សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវពលរដ្ឋខ្មែរគ្រប់និន្នាការ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយថៃ (Video inside)
22-10-2026 15:16
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ មូលចិត្តគំនិតគ្នា ទុកឱកាសឲ្យរាជរដ្ឋាភិបាលតតាំងបញ្ហាព្រំដែនជាមួយប្រទេសថៃ ដើម្បីការពារអធិបតេយ្យជាតិ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា វេលានេះមិនមែនជាវេលាដែលត្រូវឈ្លោះគ្នារវាងខ្មែរ និងខ្មែរនោះឡើយ ពោលជាវេលាដែលរាជរដ្ឋាភិបាលត្រូវការភាពស្ងប់ស្ងាត់ ដើម្បីដោះស្រាយបញ្ហាព្រំដែន។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍យ៉ាងដូច្នេះថា «គោលបំណងដែលត្រូវជជែកគ្នាមិនមែនឲ្យខ្មែរឈ្លោះគ្នានោះឡើយ គឺសុំឲ្យតែខ្មែរគ្រប់និន្នាការនយោបាយទាំងអស់ ទាំងក្នុង និងក្រៅប្រទេស រក្សាភាពស្ងប់ស្ញៀមទុកឱកាសឲ្យរាជរដ្ឋាភិបាលកំពុងតែខិតខំធ្វើការដោះស្រាយ ជាមួយប្រទេសថៃ មិនត្រូវមកច្របូកច្របល់បែកអារម្មណ៍ជាមួយខ្មែរគ្នាឯងនោះទេ។ ពោលដំណាក់កាលនេះ ជាដំណាក់កាលព្រំដែនមិនទាន់ដោះស្រាយចប់ រឿងរស៉ើបច្រើនណាស់ ប៉ុន្ដែរាជរដ្ឋាភិបាលកំពុងធ្វើការដោយការទទួលខុសត្រូវ»។
បើតាមប្រសាសន៍របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត, បើទោះបីប្រជាពលរដ្ឋទុកចិត្តរាជរដ្ឋាភិបាល ឬមិនគាំទ្ររាជរដ្ឋាភិបាល តែក្នុងនាមជាប្រជាពលរដ្ឋខ្មែរ ត្រូវទុកឱកាសឲ្យយន្ដការរបស់ជាតិដែលតំណាងឲ្យរាជរដ្ឋាភិបាលបច្ចុប្បន្ន ដោះស្រាយជាមួយភាគីថៃ ដើម្បីដោះស្រាយអធិបតេយ្យជាតិ ប៉ុន្ដែពេលនេះដំណើរការដោះស្រាយបញ្ហាមិនទាន់ត្រូវបានបិទបញ្ចប់ ផ្ទុយទៅវិញកំពុងស្មុគស្មាញ៕





















































