រដ្ឋមន្ត្រីក្រសួងអប់រំ ជំរុញឱ្យពង្រឹងការគ្រប់គ្រងសាលា វិន័យ សីលធម៌ ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ឱ្យបានរឹងមាំ
22-10-2026 17:19
(កណ្ដាល)៖ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានជំរុញដល់គ្រឹះស្ថានអប់រំទាំងអស់ ឱ្យយកចិត្តទុកដាក់ខ្ពស់បន្តពង្រឹងការគ្រប់គ្រងសាលា វិន័យ សីលធម៌ បរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព និងបរិយាបន្ន ព្រមទាំងជំរុញគ្រូបង្រៀនឱ្យបន្តអភិវឌ្ឍវិជ្ជាជីវៈ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីអភិវឌ្ឍសមត្ថភាពសិស្សឱ្យមានការគិតវិភាគ ដោះស្រាយបញ្ហា និងច្នៃប្រឌិត ស្របតាមតម្រូវការសង្គម និងទីផ្សារការងារ។
ការជំរុញបែបនេះរបស់រដ្ឋមន្ត្រីក្រសួងអប់រំ បានធ្វើឡើងនៅក្នុងពិធីសម្ពោធសមិទ្ធផលថ្មីៗជាច្រើនរបស់មន្ទីរអប់រំ យុវជន និងកីឡាខេត្តកណ្ដាល នាថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីសំណាក់លោក គួច ចំរើ អភិបាលខេត្តកណ្ដាល ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ មន្ទីរអង្គភាពជុំវិញខេត្ត រដ្ឋបាលក្រុង ស្រុកទាំង១៣ នាយក-នាយិកាគ្រឹះស្ថានសិក្សា យុវជនកាយរឹទ្ធិ និងកាកបាទក្រហមកម្ពុជាខេត្តប្រមាណ ៥៧៥នាក់។
ថ្លែងក្នុងពិធីនេះ លោកគួច ចំរើន បានលើកឡើងថា ការអភិវឌ្ឍវិស័យអប់រំ គឺជាកត្តាសំខាន់ក្នុងការអភិវឌ្ឍធនធានមនុស្ស និងការរីកចម្រើនរបស់ខេត្ត។
លោកអភិបាលខេត្ត បានឲ្យដឹងថា បច្ចុប្បន្ន ខេត្តកណ្ដាលមានអគារសិក្សាសរុប ១ ៨១៨ខ្នង ស្មើនឹង ៨ ៨០១បន្ទប់ ក្នុងនោះអគារចំនួន ៦៥៦ខ្នង ស្មើនឹង ៣៩៣៩បន្ទប់ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត។
លោកអភិបាលខេត្តបានបន្ថែមថា ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ១០ សីហា ២០២៦ ខេត្តកណ្ដាល មានបេក្ខជនប្រឡង ១៣ ១៩២នាក់ ជាប់ ១១ ២៩៣នាក់ ស្មើអត្រា ៨៥,៦០% ក្នុងនោះសិស្សស្រី មានអត្រាជាប់ ៩០,០២%។ ពិសេសខេត្តកណ្ដាល មានសិស្សទទួលបាននិទ្ទេស A មានចំនួន ១៨៦នាក់ ធ្វើឱ្យខេត្តកណ្ដាល ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងប្រទេសបន្ទាប់ពីរាជធានីភ្នំពេញ។
លោកអភិបាលខេត្តបានបន្តថា ខេត្តកណ្ដាលទទួលបានជ័យលាភី «សាលារៀនស្តង់ដាគំរូ» ជាបន្តបន្ទាប់ ដោយឆ្នាំ២០២៣ ទទួលបាន ៩សាលា ឆ្នាំ២០២៤ ចំនួន ១១សាលា និងឆ្នាំ២០២៥ ចំនួន ៩សាលា ដែលជាសក្ខីភាពមួយ នៃការខិតខំប្រឹងប្រែងរបស់គ្រប់ភាគីពាក់ព័ន្ធក្នុងការលើកកម្ពស់គុណភាពអប់រំ។
ក្នុងឱកាសនោះ បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានកោតសរសើរចំពោះសមិទ្ធផល និងការខិតខំប្រឹងប្រែងរបស់ខេត្តកណ្ដាល ព្រមទាំងគូសបញ្ជាក់ថា ការអភិវឌ្ឍវិស័យអប់រំមិនត្រឹមតែផ្តោតលើការសាងសង់អគារ និងផ្តល់សម្ភារៈបរិក្ខារប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតជាចម្បងលើគុណភាពនៃការបង្រៀន និងការរៀន។
សូមបញ្ជាក់ថា សមិទ្ធផលដែលត្រូវបានសម្ពោធនាឱកាសនេះរួមមានអគារថ្មី ១ខ្នង កម្ពស់ ២ជាន់ មាន ៨បន្ទប់ ក្រាលថ្មក្រានីតមុខអគារ ជួសជុលរបងប្រវែង ១៣៣ម៉ែត្រ ព្រមទាំងជួសជុលកែលម្អអគារចាស់ សួន និងប្រព័ន្ធលូក្នុងបរិវេណមន្ទីរ ដើម្បីបង្កើតបរិយាកាសការងារ និងការអប់រំឱ្យកាន់តែមានប្រសិទ្ធភាព៕





































