ក្រុមហ៊ុនជប៉ុនពីរ គ្រោងពង្រីកឱកាសការងារ និងការបណ្តុះបណ្តាលជំនាញវិស្វកម្មអគ្គិសនីដល់អ្នកបច្ចេកទេសកម្ពុជា
22-10-2026 10:14
(តូក្យូ)៖ ក្រុមហ៊ុនជប៉ុនចំនួនពីរ គឺក្រុមហ៊ុន TOKO Electrical Construction និងក្រុមហ៊ុន KJP Kakehashi បានបង្ហាញបំណងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីបង្កើតឱកាសការងារ និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈបន្ថែមទៀតដល់អ្នកបច្ចេកទេសខ្មែរនៅប្រទេសជប៉ុន។ ការបង្ហាញជំហរនេះ ធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយ លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន កាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នៅទីក្រុងតូក្យូ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសជប៉ុន នាថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ លោក Kengo Ichinoki នាយកប្រតិបត្តិក្រុមហ៊ុន TOKO Electrical Construction បានឱ្យដឹងថា ក្រុមហ៊ុនរបស់លោកមានជំនាញផ្នែកវិស្វកម្មអគ្គិសនី និងការសាងសង់ ព្រមទាំងកំពុងអនុវត្តកិច្ចសហប្រតិបត្តិការបណ្តុះបណ្តាលបច្ចេកទេសជាមួយកម្ពុជា។ លោកបញ្ជាក់ថា ក្រុមហ៊ុនមានបំណងពង្រីកភាពជាដៃគូនេះបន្ថែមទៀត ដើម្បីឱ្យអ្នកបច្ចេកទេសកម្ពុជាកាន់តែច្រើន ទទួលបានជំនាញវិជ្ជាជីវៈ និងបទពិសោធន៍ការងារជាក់ស្តែងនៅប្រទេសជប៉ុន។
ទន្ទឹមនឹងការជ្រើសរើសបុគ្គលិក ក្រុមហ៊ុន TOKO ក៏បានសហការជាមួយក្រុមហ៊ុន KJP Kakehashi Co., Ltd. ដែលមានលោក Shogo Nakajima ជានាយកប្រតិបត្តិការ ដើម្បីផ្តល់ជំនួយគាំទ្រដល់អ្នកបច្ចេកទេសកម្ពុជាផងដែរ។ កិច្ចសហការនេះ ផ្តោតសំខាន់លើការជួយសម្របសម្រួលការងារ និងជួយឱ្យពលករជំនាញខ្មែរអាចសម្របខ្លួនទៅនឹងបរិយាកាសការងារនៅក្នុងប្រទេសជប៉ុនបានយ៉ាងល្អប្រសើរ។
ជាការឆ្លើយតប លោក ជុំ សុន្ទរី បានស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនេះ ដោយគូសបញ្ជាក់ថា ការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គឺជាកត្តាដ៏សំខាន់ក្នុងការអភិវឌ្ឍកម្លាំងពលកម្មកម្ពុជាឱ្យមានជំនាញ និងសមត្ថភាពប្រកួតប្រជែង។ លោកកត់សម្គាល់ថា ឱកាសការងារនៅប្រទេសជប៉ុន នឹងជួយឱ្យពលរដ្ឋកម្ពុជាទទួលបានចំណេះដឹងបច្ចេកទេសកម្រិតខ្ពស់ បទពិសោធន៍វិជ្ជាជីវៈ និងស្តង់ដារការងាររបស់ជប៉ុន។
សម្រាប់ទិសដៅអនាគត ឯកអគ្គរាជទូតកម្ពុជាបានលើកទឹកចិត្តដល់ក្រុមហ៊ុនជប៉ុនទាំងពីរ ឱ្យបន្តស្វែងរកឱកាសសហប្រតិបត្តិការថ្មីៗបន្ថែមទៀតលើការផ្ទេរជំនាញ និងការកសាងសមត្ថភាព ព្រមទាំងពិនិត្យលទ្ធភាពវិនិយោគលើវិស័យថាមពល និងវិស្វកម្មអគ្គិសនីនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្តង៕









