សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ សហគ្រាសមីក្រូធុន តូច និងមធ្យម បានរួមចំណែកប្រមាណ ៦៣% នៃ GDP និងបង្កើតការងារបានលើសពី៧០% (Video inside)
22-10-2026 11:28
(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលបន្តយកចិត្តទុកដាក់ខ្ពស់លើការអភិវឌ្ឍសហគ្រាសមីក្រូធុន តូច និងមធ្យម (MSMEs) នៅកម្ពុជា ខណៈ MSMEs គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ និងជំរុញផលិតកម្មក្នុងស្រុក។
ក្នុងឱកាសអញ្ជើញជាអធិបតីពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» នាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច MSMEs សរុបចំនួន ៧៥ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ១.៨លាននាក់។ លទ្ធផលនេះបានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០ភាគរយ (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។
សម្តេចបវរធិបតី បានគូសបញ្ជាក់ថា «ការយកចិត្តទុកដាក់លើការអភិវឌ្ឍ MSMEs មិនមែនទើបតែចាប់ផ្តើមនៅពេលនេះទេ។ រាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងចក្ខុវិស័យ វែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបច្ចុប្បន្ន ជាប្រធានព្រឹទ្ធសភា បានកសាងមូលដ្ឋានសន្តិភាព ស្ថិរភាព ហេដ្ឋារចនាសម្ព័ន្ធ ក្របខ័ណ្ឌច្បាប់ និង បរិយាកាសធុរកិច្ច ដែលបានបើកផ្លូវឱ្យវិស័យឯកជន និងសហគ្រាសក្នុងស្រុករីកចម្រើន និងតភ្ជាប់កាន់តែ ជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកល»។
សម្តេចបវរធិបតីមានប្រសាសន៍ថា ឈរលើមូលដ្ឋាននេះ រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» ដោយក្នុងនោះ បញ្ចកោណទី៣ ផ្តោតលើ «ការអភិវឌ្ឍវិស័យឯកជន និងការងារ» បានចាត់ទុកការលើកកម្ពស់បរិយាកាសធុរកិច្ច និងការពង្រឹងសមត្ថភាព MSMEs ជាអាទិភាពស្នូល។ គោលដៅនេះ គឺធ្វើយ៉ាងណាឱ្យសហគ្រាសក្នុងស្រុកមានផលិតភាពខ្ពស់ជាងមុន ប្រើបច្ចេកវិទ្យាប្រសើរជាងមុន ផលិតបានតាមស្តង់ដា មានលទ្ធភាពទទួលបានហិរញ្ញប្បទាន និងជំនាញបច្ចេកទេស និងអាចឈានចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងទីផ្សារដែលមានតម្លៃបន្ថែមខ្ពស់ ខណៈកម្ពុជាកំពុងត្រៀមខ្លួនចាកចេញពីឋានៈជាប្រទេសដែលមាន ការអភិវឌ្ឍតិចតួចនៅចុងឆ្នាំ២០២៩ ខាងមុខ។
បន្ថែមពីនេះសម្តេចបវរធិបតី លើកឡើងថា កាលពីដើមអាណត្តិ រាជរដ្ឋាភិបាលបានដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពី ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨- ដើម្បីបើកផ្លូវឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំង អ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។ជាមួយគ្នានេះ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬ ហៅថា Startup) ឆ្នាំ២០២៦-២០៣០ ក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនុវានុវត្តន៍ ការច្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មី ផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជា កាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។ ដោយឡែក «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» ដែលប្រកាសដាក់ឱ្យអនុវត្តក្នុងថ្ងៃនេះ គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡា គ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស៕





















































