កម្ពុជា-ឡាវ ឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ និងជំរុញគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ»
22-10-2026 10:33
(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានជួបពិភាក្សាការងារជាមួយលោកស្រី Suanesavanh Vignaket រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ទ្វេភាគី និងជំរុញការអនុវត្តគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» កម្ពុជា-ឡាវ។
ក្នុងជំនួបនេះ ភាគីទាំងពីរបានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញការផ្សព្វផ្សាយទេសចរណ៍រួម ការផ្លាស់ប្តូរបទពិសោធន៍ និងការអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសទាំងពីរកាន់តែច្រើន ដោយឈរលើមូលដ្ឋាននៃចំណងមិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អ។
ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈការរៀបចំដំណើរទស្សនកិច្ចស្វែងយល់ពីគោលដៅទេសចរណ៍ (FAM Trip) ការសម្រួលការធ្វើដំណើរឆ្លងកាត់ព្រំដែន ការតភ្ជាប់គោលដៅទេសចរណ៍ ការបង្កើតកញ្ចប់ទេសចរណ៍រួម និងការជំរុញភាពជាដៃគូរវាងវិស័យឯកជន រួមទាំងការរៀបចំវេទិកាផ្គូផ្គងធុរកិច្ចទេសចរណ៍ផងដែរ។
កិច្ចសហប្រតិបត្តិការនេះមានគោលដៅពង្រីកទីផ្សារទេសចរណ៍ បង្កើនលំហូរភ្ញៀវទេសចរទៅវិញទៅមក ទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងជំរុញការផ្លាស់ប្តូររវាងប្រជាជននៃប្រទេសទាំងពីរ ក្នុងឱកាសអបអរសាទរខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតកម្ពុជា-ឡាវ ព្រមទាំងរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព និងផ្តល់ផលប្រយោជន៍ទៅវិញទៅមក។
ជាមួយគ្នានេះ លោក ហួត ហាក់ បានស្នើភាគីឡាវបន្តជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជាតាមរយៈបណ្តាញផ្សព្វផ្សាយផ្លូវការ និងប្រព័ន្ធឌីជីថល ព្រមទាំងជំរុញការរៀបចំ FAM Trip សម្រាប់ក្រុមហ៊ុនទេសចរណ៍ អ្នកសារព័ត៌មាន និងអ្នកបង្កើតមាតិកា។ លោកក៏បានលើកទឹកចិត្តឱ្យពង្រឹងកិច្ចសហការរវាងខេត្តជាប់ព្រំដែន និងជំរុញការអនុវត្តគំនិតផ្តួចផ្តើម «ប្រទេសពីរ គោលដៅតែមួយ» ឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីបង្កើតកញ្ចប់ទេសចរណ៍រួម និងទាក់ទាញភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសទាំងពីរកាន់តែច្រើន៕












