ថ្នាក់ដឹកនាំខេត្តកណ្ដាល ជំរុញឱ្យអាជ្ញាធរស្រុកកណ្ដាលស្ទឹង ប្រើប្រាស់ថវិកាប្រកបដោយតម្លាភាព ដើម្បីអភិវឌ្ឍមូលដ្ឋាន
22-10-2026 20:48
(កណ្ដាល)៖ លោក ប្រាក់ សារ៉ាត អភិបាលរងខេត្តកណ្ដាល បានថ្លែងជំរុញដល់អាជ្ញាធរស្រុកកណ្ដាលស្ទឹង ឱ្យឆ្លើយតបចំទៅនឹងតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងប្រើប្រាស់ធនធានថវិកាប្រកបដោយតម្លាភាព និងគណនេយ្យភាពខ្ពស់ ដើម្បីជំរុញការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែរីកចម្រើន។
ការថ្លែងជំរុញនេះ បានធ្វើឡើងកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ ក្នុងសិក្ខាសាលាសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិលស្រុក-ឃុំ (២០២៧-២០២៩) នៅថ្នាក់ស្រុកឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ លោក ចាប ច័ន្ទវិទ្យា អភិបាលស្រុកកណ្ដាលស្ទឹង តំណាងមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។
លោក ប្រាក់ សារ៉ាត បានឲ្យដឹងថា គម្រោងដែលក្រុង-ស្រុក ឃុំ-សង្កាត់ ទូទាំងខេត្តបានស្នើឡើងក្នុងឆ្នាំ២០២៥ សម្រាប់អនុវត្តឆ្នាំ២០២៦ នេះសរុប ៤ ៣២៥គម្រោងក្នុងនោះ វិស័យកសិកម្មមាន ២៦២គម្រោង វិស័យអាជីវកម្ម ៥១៩ គម្រោង វិស័យវិស័យអប់រំ ៤៣៩ គម្រោង វិស័យសុខភាព ១១០៣ គម្រោង វិស័យភាពងាយរងគ្រោះ ១៧០ គម្រោង វិស័យបរិស្ថាន ៦៤៧ គម្រោង និងវិស័យរដ្ឋបាល និងសន្តិសុខ ១១៨៥ គម្រោង ទទួលបាន ការគាំទ្រតាមរយៈការចុះកិច្ចព្រមព្រៀងបណ្តោះអាសន្នចំនួន ២០៦៨ គម្រោង ស្មើ៤៨ ភាគរយ។
លោកបានគូសបញ្ជាក់ថា ផែនការអភិវឌ្ឍន៍ គឺជាត្រីវិស័យមិនអាចខ្វះបានសម្រាប់កំណើនសេដ្ឋកិច្ចមូលដ្ឋាន និងបានជំរុញមន្ទីរ-អង្គភាព គ្រប់ភាគីពាក់ព័ន្ធ បន្តកិច្ចសហការគាំទ្រផ្នែកបច្ចេកទេស និងថវិកា ដើម្បីសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព៕














