អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ណែនាំនីតិវិធីថ្មី សម្រួលការនាំចូលបណ្តោះអាសន្នទូកទេសចរបរទេស
23-10-2026 10:22
(ភ្នំពេញ)៖ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អ.គ.រ.) បានចេញសេចក្តីណែនាំ ស្តីពីនីតិវិធីគយសម្រាប់ការនាំចូលបណ្តោះអាសន្ន និងការនាំចេញទៅវិញនូវទូក ឬនាវារបស់អ្នកទេសចរបរទេស ក្នុងគោលបំណងសម្រួលដល់ការធ្វើដំណើរទេសចរណ៍តាមផ្លូវទឹក និងលើកកម្ពស់វិស័យទេសចរណ៍នៅកម្ពុជា។
យោងតាមសេចក្តីណែនាំនេះ ទូក ឬនាវាដែលស្នើសុំនាំចូលបណ្តោះអាសន្ន ត្រូវតែមានឯកសារស្របច្បាប់បញ្ជាក់អត្តសញ្ញាណ និងកម្មសិទ្ធិដែលចុះបញ្ជីនៅបរទេស។ ម្ចាស់ទូកត្រូវជាអ្នកទេសចរបរទេសដែលមានទិដ្ឋាការទេសចរណ៍ត្រឹមត្រូវ និងនាំចូលសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួនក្នុងគោលបំណងទេសចរណ៍។
សម្រាប់ការប្រកាសគយ ម្ចាស់ទូក ឬអ្នកប្រើប្រាស់ដែលមានសិទ្ធិស្របច្បាប់ ត្រូវបំពេញប្រតិវេទន៍គយសង្ខេប (ចូល) តាមប្រព័ន្ធអនឡាញក្នុងមុខងារ “យានយន្តទេសចរណ៍ចេញចូល” នៃប្រព័ន្ធអេឡិចត្រូនិកគយរបស់ អ.គ.រ.។ ឯកសារគាំទ្រដែលត្រូវភ្ជាប់មកជាមួយរួមមាន លិខិតឆ្លងដែន ទិដ្ឋាការ ឬឯកសារអនុញ្ញាតស្នាក់នៅ វិញ្ញាបនបត្រចុះបញ្ជីនាវា និងឯកសារបញ្ជាក់កម្មសិទ្ធិ។ នីតិវិធីថ្មីនេះនឹងជួយឲ្យដំណើរការនាំចូល និងនាំចេញទូកទេសចរណ៍កាន់តែមានភាពងាយស្រួល និងឆាប់រហ័ស៕





