សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) កុំលោភការងារ ក្រសោបយកគ្រប់ការងារ (Video inside)
22-10-2026 11:50
(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងផ្តល់អនុសាសន៍ដល់អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម (SME-CU) ឱ្យផ្តោតលើការងារស្នូល និងជៀសវាងការក្រសោបយកគ្រប់ការងារ ដើម្បីធានាបាននូវប្រសិទ្ធភាពខ្ពស់ក្នុងការជួយសម្របសម្រួលដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យម លើកិច្ចការងាររដ្ឋបាលសំខាន់ៗ។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ នាឱកាសដែលសម្ដេចអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងបញ្ជាក់ថា ឥលូវយើងបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម Small and Medium Enterprise Coordination Unit (SME-CU) ជាអង្គភាពមួយដែលមិននៅក្រោមក្រសួងស្ថាប័នណាទេ ប៉ុន្តែមានសិទ្ធក្នុងការសម្របសម្រួលក្នុងការចុះបញ្ជី, រាល់កិច្ចការចុះបញ្ជីទាំងអស់ អត់មានរត់ទៅក្រសួងណាទៀតទេ គឺត្រូវមកទីតាំង SME- CU នេះ ដើម្បីឱ្យមានការជួយសម្របសម្រួលដោះស្រាយបញ្ហា មានន័យថា អតិថិជនដែលធ្វើការ SME ដែលត្រូវការអាជ្ញាបណ្ណ ឫត្រូវការអ្វីៗផ្សេងគឺមកតែទៅតាំង SME- CU នេះមួយទេ ដោយមិនបាច់ទៅទីតាំងណាផ្សេងនោះទេ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម គឺសម្រាប់ជួយសម្របសម្រួល និងដោះស្រាយបញ្ហា ជាមួយក្រសួង ស្ថាប័នផ្សេងៗ ដើម្បីកុំឱ្យមានផលលំបាកដល់អតិថិជន និង SME ថ្នាក់មីក្រូ។
ជុំវិញការបង្កើតអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម SME- CU នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះថា «គោលដៅធំបំផុតថ្ងៃក្រោយគឺដោះស្រាយបញ្ហាស្មុគស្មាញមួយរបស់ប្រជាពលរដ្ឋ, របស់អតិថិជន, របស់ SME យើងផ្តោតលើ SME ដែលភាគច្រើននៅក្រសួងដែលធ្វើ ហើយភាគច្រើននៅថ្នាក់ក្រោមជាតិ ដែលមីក្រូធ្វើតូចៗទេ តែយើងផ្តោតតែលើ SME, ខ្ញុំថា កុំលោភពេកការងារ ព្រោះពេលសរសេរភារកិច្ចមកតំបូងថ្ងៃមុន គឺគ្របទាំងអស់ ខ្ញុំថា បើសរសេរមកចឹងក្រសួងរំលាយចោលទៅ បើធ្វើការជំនួសគេហើយ, អត់ទេ ផ្តោតតែគន្លឹះណាមួយដែលសំខាន់បានហើយ ធ្វើតែបន្តិចប៉ុណ្ណឹងដើម្បីជួយសម្រួល ព្រោះបើស្ទះវាមិនមែនស្ទះទាំងអស់នោះទេ»។
សូមបញ្ជាក់ថា អង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ( អ.ស.ត.ម. ឬជាភាសាអង់គ្លេសថា SME-CU) ត្រូវបានបង្កើតឡើងជាផ្លូវការតាមរយៈព្រះរាជក្រឹត្យលេខ នស/រតក/០៩២៦/៩១៨ កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៦។ អង្គភាពនេះត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំផ្ទាល់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីដើរតួជាច្រកចេញចូលតែមួយ (Single Window) ក្នុងការជួយសម្របសម្រួលដល់ម្ចាស់សហគ្រាសធុនតូច និងមធ្យមលើកិច្ចការងាររដ្ឋបាលសំខាន់ៗ រួមមាន៖ ការស្នើសុំចុះបញ្ជីអាជីវកម្ម, ការផ្តល់ ឬការបន្តអាជ្ញាបណ្ណ និងលិខិតអនុញ្ញាតផ្សេងៗ, ការតាមដាន និងសម្របសម្រួលការផ្តល់ការលើកទឹកចិត្តផ្សេងៗពីរាជរដ្ឋាភិបាល យន្តការថ្មីនេះធ្វើឡើងក្នុងគោលបំណងកាត់បន្ថយភាពស្មុគស្មាញ ពេលវេលា និងការចំណាយនានាសម្រាប់សហគ្រាសក្នុងស្រុក៕




















































