FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សាលាអនុគណក្រុងបាត់ដំបង ប្រគល់ទេយ្យទាន និងថវិកា ៤លានរៀល ជូនកាកបាទក្រហមកម្ពុជាខេត្តបាត់ដំបង ក្នុងបុព្វហេតុមនុស្សធម៌

22-10-2026 15:01

(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តបាត់ដំបង នៅរសៀលថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញទទួលយកទេយ្យទាន (សង្គហទាន) ជាគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់ និងបច្ច័យមួយចំនួន ពីព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា ព្រះរាជាគណៈកិត្តិយស និងជាព្រះគ្រូអនុគណក្រុងបាត់ដំបង ព្រមទាំងសហការី នៃសាលាអនុគណក្រុងបាត់ដំបង។

ពិធីប្រគល់-ទទួលនេះ បានប្រារព្ធធ្វើឡើងនៅវត្តឯករស្មី ហៅទួលតាឯក ស្ថិតក្នុងសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង ក្នុងឱកាសពិធីបុណ្យស្រោចស្រពព្រះសុគន្ធវារីព្រះមន្ត្រីសង្ឃសាលាអនុគណក្រុងបាត់ដំបង។

ព្រះសិរីសត្ថា ព្រះពុទ្ធរស្មី យឿម រដ្ឋសភា បានមានថេរដីកាថ្លែងអំណរគុណចំពោះសាខាកាកបាទក្រហមកម្ពុជា ដែលបានអនុញ្ញាតឱ្យព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង២៨ នៃគណៈមហានិកាយក្នុងក្រុងបាត់ដំបង បានចូលរួមចំណែកធ្វើសង្គហទានរួមគ្នា ដើម្បីជួយសម្រាលការលំបាកដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះខ្លាំង។

ក្នុងនោះ ទេយ្យទានរួមមានថវិកាចំនួន ៤,០០០,០០០ រៀល អង្ករ ១,៣៨០ គីឡូក្រាម មីកេស ៤៥ កេស ទឹកបរិសុទ្ធ ៥៦ កេស ភេសជ្ជៈ ៣២ កេស ទឹកត្រី ៣៣ យួរ ទឹកស៊ីអ៊ីវ ៣៩ យួរ និងគ្រឿងឧបភោគ-បរិភោគ សម្ភារប្រើប្រាស់សរុបចំនួន ១២មុខបន្ថែមទៀត។

ជាការឆ្លើយតប លោក សុខ លូ បានថ្លែងអំណរព្រះគុណ និងអរគុណចំពោះទឹកព្រះទ័យ និងទឹកចិត្តដ៏ជ្រះថ្លារបស់ព្រះមន្ត្រីសង្ឃ គណៈកម្មការវត្ត និងពុទ្ធបរិស័ទ ដែលបានចែករំលែកនូវទេយ្យទានទាំងអស់នេះ មកជូនសាខាកាកបាទក្រហមកម្ពុជាខេត្ត សម្រាប់បន្តចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបំផុត។

លោកអភិបាលខេត្តបានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ ប្រោសព្រំសព្ទសាធុការពរជ័យ សិរីសួស្តី សូមឱ្យព្រះរាជាណាចក្រកម្ពុជា បន្តស្ថិតក្នុងសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជានិច្ចនិរន្តរ៍។ សកម្មភាពដ៏ថ្លៃថ្លានេះ បានបង្ហាញឱ្យឃើញពីវប្បធម៌នៃការចែករំលែក និងការចូលរួមចំណែកក្នុងវិស័យមនុស្សធម៌យ៉ាងល្អប្រសើររវាងពុទ្ធចក្រ និងអាណាចក្រ ក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានទាន់ពេលវេលា៕