កម្ពុជា-ឡាវ បើកវេទិកាជំរុញលំហូរភ្ញៀវទេសចរតាមព្រំដែន និងផ្គូផ្គងវិនិយោគទេសចរណ៍ ក្នុងឱកាសខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត
21-10-2026 20:31
(ស្ទឹងត្រែង)៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោកស្រី ស៊ួនសាវ៉ាន់ វិញ៉ាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកកម្មវិធីអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ និង «វេទិកាសន្ទនាស្តីពីការជំរុញលំហូរភ្ញៀវទេសចរតាមបណ្តោយព្រំដែនកម្ពុជា-ឡាវ និងវេទិកាផ្គូផ្គងវិនិយោគទេសចរណ៍កម្ពុជា-ឡាវ» នៅខេត្តស្ទឹងត្រែង។
ពិធីនេះមានការអញ្ជើញចូលរួមពីលោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ព្រមទាំងថ្នាក់ដឹកនាំ គណៈប្រតិភូ និងអ្នកពាក់ព័ន្ធក្នុងវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ប្រមាណ២៥០នាក់។
វេទិកានេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សក្តានុពលទេសចរណ៍ និងជំរុញការតភ្ជាប់គោលដៅទេសចរណ៍រវាងកម្ពុជា-ឡាវ ដើម្បីបង្កើតបទពិសោធន៍ធ្វើដំណើរថ្មីៗ និងទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសទាំងពីរកាន់តែច្រើន។ ជាមួយគ្នានេះ ការរៀបចំវេទិកាសន្ទនា និងផ្គូផ្គងវិនិយោគទេសចរណ៍ ក៏ជាឱកាសជំរុញការផ្លាស់ប្តូរភ្ញៀវទេសចរ បង្កើនឱកាសវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននៃប្រទេសទាំងពីរផងដែរ។
សូមជម្រាបថា កម្មវិធីអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា-ឡាវ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៦ នៅខេត្តស្ទឹងត្រែង ប្រទេសកម្ពុជា និងបន្តនៅខេត្តចំប៉ាសាក់ ប្រទេសឡាវ ដោយមានការរៀបចំសកម្មភាពជាច្រើន ដើម្បីពង្រឹងចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ៕







