FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រសាសន៍សំខាន់ៗរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអញ្ជើញប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»

22-10-2026 10:54

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវ​នឹង​ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យ​អនុវត្តជា​ផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការ​អភិវឌ្ឍ​សហគ្រាស​ធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០»។

ក្នុងបរិបទដែលកម្ពុជាកំពុងបន្តធ្វើពិពិធកម្មសេដ្ឋកិច្ច បង្កើនផលិតភាព និងត្រៀមខ្លួន​សម្រាប់​ការ​ចាកចេញពីឋានៈប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩ ការពង្រឹងសមត្ថ​ភាព និងភាពប្រកួតប្រជែងរបស់កម្ពុជា ជាការងារចាំបាច់។ ជាក់ស្តែងសហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) គឺជាមូលដ្ឋានដ៏សំខាន់នៃសេដ្ឋកិច្ចកម្ពុជា ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល ជំរុញសហគ្រិនភាព និងពង្រឹងភាពធន់នៃសេដ្ឋកិច្ចជាតិ ដែលត្រូវបាន​រាជរដ្ឋាភិបាល កំណត់ជាអាទិភាពមួយក្រោមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយ​ផ្តោតលើការកែលម្អបរិយាកាសធុរកិច្ច ការធ្វើនិយ័តកម្មសហគ្រាស ការបង្កើន​ផលិត​ភា​ព ការចាប់យកបច្ចេកវិទ្យា និងនវានុវត្តន៍ ការពង្រឹងគុណភាព និងស្តង់ដារ ការទទួលបាន​ហិរញ្ញប្បទាន និងការពង្រីកទីផ្សារ។

ខាងក្រោមនេះជាប្រសាសន៍សំខាន់ៗរប​ស់សម្តេចធិបតី ហ៊ុន ម៉ាណែត៖

* សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា សហគ្រាសធុនមីក្រូ តូច និងមធ្យម (ឬហៅកាត់ថា MSMEs) គឺជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ» និងជាដៃគូដ៏សំខាន់របស់រាជ​រដ្ឋា​ភិបាល ក្នុងការបង្កើតការងារ បង្កើនចំណូលគ្រួសារ ជំរុញផលិតកម្មក្នុងស្រុក និងពង្រឹងភាព​ធន់​នៃសេដ្ឋកិច្ច។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ច ដែលយើងអាច​ចាត់​ទុកថាជា MSMEs សរុបចំនួន ៧៥ម៉ឺន ដែលប្រើប្រាស់កម្លាំងពលកម្មសរុបប្រមាណ ៣ លាននាក់ ក្នុងនោះស្រ្តីមានប្រមាណ ១,៨ លាននាក់។ លទ្ធផលជំរឿននេះ បានបង្ហាញថា MSMEs បានរួមចំណែកប្រមាណ ៦៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងផ្ដល់ការងារលើសពី ៧០ភាគរយ (ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម)។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការយកចិត្តទុកដាក់លើការអភិវឌ្ឍ MSMEs មិនមែនទើបតែចាប់ផ្តើមនៅពេលនេះទេ។ រាជរដ្ឋាភិបាលអាណត្តិមុនៗ ក្រោមការ​ដឹក​នាំរបស់សម្តេចតេជោ ហ៊ុន សែន បានកសាងមូលដ្ឋានសន្តិភាព ស្ថិរភាព ហេដ្ឋារចនា​សម្ព័ន្ធ ក្របខ័ណ្ឌច្បាប់ និងបរិយាកាសធុរកិច្ច