពិការភាពពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦

23-10-2026 10:27

(ភ្នំពេញ)៖​ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ក្រសួងព័ត៌មាន តំណាងរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញជាអធិតីភាពពិធីបើក «មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦»។

ក្នុងឱកាសនេះ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានលើកឡើងថាពិធីនេះ មិនត្រឹមតែជាកិត្តិយសសម្រាប់កម្មវិធីនេះប៉ុណ្ណោះទេ ប៉ុន្តែជាការបង្ហាញនូវការយកចិត្តទុកដាក់ ការគោរព​​ និងផ្តល់តម្លៃមនុស្ស និងការផ្តល់កម្លាំងចិត្តដល់បងប្អូនមានពិការភាព ឱ្យកាន់តែមានជំនឿជឿជាក់លើសមត្ថភាព និងតម្លៃរបស់ខ្លួននៅក្នុងសង្គម។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា​ បានថ្លែងថា មហោស្រពប្រឡងចម្រៀងជនមានពិការភាព ពានរង្វាន់ក្រសួងព័ត៌មាន ឆ្នាំ២០២៦នេះ មិនមែនគ្រាន់តែជាការប្រកួតប្រជែងសមត្ថភាព និងទេពកោសល្យសិល្បៈចម្រៀង ដើម្បីដណ្តើមពានរង្វាន់ប៉ុណ្ណោះទេ។ ផ្ទុយទៅវិញ មហោស្រពនេះ គឺជាវេទិកានៃក្តីសង្ឃឹម និងជាវេទិកានៃឱកាសសម្រាប់បងប្អូនមានពិការភាព បង្ហាញទេពកោសល្យ សមត្ថភាព និងស្នាដៃរបស់ខ្លួន ដើម្បីទទួលបាននូវការទទួលស្គាល់ពីសាធារណជន។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបញ្ជាក់ថា មហោស្រពបង្ហាញឱ្យសង្គមមើលឃើញកាន់តែច្បាស់ថា តម្លៃរបស់មនុស្សមិនត្រូវបានកំណត់ដោយស្ថានភាពរាងកាយឡើយ ប៉ុន្តែត្រូវបានបង្ហាញតាមរយៈសមត្ថភាព ស្នាដៃ ឆន្ទៈ និងការចូលរួមចំណែករបស់ពួកគាត់ក្នុងសង្គម។ ដូច្នេះ នៅពីក្រោយភាពខុសគ្នានៃស្ថានភាពរាងកាយ គឺមានមនុស្សដែលមានបេះដូង មានក្តីស្រមៃ មានសេចក្តីប្រាថ្នា មានទេពកោសល្យ និងមានសមត្ថភាពក្នុងការចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គមជាតិ។

ជាមួយគ្នានេះដែរ លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានបន្ថែមថា «ពិការភាពមិនអាចលុបបំបាត់ទេពកោសល្យបានឡើយ។ ការលំបាកមិនអាចបំបាក់ស្មារតីរបស់មនុស្សដែលមានឆន្ទៈរឹងមាំបានឡើយ ហើយឧបសគ្គក៏មិនអាចបិទផ្លូវឆ្ពោះទៅកាន់ភាពជោគជ័យបានដែរ ប្រសិនបើមនុស្សម្នាក់ៗទទួលបានឱកាសសមស្រប ការគាំទ្រចាំបាច់ និងការគោរពសេចក្តីថ្លៃថ្នូររបស់ខ្លួន»។

លោកស្រី ទុយ សិរីរតនៈ នេត្រភក្ត្រា បានគូសបញ្ជាក់ថា តាមរយៈមហោស្រពនេះ បងប្អូនមានពិការភាព បានបង្ហាញឱ្យយើងទាំងអស់គ្នាឃើញថា នៅពីក្រោយការលំបាក គឺមានភាពអត់ធ្មត់។ នៅពីក្រោយឧបសគ្គ គឺមានការតស៊ូ។ ហើយនៅពីក្រោយក្តីសុបិន្ត គឺមានកម្លាំងចិត្ត និងឆន្ទៈក្នុងការឈានទៅមុខ។ ពួកគាត់មិនត្រឹមតែខិតខំជម្នះឧបសគ្គក្នុងជីវិតផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្ហាញឱ្យយើងឃើញថា មនុស្សគ្រប់រូប សុទ្ធតែមានសក្តានុពលក្នុងការបង្កើតស្នាដៃ ចែករំលែកតម្លៃវិជ្ជមាន និងចូលរួមចំណែកកសាងសង្គមជាតិឱ្យកាន់តែរីកចម្រើន៕