FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កម្ពុជា-ឡាវ ជំរុញការតភ្ជាប់បណ្តាញទេសចរណ៍ និងពង្រីកឱកាសធុរកិច្ច និងវិនិយោគ ក្នុងឱកាសខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូត

22-10-2026 10:31

(ឡាវ)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី ស៊ួនសាវ៉ាន់ វិញ៉ាខេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធីតភ្ជាប់បណ្តាញទំនាក់ទំនងរវាងវិស័យសាធារណៈ និងឯកជនក្នុងវិស័យទេសចរណ៍ ក្នុងឱកាសអបអរសាទរខួប ៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ឯកអគ្គរដ្ឋទូតប្រចាំប្រទេសទាំងពីរ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជនប្រមាណ ២០០នាក់។

ក្នុងឱកាសនោះ លោក ហួត ហាក់ បានគូសបញ្ជាក់ពីសារៈសំខាន់នៃការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ការផ្តល់ព័ត៌មានច្បាស់លាស់អំពីលក្ខខណ្ឌចូលប្រទេស ការពង្រឹងការតភ្ជាប់មធ្យោបាយដឹកជញ្ជូន និងការកែលម្អសេវាកម្មទេសចរណ៍ ដើម្បីធានាឱ្យការធ្វើដំណើររបស់ភ្ញៀវទេសចរកាន់តែងាយស្រួល មានសុវត្ថិភាព និងទុកចិត្តបាន។

លោករដ្ឋមន្ត្រីបានបញ្ជាក់ថា កិច្ចសហការរវាងស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរនៃប្រទេសទាំងពីរ នឹងរួមចំណែកដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ជំរុញលំហូរភ្ញៀវទេសចរ និងតភ្ជាប់គោលដៅទេសចរណ៍ឆ្លងដែន ដើម្បីបង្កើតបទពិសោធន៍ទេសចរណ៍ចម្រុះ និងអនុញ្ញាតឱ្យភ្ញៀវទេសចរអាចទស្សនាប្រទេសទាំងពីរក្នុងដំណើរតែមួយ។

ជាមួយគ្នានេះ លោកបានអំពាវនាវដល់ស្ថាប័នរដ្ឋ វិស័យឯកជន ប្រតិបត្តិករទេសចរណ៍ និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ បន្តពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការផ្សព្វផ្សាយទេសចរណ៍រួម ការផ្គូផ្គងធុរកិច្ច ការបង្កើតភាពជាដៃគូវិនិយោគ និងការអភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយភាពច្នៃប្រឌិត ចីរភាព និងសមត្ថភាពប្រកួតប្រជែង ដោយជំរុញឱ្យការពិភាក្សាក្លាយជាសកម្មភាពអនុវត្តជាក់ស្តែង ដើម្បីផ្តល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងពីរ។

លើសពីនេះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការបង្កើតកញ្ចប់ទស្សនកិច្ចទេសចរណ៍រួម ដោយតភ្ជាប់គោលដៅទេសចរណ៍សំខាន់ៗរវាងកម្ពុជា និងភាគខាងត្បូងប្រទេសឡាវ ជាពិសេសខេត្តស្ទឹងត្រែង និងខេត្តចំប៉ាសាក់ តាមរយៈការរួមបញ្ចូលសក្តានុពលបេតិកភណ្ឌវប្បធម៌ និងប្រវត្តិសាស្ត្រ ដូចជាប្រាសាទអង្គរ និងប្រាសាទវត្តភូ ព្រមទាំងតំបន់ទេសភាពធម្មជាតិ និងសហគមន៍តាមដងទន្លេមេគង្គ ដើម្បីបង្កើនលំហូរភ្ញៀវទេសចរ និងពង្រីកឱកាសធុរកិច្ច និងការវិនិយោគទេសចរណ៍រវាងប្រទេសទាំងពីរ៕