ចោរលួចកាច់កម៉ូតូ០១នាក់ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនបញ្ជូនទៅតុលាការ! (Video inside)
22-10-2026 16:14
(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ០៩ និង ៣០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ មានករណីលួចម៉ូតូ បង្កឡើងដោយជនសង្ស័យម្នាក់ បានធ្វើសកម្មភាពលួចកាច់កម៉ូតូ០១គ្រឿង ម៉ាកឌ្រីមសង់ សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ២០២៥ ពាក់ស្លាកលេខ ភ្នំពេញ 1LQ-8006 ដោយជនរងគ្រោះជាម្ចាស់ម៉ូតូបានចតទុកនៅក្រោមបន្ទប់ជួល។ បន្ទាប់មកម្ចាស់ម៉ូតូក៏បានរាយការណ៍តាមលេខទូរស័ព្ទបន្ទាន់ ១២៩១ អាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំអន្តរាគមន៍ករណីខាងលើនេះ។ ភ្លាមៗក្រោយពេលទទួលព័ត៌មាន កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ក៏ពើបប្រទះឃើញជនសង្ស័យនៅបុរីសន្តិភាព២ ភូមិដំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានធ្វើការចាប់ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ន តុលា ភេទប្រុស អាយុ៣៣ឆ្នាំ បញ្ជូនទៅអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ព្រមទាំងបានដកហូតម៉ូតូរបស់ជនរងគ្រោះប្រគល់ជូនម្ចាស់ដើមវិញផងដែរ។
ក្រោមវិធានការជំនាញជនសង្ស័យបានសារភាពឲ្យដឹងថា ខ្លួនពិតជាបានប្រព្រឹត្តអំពើលួចកាច់កម៉ូតូរបស់ជនរងគ្រោះនៅទីតាំងខាងលើ ប្រាកដមែន។
ជនសង្ស័យខាងលើ ត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសុំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