ដែលបានបើកផ្លូវឱ្យវិស័យឯកជន និងសហ​គ្រាស​ក្នុងស្រុករីកចម្រើន និងតភ្ជាប់កាន់តែជិតស្និទ្ធទៅនឹងសេដ្ឋកិច្ចតំបន់ និងសកល។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលនីតិកាលទី៧ បានដាក់ឱ្យអនុវត្តរួចមកហើយនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» ដើម្បីបើកផ្លូវឱ្យអ្នក សេដ្ឋកិច្ចក្រៅប្រព័ន្ធ រួមទាំងអ្នកប្រកបរបរ និងអាជីវកម្មធុនមីក្រូ និងតូចនៅក្រៅប្រព័ន្ធ អាចទទួលបានការគាំទ្រកាន់តែទូលំទូលាយ ស្របតាមគោលការណ៍ «មិនទុកនរណាម្នាក់ចោល»។ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី (ឬហៅថា Startup) ឆ្នាំ២០២៦-២០៣០» ក៏ទើបតែត្រូវបានដាក់ឱ្យអនុវត្តថ្មីៗនេះ ដើម្បីជំរុញនុវានុវត្តន៍ការឆ្នៃប្រឌិត ក្នុងការបង្កើតគំរូអាជីវកម្មថ្មី ផ្អែកលើបច្ចេកវិទ្យា សំដៅផ្តល់ឱកាសដល់យុវជនកម្ពុជា កាន់តែមានលទ្ធភាពចូលរួមក្នុងការធ្វើធុរកិច្ច និងសហគ្រិនភាព។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដាក់ឱ្យអនុវត្ត «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» គឺជាជំហានបន្ទាប់ ក្នុងការតភ្ជាប់គោលនយោបាយ និងយន្តការគាំទ្រនានា ឱ្យកាន់តែប្រទាក់ក្រឡា​គ្រប់ជ្រុងជ្រោយ និងឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់សហគ្រាស។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវវិធានការគាំទ្រជាបន្តបន្ទាប់ ដើម្បីជំរុញការអភិវឌ្ឍ MSMEs ដូចជា៖ (១)ការជំរុញ និងការលើកកម្ពស់សហគ្រិនភាព និងការចាប់យកបច្ចេកវិទ្យាឌីជីថល តាមរយៈការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព និង សហគ្រិនខ្មែរ ដែលបាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា, (២) ការគាំទ្រដល់ការអភិវឌ្ឍជំនាញ ជាពិសេស តាមរយៈការបង្កើតមូលនិធិអភិវឌ្ឍន៍ជំនាញ ដែលបានចំណាយថវិកាគាំទ្រដល់ MSMEs សរុបចំនួន ១៥,២៧ លានដុល្លារអាម៉េរិក សម្រាប់គម្រោងបណ្តុះបណ្តាលសិក្ខាកាម ចំនួន ៧៦ ០០០ នាក់ (គិតត្រឹមចុងខែកញ្ញា ឆ្នាំ២០២៦), (៣) ការលើកកម្ពស់ស្តង់ដាផលិតផល តាមរយៈ
ការពង្រឹងប្រព័ន្ធអេកូឡូស៊ីនៃហេដ្ឋារចនាសម្ព័ន្ធគុណភាពជាតិ រួមមានការផ្តល់សេវានៃការធ្វើតេស្តពិសោធន៍ ការធ្វើស្តង់ដារូបនីយកម្ម ការវាយតម្លៃអនុលោមភាពផលិតផលឬសេវាកម្ម ការធ្វើព្យាសកម្ម និងត្រួតពិនិត្យផ្ទៀងផ្ទាត់ឧបករណ៍មាត្រាសាស្ត្រ និងការវាយតម្លៃទទួលស្គាល់, (៤) ការលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន និងឥណទាន តាមរយៈការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម សាជីវកម្មធានាឥណទានកម្ពុជា ជាដើម។ ក្នុងនោះ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា បាន បញ្ចេញឥណទានដោយផ្ទាល់ និងតាមរយៈគម្រោងសហហិរញ្ញប្បទាន ជូនសហគ្រាសធុនតូច និង មធ្យម ចំនួន ៤ ០១៤ សហគ្រាស ស្មើនឹងទំហំឥណទាន ៦៦២ លាន ដុល្លារអាម៉េរិក (គិតត្រឹមថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦)។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា កន្លងមកសម្តេចបានជួបដោយផ្ទាល់ជាមួយ កម្មករ-និយោជិត សហគ្រិន និងម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ឱ្យបានច្បាស់ថាតើបងប្អូនជួបការលំបាកអ្វីខ្លះ ដូចជា បញ្ហាដើមទុន បញ្ហា បច្ចេកទេស បញ្ហាទីផ្សារ ការប្រកួតប្រជែង ជាមួយទំនិញនាំចូល ថ្លៃដើមផលិតកម្ម ឬភាពស្មុគស្មាញ នៃនីតិ វិធីរដ្ឋបាល។ ដើម្បីឆ្លើយតបនឹងការត្អូ ញត្អែរ និងការលើកសំណូមពរ សម្តេចបានណែនាំឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ គិតគូររកដោះស្រាយជាបន្តបន្ទាប់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បញ្ហាតូចៗនាំឱ្យស្ទះដល់ការងារធំ ស្លឹកឈើមួយសន្លឹក អាចធ្វើឱ្យស្ទះទទាំងមូល។ ត្រង់ចំណុចនេះ សម្តេចចង់បញ្ជាក់ថា ការងារទាំងឡាយ ត្រូវគិតពីកម្រិតតូចៗឡើងទៅ ដើម្បីឱ្យដំណើរការងារបានរលូន និងល្អប្រសើរ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តាំទៅក្រសួងនីមួយៗកុំលោភការងារ ក្រសោបយកគ្រប់ការងារ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ដើម្បីជំរុញការចាប់ផ្តើម​អនុវត្ត​យុទ្ធ​សាស្ត្រនេះប្រកបដោយប្រសិទ្ធភាព និងទទួលផ្លែផ្កាពិតប្រាកដ, រាជរដ្ឋាភិបាលកំពុងរៀបចំ និងដាក់ចេញនូវលិខិត​បទដ្ឋានគតិយុត្ត និងវិធានការបន្ទាន់មួយចំនួនក្នុងរយៈ​ពេលខ្លីខាង​មុខ​នេះ ដែលខ្ញុំសូមជម្រាបជូនដូចខាងក្រោម៖

ទី១៖ ការបង្កើត និងដាក់ឱ្យដំណើរការអង្គភាពសម្របសម្រួលសហគ្រាសធុនតូច និងមធ្យម ជាច្រកចេញចូលតែមួយ ដែលធ្វើការសម្របសម្រួលសេវាចុះបញ្ជី និងការស្នើសុំអាជ្ញាបណ្ណ និងលិខិតអនុញាតផ្សេងៗ។ ចាប់ពីពេលនេះតទៅ ធុរជនមិនចាំចាប់ធ្វើដំណើរទៅគ្រប់ក្រសួងស្ថាប័នទៀតឡើយ។

ទី២៖ ការគ្រោងដាក់ឱ្យអនុវត្តគម្រោងសាកល្បងនៃការស្នើសុំចុះបញ្ជី និងការផ្តល់អាជ្ញា​បណ្ណ និងលិខិតអនុញ្ញាតពាក់ព័ន្ធផ្សេងៗ ជាកញ្ចប់ តាមរយៈការធ្វើសាមញ្ញកម្មនីតិវិធី​ជា​អតិ​បរមា តាមថ្នាលCamDX ទាំងស្រុង នាពេលខ្លីខាងមុខ។ នេះជាគម្រោងជាក់ស្តែងមួយ ដែល​មានគោលបំណងឆ្លើយតបនឹងកង្វល់របស់ធុរជនកន្លងមក។

ទី៣៖ គិតត្រឹមដំណាច់ខែកញ្ញា ឆ្នាំ២០២៦ នេះ, ក្រសួង ស្ថាប័ន ដែលផ្តល់សេវាសាធារណៈ​ដល់MSMEs ចំនួន ១៨ បានតភ្ជាប់ជាមួយ ថ្នាលផ្លាស់ប្តូរទិន្នន័យកម្ពុជា (ថ្នាល CamDX) បានដោយជោគជ័យ សម្រាប់ការផ្លាស់ប្តូរទិន្នន័យរវាងប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន របស់ក្រសួង-ស្ថាប័ន តាមទម្រង់អេឡិចត្រូនិក ដែលមានន័យថា មនុស្សនឹងលែងធ្វើ​ដំណើរ​ពីកន្លែងមួយទៅកន្លែងមួយទៀតហើយ ពោលគឺទុកឱ្យទិន្នន័យអេឡិចត្រូនិកជាអ្នករត់វិញ។

