លោកស្រី មឹន មាណវី ចុះផ្សព្វផ្សាយពីអនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់ នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) នៅខេត្តមណ្ឌលគិរី
22-10-2026 10:38
(មណ្ឌលគិរី)៖ លោកស្រី មឹន មាណវី រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការទទួលបន្ទុកយេនឌ័រ និងយន្តការគាំទ្ររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីក្នុងវគ្គផ្សព្វផ្សាយស្តីពីអនុសញ្ញាស្ដីពីការលុបបំបាត់ទម្រង់នៃការរើសអើងប្រឆាំងនឹងនារីភេទ (CEDAW) និងអនុសាសន៍ទាំង ១២ចំណុច របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងច្បាប់ពាក់ព័ន្ធមួយចំនួន។
កម្មពិធីនេះមានការចូលរួមពី លោក ជាក់ ម៉េងហ៊ាង អភិបាលរងតំណាងលោក គង់ គឹមនី អភិបាលខេត្តមណ្ឌលគិរី លោក-លោកស្រី ជាថ្នាក់ដឹកនាំតាមអង្គភាពក្រោមឱវាទក្រសួង និងថ្នាក់ដឹកនាំ មន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី ស្ទឹងត្រែង ក្រចេះ ត្បូងឃ្មុំ កំពង់ធំ កំពង់ចាម ព្រៃវែង ស្វាយរៀង មណ្ឌលគិរី រួមទាំង គ្រូឧទ្ទេសជាតំណាងអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី សរុបអ្នកចូលរួមប្រមាណជិត ១០០ នាក់។
វគ្គផ្សព្វផ្សាយនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ក្នុងការលើកកម្ពស់តួនាទី និងការចូលរួមរបស់ស្រ្តីនៅគ្រប់ស្ថាប័នរាប់តាំងពីក្រុម ភូមិ ឃុំ សង្កាត់ខណ្ឌ ស្រុក រាជធានីខេត្ត ក្រសួង មន្ទីរ និងក៏បានផ្សារភ្ជាប់ជាមួយអង្គការអន្តរជាតិ ដើម្បីជាការចូលរួមគោរពច្បាប់អន្តរជាតិ និងពង្រឹងកិច្ចសហប្រតិបត្តិការជាសកលដើម្បីសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ និងលើកកម្ពស់ជីវភាព សុខុមាលភាព និងសិទ្ធិពេញលេញរបស់ប្រជាពលរដ្ឋ និងស្រ្តី។
ថ្លែងក្នុងឱកាសនោះ លោកស្រីរដ្ឋលេខាធិការ បានពាំនាំនូវក្តីនឹករលឹកពីលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ជូនចំពោះសិក្ខាកាមដែលបានចូលរួមក្នុងពិធីនេះ ព្រមទាំងបានអំពាវនាវឱ្យសិក្ខាកាមជាស្ត្រី ត្រូវបន្តចូលរួមចំណែកប្រកបដោយឆន្ទះខ្ពស់ ខិតខំឱ្យបានសកម្មបន្ថែមទៀត ព្រោះស្ត្រីជាផ្នែកដ៏សំខាន់ក្នុងការជួយអភិវឌ្ឍសង្គមគ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានោះដែរលោកស្រី មឹន មាណវី បានក្រើនរំលឹកដល់អ្នកចូលរួមពិធីនេះជួយពញ្ញាក់ស្មារតីប្រជាពលរដ្ឋទាំងអស់ត្រូវគោរពច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ឱ្យបានខ្ជាប់ខ្ជួន ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ និងប្រកាន់យកគោលការណ៍សុវត្ថិភាពជាចម្បង ដើម្បីជៀសផុតពីគ្រោះថ្នាក់ចរាចរណ៍ មានសុវត្ថិភាពគ្រប់ក្រុមគ្រួសារ រួមជាមួយភាពសុខដុម មិនមានការើសអើងចំពោះនារីភេទ ដែលជាកត្តាឈានដល់ការរួមចំណែកជួយជំរុញនូវការអភិវឌ្ឍសង្គមជាតិ ក្នុងន័យឆ្លើយតបចំពោះការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលបានលះបង់កម្លាំងកាយ ប្រាជ្ញា ចិត្ត ក្នុងការអភិវឌ្ឍប្រទេស និងជាខែលការពារប្រទេសជាតិផងដែរ៕













