គណៈប្រតិភូសមាគមកាកបាទក្រហម ខេត្តហ្សាឡាយវៀតណាម ជួបសំណេះសំណាល និងពិភាក្សាការងារជាមួយកាកបាទក្រហមកម្ពុជាខេត្តរតនគិរី
21-10-2026 21:27
(រតនគិរី)៖ គណៈប្រតិភូសមាគមកាកបាទក្រហម ខេត្តហ្សាឡាយវៀតណាម បានជួបសំណេះសំណាល និងពិភាក្សាការងារជាមួយកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលជាឱកាសដ៏មានតម្លៃ សម្រាប់ពង្រឹង ចំណង មិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងស្ថាប័នកាកបាទក្រហមខេត្តទាំងពីរ
ជំនួបនេះបានរៀបចំធ្វើឡើង នៅសាលប្រជុំអគារ(B)សាលាខេត្ត នៅព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកឌុច ចាន់តូ អភិបាលរងខេត្ត និងជាអនុប្រធានគណៈកម្មាធិការសាខា តំណាង លោកញ៉ែម សំអឿនអភិបាលខេត្តរតនគិរី និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី និងលោក ហាវ៉ាន់កាត ប្រធានសមាគមកាកបាទក្រហម ខេត្តហ្សាឡាយ វៀតណាម។
ក្នុងឱកាសនេះ លោក ឌុច ចាន់តូ បានស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈ
ប្រតិភូសមាគមកាកបាទក្រហមខេត្តហ្សាឡាយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ច និងជួប
ពិភាក្សាការងារ ជាមួយសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី។លោកបានចាត់ទុកដំណើរទស្សនកិច្ចនេះ គឺជាឱកាសដ៏មានតម្លៃ សម្រាប់ពង្រឹង ចំណង មិត្តភាព សាមគ្គីភាព និង កិច្ចសហប្រតិបត្តិការរវាងស្ថាប័នកាកបាទក្រហមខេត្តទាំងពីរ។
ជាមួយគ្នានេះលោកឌុច ចាន់តូ បានជម្រាបជូនសមាគម កាកបាទក្រហមខេត្តហ្សាឡាយថា កាកបាទ ក្រហមកម្ពុជា ជាសមាគមជាតិមនុស្សធម៌ ឈានមុខគេដែលមានតួនាទី ជាជំនួយការឲ្យរាជរដ្ឋាភិ
បាលផ្នែកការងារមនុស្សធម៌ ជួយសម្រាលការលំបាក និង សេចក្តី ទុក្ខលំបាករបស់ប្រជាពល
រដ្ឋងាយរងគ្រោះ ដោយមិនប្រកាន់ពូជសាសន៍ព៌ណសម្បុរ សាសនា ឬនិន្នាការនយោបាយ។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជា ខេត្តរតនគិរី បានខិតខំ អនុវត្តសកម្មភាពមនុស្សធម៌ ដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន ដៃគូពាក់ព័ន្ធ អ្នក ស្ម័គ្រចិត្ត យុវជនកាកបាទក្រហមនិងសប្បុរសជន ដើម្បីជួយដល់ គ្រួសារ ងាយរងគ្រោះ អ្នករងគ្រោះ ដោយគ្រោះមហន្តរាយ និងប្រជាពលរដ្ឋ ដែលត្រូវការ ជំនួយបន្ទាន់។ ជាមួយគ្នានេះ សាខាក៏យកចិត្តទុកដាក់លើការងារសុខភាពសហគមន៍ ទឹកស្អាត អនាម័យ ការត្រៀមបង្ការ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ព្រមទាំងការ កៀរគរ ធនធាន និងការអភិវឌ្ឍអ្នកស្ម័គ្រចិត្តយុវជន។
