FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្តមសេនីយ៍ឯក ហោ សំអាត ជំរុញការងារបច្ចេកវិទ្យាឌីជីថល ដើម្បីសម្រេចចក្ខុវិស័យរដ្ឋាភិបាលឌីជីថលកម្ពុជា ២០៣៥

23-10-2026 10:16

(ភ្នំពេញ)៖ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានរៀបចំពិធីផ្សព្វផ្សាយសមិទ្ធផលការងារបច្ចេកវិទ្យាឌីជីថលរយៈពេល ៣ឆ្នាំ (២០២៣-២០២៦) ដែលសម្រេចបាន ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយខ្ពស់ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ។

ពិធីនេះធ្វើឡើងនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតី ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ តំណាងនាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី លោក លោកស្រី អគ្គនាយករង អគ្គាធិការរង អគ្គលេខាធិការរង ប្រធាន-អនុប្រធាននាយកដ្ឋាន នាយ-នាយរងការិយាល័យ ព្រមទាំងលោក លោកស្រី និងមន្រ្តីពាក់ព័ន្ធតាមបណ្ដាអង្គភាព ចំណុះក្រសួងមហាផ្ទៃ ជាច្រើនរូបទៀតផងដែរ

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ អ៊ីវ វាសនា អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ ក៏បានឡើងធ្វើសេចក្តីរាយការណ៍ដោយសង្ខេបអំពីរបាយការណ៍ ពេញលេញលើផ្នែកលទ្ធផលការងារពាក់ព័ន្ធបច្ចេកវិទ្យាឌីជីថល ក្របខ័ណ្ឌក្រសួង មហាផ្ទៃ រយៈពេល៣ឆ្នាំ (២០២៣-២០២៦)។

ឧត្តមសេនីយ៍ឯក ហោ សំអាត អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៃក្រសួងមហាផ្ទៃ បានកោតសរសើរខ្ពស់ចំពោះសមិទ្ធផលការងារបច្ចេកវិទ្យាឌីជីថល ដែលសម្រេចបានចាប់ពីឆ្នាំ២០២៣ រហូតដល់ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២៦។ លោកបានចាត់ទុកសមិទ្ធផលទាំងនេះជាមូលដ្ឋានគ្រឹះដ៏រឹងមាំ ដែលឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយខ្ពស់ និងការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះក្រសួងមហាផ្ទៃ។
លោកបន្ថែមថា ការងារទាំងនេះត្រូវបានអនុវត្តយ៉ាងខ្ជាប់ខ្ជួនតាមប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងស្របតាមផែនការយុទ្ធសាស្ត្រស្តីពី ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាលដែនដី សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ឆ្នាំ២០២៤-២០២៨។ យុទ្ធសាស្ត្រទី៦ នៃផែនការនេះបានផ្តោតយ៉ាងសំខាន់លើកិច្ចការងារបច្ចេកវិទ្យាឌីជីថល ដែលជាផែនទីបង្ហាញផ្លូវសម្រាប់អគ្គនាយកដ្ឋានក្នុងការដឹកនាំ និងសម្របសម្រួលកិច្ចការងារបច្ចេកវិទ្យាជូនក្រសួងមហាផ្ទៃ។

ក្នុងនាមជាតំណាងប្រធានក្រុមការងាររដ្ឋបាលឌីជីថលក្រសួងមហាផ្ទៃ ឧត្តមសេនីយ៍ឯក អគ្គនាយក បានជំរុញដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកងកម្លាំងនគរបាលជាតិទាំងអស់ ឱ្យបន្តពង្រឹងកិច្ចសហប្រតិបត្តិការផ្ទៃក្នុង និងអន្តរស្ថាប័នប្រកបដោយស្មារតីសាមគ្គីភាព។

លោកបានសង្កត់ធ្ងន់ថា កិច្ចការងារបច្ចេកវិទ្យា និងសន្តិសុខសាយប័រ គឺជាភារកិច្ចដ៏ស្មុគស្មាញ ដែលទាមទារការរួមគំនិតគ្នា និងការគាំទ្រគ្នាទៅវិញទៅមក។ ជាមួយគ្នានេះ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសមត្ថភាព និងការស្វែងយល់ពីបច្ចេកវិទ្យាទំនើបថ្មីៗ ដើម្បីការពារសន្តិសុខទិន្នន័យជាតិ ជំរុញប្រសិទ្ធភាពការងារ និងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ឆ្ពោះទៅសម្រេចបានជោគជ័យនូវចក្ខុវិស័យ «រដ្ឋាភិបាលឌីជីថលកម្ពុជា ឆ្នាំ២០៣៥»៕