FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

កាហ្វេខ្មែរឆក់យកការចាប់អារម្មណ៍ខ្លាំងពីអ្នកចូលរួមនិងដៃគូរពាណិជ្ជកម្មក្នុងពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ នៅទីក្រុងប៉ារីសប្រទេសបារាំង

21-10-2026 19:15

(បារីស)៖ កាហ្វេខ្មែរ ដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងគុណភាពខ្ពស់ បានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកចូលរួម និងដៃគូពាណិជ្ជកម្មអន្តរជាតិ ក្នុងព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris 2026 ដែលបានប្រារព្ធឡើងនៅទីក្រុងបារីស ប្រទេសបារាំង។

បើតាមតំណាង«គិរីកាហ្វេ» ដែលបានទៅចូលក្នុងពិព័រណ៍នេះ បានឱ្យដឹងថា តាមរយៈការភ្លក្សរសជាតិ និងការពិនិត្យគុណភាពគ្រាប់កាហ្វេជាក់ស្តែង ដៃគូពាណិជ្ជកម្មអន្តរជាតិជាច្រើនបានបង្ហាញចំណាប់អារម្មណ៍ខ្ពស់ និងបានស្នើសុំចុះកិច្ចសន្យាទិញ-លក់គ្រាប់កាហ្វេឆៅ (Green Beans) ក្នុងបរិមាណច្រើន។ នេះបានបញ្ជាក់យ៉ាងច្បាស់ថា រសជាតិ និងគុណភាពកាហ្វេខ្ពង់រាបរបស់កម្ពុជា ពិតជាមានស្តង់ដារប្រកួតប្រជែងលើទីផ្សារអន្តរជាតិបានយ៉ាងពិតប្រាកដ។

លោកបន្តថា«ស្តង់ គិរីកាហ្វេ» សម្រេចបាននូវលទ្ធផលគួរឱ្យកត់សម្គាល់ ដោយទទួលបានការកោតសរសើរ និងការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់ដៃគូពាណិជ្ជកម្ម និងអ្នកជំនាញកាហ្វេ អន្តរជាតិ ដែលបានឃើញវត្តមានកាហ្វេកម្ពុជាបង្ហាញខ្លួននៅ Sial Paris»។

ទោះជាយ៉ាងនេះក្តី តំណាង គិរីកាហ្វេ បានកត់សម្គាល់ថា បញ្ហាប្រឈមចម្បងនាពេលបច្ចុប្បន្ន គឺទំហំផលិតកម្ម និងបរិមាណផលកាហ្វេនៅកម្ពុជានៅមានកម្រិតទាបនៅឡើយ ដែលមិនទាន់អាចឆ្លើយតបទៅនឹងតម្រូវការបញ្ជាទិញធំៗពីក្រៅប្រទេសបានពេញលេញ។ដូច្នេះ ដើម្បីទាញយកឱកាសមាសនេះឱ្យក្លាយជាចំណូលសេដ្ឋកិច្ចជាក់ស្តែង កម្ពុជាចាំបាច់ត្រូវជំរុញ និងពង្រីកផ្ទៃដីដាំដុះកាហ្វេឱ្យបានទូលំទូលាយបន្ថែមទៀត ស្របតាមបច្ចេកទេស និងស្តង់ដារគុណភាព ដើម្បីត្រៀមខ្លួនផ្គត់ផ្គង់ដល់ទីផ្សារនាំចេញនាពេលអនាគត និងលើកកម្ពស់កិត្យានុភាពកាហ្វេខ្មែរលើឆាកអន្តរជាតិ។
គួរជម្រាបផងដែរថា ពិព័រណ៍ពាណិជ្ជកម្មម្ហូបអាហារអន្តរជាតិ SIAL Paris 2026 បានប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ២១ ខែតុលា ឆ្នាំ ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ Paris Nord Villepinte រដ្ឋធានីប៉ារីស ប្រទេសបារាំង ដោយបានប្រមូលផ្តុំអ្នកទិញ អ្នកចែកចាយ អ្នកនាំចេញនាំចូល ក្នុងវិស័យម្ហូបអាហារយ៉ាងច្រើនមកពីជុំវិញពិភពលោក៕