លោកមានជំនឿថា ការផ្លាស់ប្តូរបទពិសោធន៍ និងចំណេះដឹងក្នុងដំណើរទស្សនកិច្ច នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ស្ថាប័នទាំង២ជាពិសេសលើការរៀបចំ និងអនុវត្ត កម្មវិធីមនុស្សធម៌ ការឆ្លើយតបចំពោះគ្រោះមហន្តរាយ ការគាំទ្រប្រជាពល រដ្ឋងាយរងគ្រោះ និងការពង្រឹងសមត្ថភាពអ្នកស្ម័គ្រចិត្ត យុវជន។ ហើយសង្ឃឹមថា កិច្ចសហប្រតិបត្តិការ ដែលមានស្រាប់ នឹងកាន់តែរឹងមាំ និងអាចបង្កើត ជាគំនិតផ្តួចផ្តើមថ្មីៗ ដើម្បីបម្រើផល ប្រយោជន៍មនុស្សធម៌រួមគ្នា។
ជាការឆ្លើយតប លោក ហា វ៉ាន់កាត បានលើកឡើថា គោលបំណង នៃដំណើរទស្សនកិច្ចរបស់សមាគម កាកបាទក្រហមខេត្តហ្សាឡាយវៀតណាម នាពេលនេះគឺ ដើម្បីរឹតចំណងមិត្តភាពកាន់តែរឹងមាំ និងសហប្រតិបត្តិការរវាងស្ថាប័នមនុស្សធម៌ខេត្តរតនគិរី និងខេត្តហ្សាឡាយ ព្រមទាំងចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈមក្នុងការងារមនុស្សធម៌ ដើម្បីរួមចំណែកកាត់បន្ថយទុក្ខលំបាករបស់ ប្រជាពលរដ្ឋរងគ្រោះដោយគ្រោះមហន្តរាយ ធម្មជាតិនិងវិបត្តិភ័យផ្សេងៗ និងការលើកកម្ពស់សុខុមាលភាព ជាដើម។
លោក ហាវ៉ាន់កាត ក៏បានកោតសរសើរចំពោះកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ដែលមានយុទ្ធសាស្ត្រច្បាស់លាស់ ដោយបានកំណត់អំពីវិស័យអាទិភាព និងទិសដៅយុទ្ធសាស្ត្រជាក់លាក់ ដែលទាំងនេះគឺជាមាគ៌ាបង្ហាញផ្លូវក្នុងការអនុវត្តសកម្មភាពការងារមនុស្សធម៌ប្រកបដោយការទទួលខុសត្រូវ ។
ក្នុងពិធីសំណេះសំណាលនិងពិភាក្សាការងារនេះ ភាគីទាំងពីរក៏បានបង្ហាញជូននូវសកម្មភាពមនុស្សធម៌នានារបស់ខ្លួនដែលបានអនុវត្តកន្លងមក និងបានលើកយកអនុសារណៈ ដែលកាកបាទក្រហមកម្ពុជាខេត្តរតនគិរី និងខេត្តហ្សាឡាយ ដែលបានចុះហត្ថលេខារួមគ្នាកាលពីឆ្នាំ២០១៩ តែមិនបានអនុវត្តដោយ សារវិបត្តិកូវីដ១៩មកពិនិត្យ ពិភាក្សាដើម្បី ដាក់ត្រៀមជូនកាកបាទក្រហមថ្នាក់កណ្តាលរៀងៗខ្លួន ពិនិត្យនិងសម្រេច នឹងឈានទៅចុះហត្ថលេខាម្តងទៀត។
លោកហា វ៉ាន់កាត ថែមទាំងបានអញ្ជើញគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរី ទៅទស្សនកិច្ចដកស្រងបទពិសោធន៍លើកិច្ចការមនុស្សធម៌ នៅខេត្តហ្សាឡាយ ក្នុងឆ្នាំ២០២៧ខាងមុខនេះនិងបានផ្តល់អំណោយកុំព្យូទ័រយួរដៃ១គ្រឿងជូនសាខាកាកបាទក្រហមកម្ពុជាខេត្តរតនគិរីផងដែរ៕