លើមូលដ្ឋាននេះសេវាសាធារណៈអេឡិចត្រូនិកសម្រាប់ផ្តល់ជូនដល់ MSMEs គ្រប់វិស័យ បាន និងកំពុងត្រូវបានអភិវឌ្ឍយ៉ាងសស្រាក់សស្រាំ ជាបន្តបន្ទាប់ លើថ្នាល CamDX ដែលការណ៍នេះនឹងជួយកាត់បន្ថយភាពស្មុគស្មាញនៃនីតិវិធី និងកាត់បន្ថយពេលនៃការស្នើសុំសេវាសាធារណៈ។

ទី៤. រាជរដ្ឋាភិបាល បាននិងកំពុងរៀបចំសេចក្តីព្រាង «អនុក្រឹត្យសំខាន់ចំនួនពីរ» បន្ថែម​ទៀតគឺ៖ «អនុក្រឹត្យស្តីពីការគ្រប់គ្រងវដ្តអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យម» ដែលកំណត់អំពីបែបបទ និងនីតិវិធីនៃការគ្រប់គ្រងវដ្តអាជីវកម្ម ដោយគិតចាប់ពីការ​ចាប់​ផ្តើម ការធ្វើប្រតិបត្តិការ និងការបិទអាជីវកម្ម និងមានបញ្ចូលនីតិវិធីនៃការចាត់ថ្នាក់ (Classify) សហគ្រាសជាសហគ្រាសធុនតូច និងមធ្យម និង «អនុក្រឹត្យទី២ ស្តីពីការ​លើក​ទឹក​ចិត្តដល់សហគ្រាសធុនតូចនិងមធ្យម» ដែលផ្តល់ការលើកទឹកចិត្តទាំងផ្នែក​សារ​ពើពន្ធ ទាំងផ្នែកមិនមែនសារពើពន្ធ ។ ការតាក់តែងសេចក្តីព្រាងអនុក្រឹត្យទាំង​ពីរត្រូវបាន​បញ្ចប់ ហើយខ្ញុំនឹងពិនិត្យមើលចុងក្រោយ មុនអាចដាក់ចេញឱ្យអនុវត្ត ក្នុងពេលឆាប់ៗ ខាងមុខ។

* លោកបណ្ឌិតផ្នែកសេដ្ឋកិច្ច កង ច័ន្ទតារារ័ត្ន ត្រូវបានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់សេចក្តីទុកចិត្តឲ្យដឹកនាំការធ្វើកំណែទម្រង់ផ្នែកសហគ្រាសមីក្រូធុន តូច និងមធ្យម។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា យុទ្ធសាស្ត្រដែលដាក់ចេញនៅថ្ងៃនេះ បានបង្កើតនូវក្របខ័ណ្ឌគោលនយោបាយ និងយន្តការសំខាន់ៗ សម្រាប់គាំទ្រការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅកម្ពុជា។ ប៉ុន្តែឯកសារល្អ ក្របខ័ណ្ឌល្អ និងយន្តការល្អ នឹងមានតម្លៃពេញលេញ លុះត្រាតែត្រូវបានបំប្លែងទៅជាការអនុវត្តជាក់ស្តែង និងលទ្ធផលដែលម្ចាស់សហគ្រាសអាចមើលឃើញ និងទទួលបានផលប្រយោជន៍ពិតប្រាកដ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យជំរុញការធ្វើបរិវត្តកម្មឌីជីថល និងនវានុ​វត្ត​ន៍ ក្នុងចំណោមសហគ្រាសធុនមីក្រូ តូច និងមធ្យមនៅក្នុងយុគ​សម័យ​​បដិវត្តន៍ឧស្សា​ហកម្មទី៤ បច្ចេកវិទ្យាឌីជីថលមិនមែនជា ជម្រើសទៀតទេ តែជាការរស់រានមានជីវិតរបស់អាជីវកម្ម។ ក្នុងន័យនេះ ក្រសួង ស្ថាប័នពាក់ព័ន្ធ ជាពិសេសក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ គណៈកម្មាធិការធុរកិច្ច និងសេដ្ឋកិច្ចឌីជីថល និងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ត្រូវសហការគ្នាបន្តលើកកម្ពស់ការយល់ដឹង និងជួយគាំទ្រ ផ្នែកបច្ចេកទេសដើម្បីឱ្យ MSMEs កម្ពុជាអាចចាប់ យក បច្ចេកវិទ្យាឌីជីថល និងប្រព័ន្ធស្វ័យប្រវត្តិកម្ម ក្នុងការគ្រប់គ្រងអាជីវកម្ម។ ដូច្នេះត្រូវពង្រីក ការប្រើប្រាស់ទីផ្សារអេឡិចត្រូនិក (E-commerce) ការទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល និងការ តាម ដាន គុណភាពផលិតផល ទន្ទឹមនឹងការជំរុញការ-ស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) តាមរយៈ ការត ភ្ជាប់ រវាង គ្រឹះស្ថានអប់រំ វិទ្យាស្ថានស្រាវជ្រាវជាមួយនឹងសហគ្រាស ដើម្បីបង្កើតផលិតផលថ្មីៗ រួមទាំងការវេចខ្ចប់ ប្រកបដោយសោភណភាព ភាពច្នៃប្រឌិត និងមានតម្លៃបន្ថែមខ្ពស់។

