ស្អែកនេះ! វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា CAFE26 នឹងបើកទ្វារទទួលស្វាគមន៍ពុកម៉ែបងប្អូនចូលទស្សនាកម្សាន្ត
22-10-2026 13:22
(ភ្នំពេញ)៖ ស្អែកនេះ វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា CAFE26 ដែលរៀបចំដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងបើកទ្វារទទួលស្វាគមន៍ពុកម៉ែបងប្អូនចូលទស្សនាកម្សាន្ត។
គួរជម្រាបថា វេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE26) មានស្ដង់ប្រមាណជា ៤០០ ដែលនឹងដាក់បង្ហាញនូវកសិផលយុទ្ធសាស្ត្រ ៩មុខ ដូចជាអង្ករ, ស្វាយចន្ទី, ម្រេច, បន្លែ, ត្រី, ដំឡូងមី, កៅស៊ូ, ឈើ និងស្វាយ ដោយបង្ហាញនូវផលិតផលសម្រេចជាច្រើនប្រភេទចេញពីកសិផលទាំងនេះ។
វេទិកា និងពិព័រណ៍កសិកម្មកម្ពុជាឆ្នាំ២០២៦ (CAFE26) គឺជាព្រឹត្តិការណ៍កសិកម្មដ៏ធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា ដែលគ្រោងនឹងរៀបចំនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៦។
ព្រឹត្តិការណ៍ CAFE26 នឹងក្លាយជាវេទិកាដ៏រស់រវើក ដែលមានគោលបំណងលើកកម្ពស់ពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ និងជំរុញការច្នៃប្រឌិតក្នុងវិស័យកសិស្បៀងអាហារនៅព្រះរាជាណាចក្រកម្ពុជា។
CAFE26 គឺជាព្រឹត្តិការណ៍ក្នុងវិស័យកសិស្បៀងអាហារដែលមានទំហំ និងវិសាលភាពធំបំផុតនៅព្រះរាជាណាចក្រកម្ពុជា។ ព្រឹត្តិការណ៍ នេះនឹងរួមបញ្ចូលវេទិកាកសិកម្មកម្រិតខ្ពស់រយៈពេលបីថ្ងៃ និងពិព័រណ៍កសិកម្មរយៈពេលបីថ្ងៃដូចគ្នា៕










