អភិបាលស្រុកជាំក្សាន្ត ដឹកនាំកម្លាំងចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន ៤កន្លែង ដើម្បីទប់ស្កាត់បទល្មើសឆបោកតាមអនឡាញ
22-10-2026 20:56
(ព្រះវិហារ)៖ លោក ចិន ខន្តី អភិបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំក្រុមការងារចម្រុះ ដោយមានការចូលរួមពីកងកម្លាំងប្រដាប់អាវុធ មេឃុំ និងនគរបាលប៉ុស្តិ៍រដ្ឋបាល ចុះត្រួតពិនិត្យទីតាំងអាជីវកម្មចំនួន ៤កន្លែង ក្នុងភូមិសាស្ត្រស្រុកជាំក្សាន្ត ដើម្បីបង្ការ និងទប់ស្កាត់សកម្មភាពឆបោកតាមប្រព័ន្ធអនឡាញ។
ការចុះត្រួតពិនិត្យនេះ ធ្វើឡើងតាមបទបញ្ជា និងការណែនាំរបស់លោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ។ ទីតាំងអាជីវកម្មដែលត្រូវបានត្រួតពិនិត្យរួមមាន ផ្ទះសំណាក់ បូទិក ខារ៉ាអូខេ (KTV) និងអាហារដ្ឋាន ដែលក្នុងនោះ ៣ ទីតាំងស្ថិតនៅភូមិត្រពាំងសង្កែខាងត្បូង ឃុំកន្ទួត និង ១ ទីតាំងទៀតស្ថិតនៅភូមិស្រអែមជើង ឃុំស្រអែម។
លោក ចិន ខន្តី បានបញ្ជាក់ថា គោលបំណងនៃការចុះត្រួតពិនិត្យនេះ គឺដើម្បីពង្រឹងប្រសិទ្ធភាពការងារប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ព្រមទាំងធានាការគោរពច្បាប់ រក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។ លោកក៏បានណែនាំដល់ម្ចាស់អាជីវកម្មទាំងអស់ ឱ្យចូលរួមសហការជាមួយអាជ្ញាធរ និងអនុវត្តសកម្មភាពអាជីវកម្មឱ្យបានត្រឹមត្រូវតាមច្បាប់ ព្រមទាំងរាយការណ៍ករណីគួរឱ្យសង្ស័យជូនសមត្ថកិច្ច។
ការបន្តសហការរវាងអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ច នឹងបន្តអនុវត្តយ៉ាងខ្ជាប់ខ្ជួន ដើម្បីបង្ការ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ ដើម្បីថែរក្សាសន្តិសុខ សុវត្ថិភាព និងផ្តល់ភាពកក់ក្តៅជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានគង់វង្ស៕


