* សម្តេចអំពាវនាវដល់សហគ្រាស និងអាជីវកម្មគ្រប់ប្រភេទ សូមនាំគ្នាចាប់យកបច្ចេកវិទ្យាឌីជីថល និងនវានុវត្តន៍ ទោះក្នុងជំហានតិចតួចក្តី ច្រើនក្តី និងសូមពង្រឹង និងពង្រីកសមត្ថភាពរបស់ខ្លួន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដោះស្រាយបញ្ហាប្រឈមក្នុងការទទួលបានហិរញ្ញប្បទាន (Access to Finance)ដើមទុន គឺជាចរន្តឈាមរបស់អាជីវកម្ម។ ក្នុងន័យនេះ សម្តេចស្នើឱ្យធនាគារជាតិនៃកម្ពុជា ធនាគារសហគ្រាសធុនតូច និងមធ្យមនៃកម្ពុជា (SME Bank) ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) សាជីវកម្មធានាឥណទានកម្ពុជា (CGCC) គ្រឹះស្ថានហិរញ្ញវត្ថុឯកជន និងទីផ្សារមូលបត្រ បន្តអភិវឌ្ឍ និងពង្រីកផលិតផលហិរញ្ញវត្ថុថ្មីៗ ប្រកបដោយនវានុវត្តន៍, រៀបចំយន្តការផ្តល់កម្ចីដែលមានអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌបត់បែន, និងជំរុញការអប់រំផ្នែកហិរញ្ញវត្ថុ (Financial Literacy) ដល់ម្ចាស់អាជីវកម្ម ខ្នាតតូច ដើម្បីឱ្យពួកគាត់ចេះរៀបចំគម្រោងអាជីវកម្ម និងរបាយការណ៍ហិរញ្ញវត្ថុបានត្រឹម ត្រូវ និងមានតម្លាភាព ដែលជាលក្ខខណ្ឌដ៏សំខាន់ក្នុងការកសាងទំនុកចិត្ត ដើម្បីទទួលបានហិរញ្ញប្បទាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានរំលេចថា ក្នុងរយៈពេល ៩ ខែដំបូងនៃឆ្នាំ២០២៦ មានផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១.១០០ មុខផលិតផល បើធៀបនឹង ៩ ខែដូចគ្នាកាលពីឆ្នាំមុន (ប្រមាណ ១.៥០០ មុខផលិតផល)។ ក្នុងន័យនេះ សម្តេចអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្តល់ អាទិភាពដល់ផលិតផលខ្មែរដែលមានគុណភាព។ ការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយដល់ម្ចាស់សហគ្រាសផលិតនោះទេ ប៉ុន្តែជួយរក្សាការងារ បង្កើតចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់យើង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការអភិវឌ្ឍមូលធនមនុស្ស និងការពង្រឹងសមត្ថភាពសហគ្រិនភាព ការកសាងសមត្ថភាពមនុស្ស គឺជាកត្តាស្នូល និងជាថាមពលជំរុញដ៏សំខាន់បំផុត។ ក្រសួងអប់រំ យុវជននិងកីឡា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មូលនិធិអភិវឌ្ឍន៍ជំនាញ រួមជាមួយវិស័យឯកជន ត្រូវពង្រឹងនិងពង្រីកកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដែលឆ្លើយតបយ៉ាងពិតប្រាកដ ទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារនៃ MSMEs ដូចជាជំនាញមេកានិច