FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រសួងមហាផ្ទៃ ជំរុញការផ្ដល់អត្តសញ្ញាណបណ្ណ និងឯកសារអត្តសញ្ញាណផ្សេងៗជូនពលរដ្ឋនៅខេត្តបាត់ដំបង ក្នុងនោះមានទាំងពលករដែលទើបវិលត្រឡប់ពីប្រទេសថៃ

22-10-2026 14:42

(បាត់ដំបង)៖ លោក ប៉ាវ ហមផាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុករួម នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំស្ដីពីការងារដឹកនាំគាំទ្រ តាមដាន និងជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរទូទៅ និងប្រជាពលរដ្ឋខ្មែរដែលទើបវិលត្រឡប់ពីប្រទេសថៃ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។

កិច្ចប្រជុំនេះធ្វើឡើងនៅសាលប្រជុំសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងឧត្តមសេនីយ៍ឯកបណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកអត្តសញ្ញាណកម្ម លោកអគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី មន្ត្រីជំនាញពាក់ព័ន្ធ នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ព្រមទាំងនាយក នាយករងរដ្ឋបាល អភិបាល អភិបាលរងក្រុង ស្រុក អធិការ អធិការរង មេឃុំ ចៅសង្កាត់ នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន មន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងជំរុញការអនុវត្តការផ្តល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារបញ្ជាក់អត្តសញ្ញាណផ្សេងទៀត ជូនប្រជាពលរដ្ឋ ស្របតាមផែនការ និងសន្ទស្សន៍ របស់ក្រសួងមហាផ្ទៃ។ លើសពីនេះក្រុមការងារនឹងធ្វើការតាមដាន និងរាយការណ៍អំពីវឌ្ឍនភាពជាប្រចាំ ដោយបង្ហាញពីលទ្ធផលសម្រេចបាន បញ្ហាប្រឈម និងដំណោះស្រាយ ព្រមទាំងបង្កើនការផ្សព្វផ្សាយជូនប្រជាពលរដ្ឋអំពីទីតាំងផ្តល់សេវា ឯកសារតម្រូវ និងនីតិវិធីពាក់ព័ន្ធ ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវាអត្តសញ្ញាណកម្មដោយងាយស្រួល ឆាប់រហ័ស និងមានប្រសិទ្ធភាព។ ជារួមកិច្ចការនេះស្របតាមផែនការយុទ្ធសាស្ត្ររបស់ក្រសួងមហាផ្ទៃ ក្នុងការលើកកម្ពស់គុណភាពសេវាសាធារណៈ ក្នុងក្របខ័ណ្ឌក្រសួងមហាផ្ទៃ។

លោក សុខ លូ បានលើកឡើងពីទិសដៅការងារដោយបន្តខិតខំជំរុញការផ្ដល់ឯកសារអត្តសញ្ញាណជូនប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ជំរុញការផ្ដល់សេវារដ្ឋបាល និងអត្រានុកូលដ្ឋាននៅគ្រប់ថ្នាក់រដ្ឋបាលឱ្យ បានលឿន រហ័ស តម្លាភាព គណនេយ្យភាព និងបរិយាប័ន្ន។

លោកអភិបាលខេត្ត បានសង្កត់ធ្ងន់ពីការបន្តផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរជូនប្រជាពលរដ្ឋកំណើនគ្រប់អាយុសេសសល់ និងអស់សុពលភាពគំរូថ្មីតាមផែនការដែលត្រូវផ្ដល់ក្នុងឆ្នាំ២០២៦ ដើម្បីឱ្យប្រជាពលរដ្ឋ មានអត្តសញ្ញាណបណ្ណមានសុពលភាព សម្រាប់ប្រើប្រាស់ក្នុងកិច្ចការងារផ្សេងៗ ជាពិសេសសម្រាប់ការបោះឆ្នោតនាពេលខាងមុខ។

លោក ប៉ាវ ហមផាន បានណែនាំក្រុមការងារក្រុង ស្រុក ដែលជាសេនាធិការរបស់ថ្នាក់ខេត្តបង្កើនការយកចិត្តទុកដាក់ ជាពិសេសលើការធ្វើផែនការឱ្យបានច្បាស់លាស់លើការជំរុញការផ្ដល់អត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ និងឯកសារអត្តសញ្ញាណផ្សេងទៀតជូនប្រជាពលរដ្ឋខ្មែរ ព្រមទាំងយកចិត្តទុកដាក់លើការផ្ដល់សេវាចល័ត និងការចុះបញ្ជី៕