ស្ថាបនិកប្រព័ន្ធផ្សព្វផ្សាយ Fresh News របស់កម្ពុជា អញ្ជើញចូលរួមវេទិកាកីឡាអន្តរជាតិ លើកទី១៤ នៅប្រទេសរុស្ស៊ី ដែលមានប្រទេសជាង៦០ចូលរួម !
22-10-2026 14:28
(រុស្ស៉ី)៖ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកបណ្តាញព័ត៌មាន Fresh News, CoolApp និង Fresh AI កំពុងចូលរួមវេទិកាកីឡាអន្តរជាតិលើកទី១៤ «រុស្ស៉ី៖ ប្រទេសកីឡា» ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងក្រាសណូយ៉ាស ប្រទេសរុស្ស៊ី ដើម្បីចូលរួមពិភាក្សាអំពីការអភិវឌ្ឍកីឡា នវានុវត្តន៍ឌីជីថល និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
បើយោងតាមការប្រកាសរបស់រដ្ឋមន្ត្រីក្រសួងកីឡារុស្ស៉ី លោក Mikhail Degtyarev នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ មានតំណាងមកពី ៦០ប្រទេស កំពុងចូលរួមវេទិកាកីឡាអន្តរជាតិលើកទី១៤ នៅទីក្រុង Krasnoyarsk ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមជាង ៥.០០០ នាក់។
យោងតាមព័ត៌មានកម្មវិធីឆ្នាំ២០២៦ វេទិកានេះមានវគ្គពិភាក្សាធុរកិច្ចជាង៤០ វាគ្មិន និងអ្នកសម្របសម្រួលជាង១២០រូប ព្រមទាំងមានតំណាងមកពី៣៥ប្រទេស រួមមានមន្ត្រីរដ្ឋាភិបាល អ្នកតំណាងសហព័ន្ធកីឡា ជើងឯកអូឡាំពិក ថ្នាក់ដឹកនាំធុរកិច្ច និងថ្នាក់ដឹកនាំប្រព័ន្ធផ្សព្វផ្សាយ។
ប្រធានបទសំខាន់ៗរួមមានការទូតកីឡា កិច្ចសហប្រតិបត្តិការអន្តរជាតិ ហេដ្ឋារចនាសម្ព័ន្ធកីឡា កីឡាបរិយាបន្ន និងការលើកកម្ពស់ការចូលរួមរបស់សាធារណជន។ បច្ចេកវិទ្យាក៏ជាចំណុចផ្តោតសំខាន់ ដោយមានការពិភាក្សាអំពីបញ្ញាសិប្បនិម្មិត ដំណោះស្រាយឌីជីថល វិទ្យាសាស្ត្រកីឡា និងការតាមដានសមត្ថភាពអត្តពលិក។ កម្មវិធីក៏ស្វែងយល់ពីការប្រើប្រាស់បណ្តាញសង្គម និងមាតិកាឌីជីថល ដើម្បីពង្រីកការចូលរួមរបស់ទស្សនិកជនក្នុងវិស័យកីឡាផងដែរ។
សម្រាប់វេទិកាកាលពីឆ្នាំ២០២៥ អ្នករៀបចំបានឱ្យដឹងថា មានអ្នកចូលរួមជាង៥,០០០នាក់ មកពីប្រទេសរុស្ស៊ី និង៥៨ប្រទេសផ្សេងទៀត៕





