ជំនាញកែច្នៃម្ហូបអាហារ ជំនាញឌីជីថល និងសេវាកម្ម។ ជាងនេះទៅទៀត ការបណ្តុះបណ្តាលផ្នត់គំនិតសហគ្រិនភាព (Entrepreneurial Mindset) ដល់យុវជន និស្សិត និងម្ចាស់អាជីវកម្ម ត្រូវធ្វើឡើងជាប្រចាំតាំងពីកម្រិតមធ្យមសិក្សា ដើម្បីឱ្យពួកគាត់មានភាពក្លាហាន ភាពច្នៃប្រឌិត ការហ៊ានទទួលយកហានិភ័យ ប្រកបដោយការគិតគូរខ្ពស់ និង ស្មារតីមិនចុះចាញ់ចំពោះឧបសគ្គ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការបន្តសម្រួលបរិយាកាស​ធុរកិច្ច និងការជំរុញការធ្វើបរិវត្តកម្មពីសេដ្ឋកិច្ចក្រៅប្រព័ន្ធមកក្នុងប្រព័ន្ធការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់នូវគោលនយោបាយ ត្រូវដើរទន្ទឹមគ្នានឹងការប្តេជ្ញាចិត្ត ក្នុងការអនុវត្តប្រកប​ដោយ​ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់ ជាពិសេស ក្នុងការកាត់បន្ថយនីតិវិធីរដ្ឋបាល​ដែល​មិនចាំបាច់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយត្រូវប្រកាន់ខ្ជាប់នូវស្មារតី «ជួយ​គាំទ្រ​ដល់សហគ្រាស» ជាជាងដើម្បីតែចាប់កំហុស ដាក់ទោសទណ្ឌ និងផាកពិន័យ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដាក់ចេញជាបទបញ្ជាឱ្យគ្រប់អង្គភាព និងមន្ត្រីជាអ្នក​ផ្តល់សេវាសាធារណៈទាំងអស់ ត្រូវពង្រឹង និងលើកកម្ពស់សមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយ​តប​ទៅនឹងបរិការណ៍ និងការវិវត្តឥតឈប់ឈរនៃលក្ខខណ្ឌទីផ្សារ។ សូមកែលម្អប្រព័ន្ធ​ផ្តល់​សេវា កែតម្រូវផ្នត់គំនិត និងអភិក្រមនៃការផ្តល់សេវាសាធារណៈ។ សូមយកអាសារ​វិស័យ​ឯកជនដែលជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល សំដៅធ្វើយ៉ាងណាឱ្យ MSMEs របស់យើងអាចលូតលាស់ រីកធំធាត់ កាន់តែរឹងប៉ឹង ក្លាយជាគ្រឹះដ៏រឹងមាំយ៉ាង​ពិតប្រាកដ​នៃសេដ្ឋកិច្ចជាតិ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ត្រូវលើកទឹកចិត្ត និងគាំទ្របច្ចេកទេសដល់MSMEs ក្នុងការអនុវត្តគោលការណ៍ផលិតកម្មស្អាត ការសន្សំសំចៃថាមពល ការប្រើ ប្រាស់ ថាមពលកកើតឡើងវិញ ការគ្រប់គ្រងសំណល់តាមគោលការណ៍សេដ្ឋកិច្ចចក្រា (Circular Economy) និងការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពខ្ពស់។ ការអនុវត្តស្តង់ដាបរិស្ថាន មិនត្រឹម តែជួយការពារភពផែនដី និងសុខភាពប្រជាជនយើងប៉ុណ្ណោះទេ តែវាក៏ជាសំបុត្រឆ្លងដែន (Passport) ដ៏មានឥទ្ធិពល ក្នុងការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិសំខាន់ៗ ដែលកំពុងទាមទារ ឱ្យមានការអនុលោមតាមស្តង់ដាបរិស្ថាន សង្គម និងអភិបាលកិច្ច (ESG) យ៉ាងតឹងរ៉ឹង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការពង្រឹងយន្តការតាមដាន ត្រួតពិនិត្យ និងកិច្ចសហការអន្តរស្ថាប័ន (M&E and Inter-institutional Collaboration) បទពិសោធកន្លងមកបានបង្ហាញថា