ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ធំ ណែនាំមន្ត្រីសុខាភិបាលតែងតាំងថ្មី ត្រូវខិតខំលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំជូនអ្នកជំងឺ
22-10-2026 14:36
(កំពង់ធំ)៖ លោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន ប្រធានមន្ទីរសុខាភិបាលរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញប្រកាសតែងតាំងលោក សាន់ វឌ្ឍនៈ អនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក ដោយមានការចូលរួមពីសំណាក់លោកអភិបាលស្រុកតាំងគោក ស្រុកបារាយណ៍ ស្រុកសន្ទុក ព្រមទាំង លោក-លោកស្រីជាមេឃុំ ប្រធាន និងអនុប្រធានការិយាល័យជុំវិញស្រុក កងកម្លាំងទាំងបី ជាច្រើននាក់ផងដែរ។
ក្នុងឱកាសនោះលោកវេជ្ជបណ្ឌិត ញ៉ែម ពីង ប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ បានឡើងអានរបាយការណ៍ស្វាគមន៍ និងគូសបញ្ជាក់អំពីសមិទ្ធផល ព្រមទាំងបច្ចុប្បន្នភាពនៃការរីកចម្រើនក្នុងវិស័យសុខាភិបាលនៅតាមបណ្តាស្រុកទាំងបី រួមមាន៖ ស្រុកតាំងគោក ស្រុកបារាយណ៍ និងស្រុកសន្ទុក។
ជាមួយគ្នានេះដែរ អភិបាលស្រុកទាំងបី ជាពិសេសលោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានថ្លែងនូវការអបអរសាទរយ៉ាងកក់ក្តៅជូនចំពោះលោកអនុបណ្ឌិត សាន់ វឌ្ឍនៈ ដែលត្រូវបានរាជរដ្ឋាភិបាលតែងតាំងជាអនុប្រធានការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបារាយណ៍-សន្ទុក។
លោកក៏បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់របស់ក្រុមគ្រូពេទ្យ និងមន្ត្រីសុខាភិបាលទាំងអស់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ដោយបានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលស្រុក ក្នុងការឆ្លើយតប និងទប់ស្កាត់ការរាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជាការងារផ្តល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋនាពេលកន្លងមក។
នាកាសនោះដែរលោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីថ្នាក់ដឹកនាំ និងបានចែករំលែកនូវអនុសាសន៍ណែនាំសំខាន់ៗមួយចំនួនដល់មន្ត្រីដែលទើបទទួលបានការតែងតាំងថ្មី និងមន្ត្រីសុខាភិបាលទាំងអស់ ត្រូវពង្រឹងគុណភាពសេវាសុខាភិបាល៖ ត្រូវខិតខំលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ និងបង្កើនប្រសិទ្ធភាពនៃការផ្តល់សេវាថែទាំ ព្យាបាលជំងឺជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។ ពង្រឹងកិច្ចសហការ៖ បន្តបង្កើនកិច្ចសហការជិតស្និទ្ធរវាងការិយាល័យសុខាភិបាលស្រុកប្រតិបត្តិ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ និងផ្នែកពាក់ព័ន្ធ ដើម្បីធានានូវប្រសិទ្ធភាពការងារសុខភាពសាធារណៈ។
ជាមួយនោះជាមួយការគ្រប់គ្រង និងអភិវឌ្ឍន៍សមត្ថភាព លោកវេជ្ជបណ្ឌិត ប៉ឹក គឹមសាន ក៏បានណែនាំឱ្យត្រូវយកចិត្តទុកដាក់លើការគ្រប់គ្រងធនធានមនុស្ស ការបណ្តុះបណ្តាលបន្ថែមដល់បុគ្គលិកសុខាភិបាល និងការថែរក្សាឧបករណ៍ សម្ភារវេជ្ជសាស្ត្រឲ្យបានគង់វង្ស ដើម្បីឆ្លើយតបបានទាន់ពេលវេលាចំពោះតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ៕


























