រដ្ឋមន្រ្តី ហួត ហាក់៖ សៀមប៉ាង សាហ្វារី រីសត ជាគោលដៅទេសចរណ៍ធម្មជាតិដ៏ទាក់ទាញ រួមចំណែកជំរុញគម្រោង «ប្រទេសពីរ គោលដៅតែមួយ
21-10-2026 20:28
(ស្ទឹងត្រែង)៖ ដោយទទួលបានគោលការណ៍អនុញ្ញាតពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នារសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងលោកស្រី សួនសាក់ វ៉ាន់ វិញ្ញាកេត រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងទេសចរណ៍ឡាវ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរ អញ្ជើញទស្សនកិច្ចគម្រោង «សៀមប៉ាង សាហ្វារី រីសត» ស្ថិតក្នុងស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ដើម្បីផ្សព្វផ្សាយសក្តានុពលទេសចរណ៍ធម្មជាតិ និងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកាន់តែច្រើន។
ក្នុងឱកាសនោះ លោក ហួត ហាក់ បានលើកឡើងថា តំបន់សៀមប៉ាងមានសក្តានុពលធម្មជាតិដ៏សម្បូរបែប ជាពិសេសជាជម្រកសត្វព្រៃកម្រនិងជិតផុតពូជ។ ការអភិវឌ្ឍគម្រោង «សៀមប៉ាង សាហ្វារី រីសត» តាមរយៈទម្រង់អេកូទេសចរណ៍ប្រណីត គឺជាគំរូនៃការអភិវឌ្ឍប្រកបដោយចីរភាព ដែលផ្សារភ្ជាប់ការអភិរក្សធនធានធម្មជាតិជាមួយនឹងការអភិវឌ្ឍទេសចរណ៍ ព្រមទាំងបង្កើតឱកាសការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋមូលដ្ឋាន។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហការរវាងវិស័យឯកជន អង្គការដៃគូ និងអាជ្ញាធរមូលដ្ឋាន ដើម្បីថែរក្សាបរិស្ថានធម្មជាតិ លើកកម្ពស់ជំនាញបដិសណ្ឋារកិច្ចដល់ប្រជាពលរដ្ឋ និងផ្សព្វផ្សាយផលិតផលទេសចរណ៍ធម្មជាតិកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានលើកទឹកចិត្តឱ្យមានការតភ្ជាប់ខ្សែសង្វាក់ផលិតផល និងសេវាកម្មទេសចរណ៍ពីខេត្តសៀមរាប រាជធានីភ្នំពេញ និងតំបន់ជិតខាង មកកាន់ខេត្តស្ទឹងត្រែង និងតំបន់ភូមិភាគឦសាន ដើម្បីបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍ និងរួមចំណែកលើកកម្ពស់កម្ពុជាជាគោលដៅទេសចរណ៍ធម្មជាតិបៃតង ប្រកបដោយចីរភាព ព្រមទាំងគាំទ្រគម្រោង «ប្រទេសពីរ គោលដៅតែមួយ»៕

















