ស្នេហាលួចលាក់ឈានដល់អំពើឃាតកម្ម និងអត្តឃាតនៅខេត្តកណ្ដាល បន្សល់ទុកវិប្បដិសារីធំធេង
22-10-2026 15:22
(កណ្ដាល)៖ ករណីឃាតកម្ម និងអត្តឃាតដ៏រន្ធត់មួយបានកើតឡើងកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ វេលាម៉ោង ១៣:០០ នាទី នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិជ័យជំនះ ឃុំសៀមរាប ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ទាប់ពីភ្លើងស្នេហាលួចលាក់រវាងស្ត្រីមានគ្រួសារម្នាក់ និងបុរសអ្នករត់កង់បីម្នាក់បានឈានដល់កម្រិតប្រច័ណ្ឌខ្លាំង។
ជនរងគ្រោះឈ្មោះ ឃឹម ខឿន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកម្មការិនីរោងចក្រ ត្រូវបានជនសង្ស័យឈ្មោះ ឈៀង សុខ អាយុ ៥២ឆ្នាំ មុខរបររត់កង់បី សម្លាប់ដោយមានស្នាមរបួសជាច្រើនកន្លែងលើពោះ និងមុខ។
ក្រោយប្រព្រឹត្តអំពើឃាតកម្ម ជនសង្ស័យក៏បានចង-កសម្លាប់ខ្លួនតាមក្រោយ។ តាមការបំភ្លឺពីកូនជនរងគ្រោះបានឲ្យដឹងថា ម្តាយរបស់ខ្លួនបានលួចទាក់ទងស្នេហាជាមួយជនសង្ស័យអស់រយៈពេលជាង ៣ឆ្នាំមកហើយ ទោះបីជាក្រុមគ្រួសារបានដឹង និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ទំនាក់ទំនងក៏ដោយ។
ហេតុការណ៍ដ៏សោកសៅនេះបានបន្សល់ទុកនូវវិប្បដិសារីយ៉ាងធំធេងសម្រាប់ក្រុមគ្រួសារ ជាពិសេសប្ដី និងកូនៗរបស់ជនរងគ្រោះ។ សពជនរងគ្រោះទាំងពីរត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីរៀបចំធ្វើបុណ្យតាមប្រពៃណី៕


