FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បិទបញ្ចប់កិច្ចប្រជុំបូកសរុបលទ្ធផលប្រឡងជ្រើសរើសយោធិនថ្មី

22-10-2026 10:20

(បន្ទាយមានជ័យ)៖ នៅវេលាម៉ោង៨និង០០នាទី ថ្ងៃព្រហស្បតិ៍ ទី២២ ខែតុលា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំបិទបញ្ចប់ការបូកសរុបលទ្ធផលការងារប្រឡងធ្វើតេស្តសមត្ថភាពបេក្ខជន ដែលបានដាក់ពាក្យប្រឡងចូលបម្រើការក្នុងក្របខ័ណ្ឌកងរាជអាវុធហត្ថខេត្ត។

កិច្ចប្រជុំនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ និងមានការចូលរួមពីលោកមេបញ្ជាការរង លោកប្រធានមន្ទីរ នាយការិយាល័យ និងលោកមេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង-ស្រុកទាំង៩។

កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានវត្តមានលោកឧត្ដមសេនីយ៍ត្រី ឆាយ សួគ៌ា ស្នងការរង ស្នងការដ្ឋានកសាងកម្លាំង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារទី២ នៃអនុគណៈកម្មការជ្រើសរើសយោធិន នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដែលបានដឹកនាំការងារយ៉ាងយកចិត្តទុកដាក់។ គោលបំណងនៃកិច្ចប្រជុំគឺដើម្បីវាយតម្លៃ និងបូកសរុបលទ្ធផលនៃការប្រឡងជ្រើសរើសកម្លាំងថ្មី ប្រកបដោយតម្លាភាព និងយុត្តិធម៌។

ការជ្រើសរើសយោធិនថ្មីនេះ គឺជាផ្នែកមួយដ៏សំខាន់ក្នុងការកសាង និងពង្រឹងសមត្ថភាពកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឲ្យកាន់តែមានប្រសិទ្ធភាពក្នុងការបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងបម្រើប្រជាពលរដ្ឋ។ កិច្ចប្រជុំបានបញ្ចប់ដោយជោគជ័យ ជាមួយនឹងការសម្រេចបាននូវលទ្ធផលច្បាស់លាស់ ដែលនឹងរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពសម្រាប់ស្ថាប័ន៕