FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រសួង-ស្ថាប័ន ១៨ បានតភ្ជាប់ CamDX សម្រួលសេវាសាធារណៈដល់ MSMEs ស្មើនឹងជាង៥០០សេវា (Video inside)

22-10-2026 14:07

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានបញ្ជាក់ឲ្យដឹងថា ក្រសួង-ស្ថាប័ន ដែលផ្តល់សេវាសាធារណៈ ដល់សហគ្រាសមីក្រូតូច និងមធ្យម (MSMEs) ចំនួន១៨ បានតភ្ជាប់ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ថ្នាល CamDX)។

ការបញ្ជាក់ឲ្យដឹងបែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការ​អភិវឌ្ឍ​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នៅព្រឹក​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦នេះ ក្រសួង-ស្ថាប័ន ដែលផ្តល់សេវាសាធារណៈ ដល់ MSMEs ចំនួន ១៨ បានតភ្ជាប់ជាមួយថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ថ្នាល CamDX) បានដោយជោគជ័យ»។

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា ការតភ្ជាប់នេះ សម្រាប់ការផ្លាស់ប្តូរទិន្នន័យ រវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួងស្ថាប័ន តាមទម្រង់អេឡិចត្រូនិក ដែលមានន័យថា មនុស្សនឹងលែងធ្វើដំណើរពីកន្លែងមួយ ទៅកន្លែងមួយទៀតហើយ ពោលគឺទុកឱ្យទិន្នន័យអេឡិចត្រូនិកជាអ្នករត់វិញ។

បើតាមសម្តេចបវរធិបតី ហ៊ុន ម៉ាណែត, លើមូលដ្ឋាននេះ សេវាសាធារណៈអេឡិចត្រូនិកសម្រាប់ផ្តល់ជូនដល់ MSMEs គ្រប់វិស័យច្រើនជាង៥០០ បាននិងកំពុងត្រូវបានអភិវឌ្ឍ ​យ៉ាងសស្រាក់សស្រាំ ជាបន្តបន្ទាប់ លើថ្នាល CamDX ដែលការណ៍នេះ នឹងជួយកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងកាត់បន្ថយពេល នៃការស្នើសុំសេវាសាធារណៈ។

សូមជម្រាបថា ថ្នាល CamDX ឬ ថ្នាលផ្លាស់ប្ដូរទិន្នន័យកម្ពុជា (Cambodia Data eXchange) គឺជាកម្មវិធីបច្ចេកវិទ្យាថ្នាលផ្លាស់ប្ដូរទិន្នន័យ ដែលត្រូវបានអភិវឌ្ឍទាំងស្រុង ដោយអ្នកអភិវឌ្ឍកម្មវិធីខ្មែរ។

ថ្នាលនេះ ត្រូវបានដាក់ឱ្យប្រើប្រាស់កាលពីពាក់កណ្ដាលឆ្នាំ ២០១៩ ស្របពេលការដាក់ដំណើរការជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន។

CamDX ដើរតួនាទីជាថ្នាលបច្ចេកវិទ្យាឌីជីថលមួយឈរនៅកណ្តាល និងជាឆ្អឹងខ្នង ដែលអនុញ្ញាតឱ្យប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានរបស់ក្រសួង-ស្ថាប័នអាចចែករំលែកទិន្នន័យរវាងគ្នា និងគ្នា ដើម្បីបង្កើតជាសេវាសាធារណៈអនឡាញផ្សេងៗ។

ការរៀបចំយន្តការបច្ចេកវិទ្យាក្នុងការផ្លាស់ប្តូរទិន្នន័យនេះ បានសម្រួលដល់ការបំពេញការងារប្រកបដោយប្រសិទ្ធភាពចំពោះអ្នកផ្ដល់សេវា ជាពិសេសវិស័យសាធារណៈ និងកាត់បន្ថយនីតិវិធីស្មុគស្មាញចំពោះអ្នកទទួលសេវា៕