ក្លិបអ្នកកាសែតកម្ពុជា ដឹកនាំអ្នកសារព័ត៌មានមកពី ២២ស្ថាប័ន ចុះផលិតនិងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់
23-10-2026 08:48
(ពោធិ៍សាត់)៖ ក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ បានដឹកនាំអ្នកសារព័ត៌មានមកពី ២២ស្ថាប័ន ចុះផលិតនិងផ្សព្វផ្សាយពីតំបន់ទេសចរណ៍ធម្មជាតិ និងការអភិវឌ្ឍក្នុងខេត្តពោធិ៍សាត់។
ដំណើរបេសកកម្មនេះ ប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។ បេសកកម្មនេះ ត្រូវបានរំពឹងថានឹងអាចផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយនូវសក្ដានុពលតំបន់ទេសចរណ៍ធម្មជាតិនានាក្នុងខេត្ត ជាពិសេសសមិទ្ធផលថ្មីៗជាច្រើនដែលសម្រេចបាន។
ខេត្តពោធិ៍សាត់មានតំបន់ទេសចរណ៍ធម្មជាតិជាច្រើនកន្លែង ដែលមានសក្តានុពលសម្រាប់ការអភិវឌ្ឍ។ តំបន់ទាំងនោះរួមមាន ភ្នំដាក់ព្រះ, កោះសំពៅមាស, ព្រះធាតុ, រមណីយដ្ឋានធម្មជាតិច្រកល្អៀង, ទឹកធ្លាក់ថ្មដារតូច, ល្បាយកំរោញ, បឹងព្រះពន្លៃ និង ភ្នំទំព័រ ដែលជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជា។ ក្រៅពីនេះ ក៏មានដែនជម្រកសត្វព្រៃភ្នំសំកុស ដែលមានភ្នំខ្នងព្រះ ភ្នំច្រមុះបារាំង និងខ្នងថ្មទា ជាគោលដៅទេសចរណ៍លំហែបៃតង។
រដ្ឋបាលខេត្តពោធិ៍សាត់ បានរៀបចំភ្នំនាគស និងភ្នំបាក់ត្រា (ចំណុចប្រោសសត្វ) ឱ្យទៅជារមណីយដ្ឋានទេសចរណ៍ធម្មជាតិថ្មី ដើម្បីលើកកម្ពស់ការអភិរក្សព្រៃឈើ និងជីវចម្រុះ។ គម្រោងនេះមានចក្ខុវិស័យយុទ្ធសាស្ត្រក្នុងការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើ រក្សាជម្រកសត្វព្រៃ រក្សាគម្របព្រៃឈើ និងកាត់បន្ថយកម្ដៅផែនដី។
កន្លងទៅ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ធ្លាប់បានបញ្ជាក់ថា ស្រុកវាលវែង គឺជាតំបន់អាទិភាពទី២ បន្ទាប់ពីស្រុកក្រគរ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់ក្នុងការនាំយកអ្នកវិនិយោគមកអភិវឌ្ឍន៍ និងទាក់ទាញភ្ញៀវទេសចរ៕