គ្មានយុទ្ធសាស្រ្ត ឬគោលនយោ​បាយណាមួយអាចទទួលបាន ជោគជ័យដោយពុំមានការតាមដាន និងត្រួតពិនិត្យការអនុ​វត្ត​​យ៉ាងហ្មត់ចត់នោះទេ។ សម្តេចបានប្រគល់ភារកិច្ច ជូនគណៈកម្មាធិការដឹកនាំការ​អនុវត្ ​យុទ្ធសាស្ត្រជាតិអភិវឌ្ឍន៍ សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងនាម ជាសេនាធិការ របស់រាជរដ្ឋាភិបាល ដឹកនាំសម្របសម្រួល ដោយមានការចូលរួមយ៉ាងសកម្ម​ពីគ្រប់​ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ផ្នែកឯកជន និងដៃគូអភិវឌ្ឍ ដើម្បីតាមដានវឌ្ឍនភាពនៃការ​អនុវត្ត​យុទ្ធសាស្រ្តជាតិនេះ ជាប្រចាំ ដោយមានប្រព័ន្ធវាយតម្លៃលទ្ធផល (M&E Framework) ដែលមានសូចនាករច្បាស់លាស់ ព្រមទាំងកិច្ចប្រជុំពិភាក្សា​ដោះស្រាយ បញ្ហាប្រឈមឱ្យបានទាន់ពេលវេលា ដើម្បីធានាថារាល់វិធានការ ត្រូវបានអនុវត្ត ដោយ សមកាលកម្ម (Synchronization) និងការទទួលខុសត្រូវ។ ជោគជ័យនៃយុទ្ធសាស្ត្រជាតិនេះមិនគួរត្រូវបានវាស់វែងត្រឹម តែចំនួនវគ្គបណ្តុះបណ្តាល ទំហំឥណទាន ឬចំនួនអាជ្ញាបណ្ណដែលបានចេញ ប៉ុណ្ណឹងទេប៉ុន្តែត្រូវឆ្លើយតបសំនួរសំខាន់ៗដូចជា៖ ផលិតភាពសហគ្រាសកើនបានប៉ុន្មាន? ថ្លៃដើមថយប៉ុន្មាន? មានផលិតផលថ្មី និងទីផ្សារថ្មីប៉ុន្មាន? បង្កើតបានការងារថ្មីប៉ុន្មាន? និងមាន MSMEs កម្ពុជាប៉ុន្មានបានចូលក្នុងខ្សែច្រវាក់ផ្គត់ផ្គង់របស់រោងចក្រធំៗ? នេះទើបជាលទ្ធផលដែលយើងចង់បាន។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ជោគជ័យ នៃ «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុន មីក្រូ តូច និងមធ្យមឆ្នាំ២០២៦-២០៣០» មិនអាចសម្រេចបានដោយស្ថាប័នណាមួយ ឬជាជោគជ័យរបស់ស្ថាប័នណាមួយដោយឡែកនោះទេ ប៉ុន្តែជាសមិទ្ធផលរបស់ជាតិ យើង ទាំង មូល។ នៅពេលដែល MSMEs យើងរឹងមាំ សេដ្ឋកិច្ច ជាតិ យើង ក៏រឹងមាំ និងមានភាពធន់ ហើយប្រជាជន យើងមានការងារធ្វើ មានចំណូលសមរម្យ និងរស់នៅប្រកប ដោយ សេចក្តីថ្លៃថ្នូរ ឆ្ពោះទៅសម្រេចបាន នូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជា ជារដ្ឋាភិបាលដែលគាំទ្រអាជីវកម្ម (Pro-Business) គាំទ្រការផលិត គាំទ្រការវិនិយោគ ហើយយើងនឹងបន្តរួមសុខរួមទុក្ខជាមួយធុរជន ពិសេស MSMEs ដោយគាំទ្របងប្អូន និងដើរទៅមុខជាមួយគ្នា ក្នុងស្មារតី «គិតជាមួយគ្នា ធ្វើជាមួយគ្នា និងទទួលខុសត្រូវរួមគ្នា» ដើម្បីកសាងសង្គមសេដ្ឋកិច្ចមួយដែលរុងរឿង។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដែលលោក អ៊ុំ សំអាន លើកឡើងថា រាជរដ្ឋាភិបាលព្រមព្រៀងជាមួយជាមួយថៃ កាត់ដីនៅចន្លោះបង្គោលលេខ៥២ និង៥៩ គឺស្មើនឹងការចោទរាជរដ្ឋាភិបាលក្បត់ជាតិ ដែលសម្តេចត្រូវតែចេញតបត។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សមរភូមិតស៊ូជាមួយថៃ មិនមែនជា​ពេល​ត្រូវតែឆ្លើយឆ្លង ឈ្លោះជាមួយខ្មែរគ្នាឯងនោះទេ។ ក្នុងន័យនេះ សម្តេចមហា​បវរ​ធិប​តី ហ៊ុន ម៉ាណែត ទទូចសុំពលរដ្ឋខ្មែរមូលចិត្ត មូលកំនិត ទុកពេលវេលាឱ្យរាជរដ្ឋាភិបាលដោះស្រាយបញ្ហាដីធ្លីជាមួយប្រទេសថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលស្រឡាញ់ជាតិ ស្រឡាញ់ទឹកដី។ បើគង់តែកាត់ដីឱ្យគេដដែលមិនចាំបាច់ប្រឹងតស៊ូផ្លូវច្បាប់​លើឆាក​អន្តរ​ជាតិ ទាហានមិនបាច់ឈរជើងនៅព្រំដែននោះទេ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចាត់ទុកក្រុមប្រឆាំង​ដែលចោទបំភ្លៃម្តង​ហើយ​ម្តង​ទៀត ជាចលនាមានការចាត់តាំងច្បាស់លាស់ក្នុងការកេងចំណេញផ្នែកនយោបាយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ក្នុងប្រវែងដីព្រំដែនកម្ពុជា និងថៃ ជាង៨០០គីឡូម៉ែត្រ មានតែប្រវែងប្រមាណ ៨គីឡូម៉ែត្រនៅចន្លោះបង្គោល​ព្រំដែនលេខ​៥២ និង៥៩ ក្នុងខេត្តបាត់ដំបងប៉ុណ្ណោះ ដែលបានវាស់វែងរួចរាល់ ដោយមានការព្រម​ព្រៀង​រវាងកម្ពុជា និងថៃ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដែលមិនអាចជជែកជាមួយលោក អ៊ុំ សំអាន តាមរយៈអនឡាញ ព្រោះបញ្ហាព្រំដែន​មានការងារសម្ងាត់ជាច្រើន ដែលអាចឱ្យខាងប្រទេសថៃ ដឹងពីយុទ្ធសាស្ត្ររបស់កម្ពុជា។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការដែលមិនយកប្រទេសទី៣ ដើម្បីជជែក ព្រោះការជជែកនេះ ត្រូវចុះទៅមើលដីជាក់ស្តែងនៅចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការណ៍ដែលសម្តេចតបទៅលោក អ៊ុំ សំអាន មិនមែនជាការតម្កើងតម្លៃលោក អ៊ុំ សំអាន នោះទេ តែនេះជាការបញ្ជាក់ឱ្យ​ច្បាស់លើបញ្ហាទឹកដីជូនប្រជាពលរដ្ឋ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា បើសម្តេចជាលោក អ៊ុំ សំអាន ហើយមានឯកសារច្បាស់លាស់ពាក់ព័ន្ធព្រំដែនចន្លោះបង្គោល៥២ និង៥៩មែននោះ សម្តេចនឹងចូលមកកម្ពុជា។ ចូលមកនឹងចំណេញច្រើន ទី១ បានបង្ហាញឱ្យពលរដ្ឋឃើញជាក់ស្តែង ទី២ បើសម្តេចមិនគោរពអ្វីដែលបានធានាអះអាងមែននោះ នឹងធ្វើឱ្យប្រជាពលរដ្ឋបាត់ទំនុកចិត្ត។ ត្រង់ចំណុច សម្តេចមានប្រសាសន៍ថា ជាអ្នកនយោបាយ បើពលរដ្ឋបាត់ទំនុកចិត្ត គឺចប់ហើយ។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានចាត់ទុកការចោទរបស់លោក អ៊ុំ សំអាន ពាក់ព័ន្ធដីព្រំដែនចន្លោះបង្គោលព្រំដែនលេខ៥២ និង៥៩ កំពុងស្រាតខោឱ្យពលរដ្ឋបានឃើញថា លោក អ៊ុំ សំអាន ចោទរាជរដ្ឋាភិបាល ទាំងខ្លួនមិនមានភស្តុតាងច្បាស់លាស់។

* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ការជជែកជាមួយក្រុមការងារដែលលោក អ៊ុំ សំអាន បញ្ជូនមក គឺជជែកលើរឿងដែកព្រំដែនចន្លោះបង្គោលលេខ៥២ និង៥៩ មិនជជែករឿងនយោបាយនោះទេ។

* សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ១០៖៥៤នាទីនាព្រឹកថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦។ សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