រដ្ឋបាលស្រុកទឹកឈូ រៀបចំសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាព នៅឆ្នេរកំសាន្តកោះស្មៅ, អភិបាលស្រុកណែនាំ ៦ចំណុច ដល់អាជីវករ អ្នកលក់ដូរនៅទីតាំងទាំងនោះ
22-10-2026 14:43
(កំពត)៖ ដើម្បីឲ្យតំបន់ឆ្នេរកំសាន្តកោះស្មៅ ស្ថិតក្នុងឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត មាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាព ដែលគួរឱ្យចាប់អារម្មណ៍ ពីសាធារណជន ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ មកកម្សាន្តលេង កាន់តែច្រើនឡើងពីមួយថ្ងៃទៅមួយថ្ងៃនោះ និងដោយមានការយកចិត្តទុកដាក់ ដោយចង្អុលបង្ហាញ ពីលោកបណ្ឌិត ម៉ៅ ធនិន អភិបាលខេត្តកំពត ពាក់ព័ន្ធនៅទីតាំងឆ្នេរកោះស្មៅ ដែលមានទេសភាព យ៉ាងស្រស់បំព្រង, លោក អុឹម ច័ន្ទសោធន អភិបាលស្រុកទឹកឈូ នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានបន្តណែនាំ ៦ចំណុចសំខាន់ ដល់អាជីវករ អ្នកលក់ដូរ នៅទីតាំងភូមិសាស្ត្រទាំងនោះ ដូចខាងក្រោម៖
*ទី១៖ បញ្ឈប់ការដាក់តុ កៅអី តុបតែងភ្លើងពណ៌ និងសំណង់ផ្សេងៗ នៅលើឆ្នេរខ្សាច់កំសាន្តកោះស្មៅចាប់ពីថ្ងៃនេះ ជាកំណត់ ដើម្បីប្រើប្រាស់ជាប្រយោជន៍សាធារណៈ។
*ទី២៖ ម្ចាស់ក្បាលដីទាំងអស់ ដែលជួលឱ្យអាជីវករលក់ដូរ ត្រូវរៀបចំតូបជួលនៅក្នុងដីកម្មសិទ្ធិផ្ទាល់ និងរៀបចំឲ្យមានសោភ័ណភាពល្អ។
*ទី៣៖ ម្ចាស់ក្បាលដីនៅឆ្នេរកំសាន្តកោះស្មៅទាំងអស់ មុនសាងសង់ ឬកែលម្អលក់ដូរ ត្រូវមកទំនាក់ទំនងនៅរដ្ឋបាលស្រុកទឹកឈូ ដើម្បីស្នើសុំលិខិតអនុញ្ញាតជាមុន។
*ទី៤៖ អាជីវករលក់ដូរ ត្រូវពង្រឹងគុណភាព ផលិតផល ម្ហូបអាហារ នំចំណី និងសេវាកម្មរបស់ខ្លួនឱ្យបានល្អប្រសើរ ព្រមទាំងធ្វើអនាម័យ បរិស្ថានឱ្យបានទៀងទាត់និ ងទុកដាក់សំរាមឲ្យបានត្រឹមត្រូវ ទៅតាមការណែនាំរបស់អាជ្ញាធរមូលដ្ឋាន។
*ទី៥៖ អាជីវករលក់ដូរ ត្រូវរក្សាសណ្ដាប់ធ្នាប់សាធារណៈ ហាមដាច់ខាតស្ទាក់ផ្លូវបក់ដៃ ហៅភ្ញៀវលើផ្លូវសាធារណៈ ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍ និងយថាហេតុផ្សេងៗ។
*ទី៦៖ ករណីមិនអនុវត្តតាមការណែនាំរបស់រដ្ឋបាលស្រុក អាជីវករលក់ដូរ ម្ចាស់ទីតាំងតូបជួល ត្រូវទទួលខុសត្រូវចំពោះច្បាប់។
ទន្ទឹមនេះ លោកអភិបាលស្រុកទឹកឈូ នឹងសង្ឃឹមថា បងប្អូនអាជីវករលក់ដូរ ម្ចាស់ទីតាំងជួល សាធារណៈជនទាំងអស់ជ្រាប និងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះដែរ លោកអភិបាលស្រុក ក្នុងនាមរដ្ឋបាលស្រុកទឹកឈូ សូមថ្លែងអំណរគុណអ្នកដែលបានចូលរួមជាមួយអាជ្ញាធរ ក្នុងការរៀបចំសណ្តាប់ធ្នាប់នៅទីតាំងខាងលើ ជាពិសេសសូមបងប្អូនប្រជាពលរដ្ឋ ទាំងអស់ អញ្ជើញមកកម្សាន្តសប្បាយរីករាយទាំងអស់គ្នា។ បើមានបញ្ហាសូមទំនាក់ទំនងមកអាជ្ញាធរ តាមទូរស័ព្ទលេខ៖ 012 424 389 ៕




















