FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

សម្តេចតេជោ ហ៊ុន សែន៖ ការអះអាងដោយមិនទាន់បានអានសៀវភៅបង្ហាញពីចរិតប្រឆាំងគ្រប់រឿងរបស់ក្រុមជ្រុលនិយម និងចម្លែកដែលសារព័ត៌មានថៃយកមកចុះផ្សាយបន្ត, តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?

21-10-2026 18:48

(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារលើបណ្តាញសង្គម ដោយសម្តែងការអស់សំណើច ចំពោះក្រុមជ្រុលនិយម ដែលហ៊ានអះអាងនិងវាយតម្លៃលើសៀវភៅប្រវត្តិសាស្ត្រមួយក្បាលទាំងដែលខ្លួនមិនទាន់បានអានសូម្បីតែមួយទំព័រ ខណៈដែលសារព័ត៌មានថៃមួយចំនួនបានយកមកចុះផ្សាយបន្តយ៉ាងចម្លែក។

បើតាមការបញ្ជាក់របស់សម្តេចតេជោ, មុននេះប៉ុន្មានថ្ងៃ បញ្ញវន្តវ័យក្មេង៤នាក់ ដែលជាមន្ត្រីនៅព្រឹទ្ធសភា បានធ្វើការផ្សព្វផ្សាយសៀវភៅមួយក្បាលដែលមានកម្រាស់ ១.១១១ទំព័រ ដែលនិពន្ធដោយ លោក អៀង ពិសី ស្តីពីយុទ្ធសាស្ត្រត្រីកោណ ដែលសម្តេចបានដាក់ចេញឱ្យអនុវត្តនៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ នាសម័យប្រជុំដំបូងនៃគណៈរដ្ឋមន្ត្រីថ្មី នីតិកាលទី២ នៃរដ្ឋសភា។

ទោះបីជាសៀវភៅនេះមានកម្រាស់ក្រាស់ និងមិនទាន់បានអានសោះ មេក្រុមជ្រុលនិយមបែរជាចេញមកអះអាងភ្លាមៗថា ជាការក្លែងប្រវត្តិសាស្ត្រ បំភ្លៃប្រវត្តិសាស្ត្រ ឬកុហក់ប្រវត្តិសាស្ត្រទៅវិញ។ ត្រង់ចំណុចនេះ សម្តេចតេជោបានលើកឡើងដោយចំអកថា៖ «សូមកោតសរសើរដល់អ្នកដែលមិនទាន់បានមើល ហើយហ៊ានអះអាងបែបនេះ ដែលនេះបង្ហាញថា ក្រុមជ្រុលនិយមប្រឆាំងគ្រប់រឿង រាប់ទាំងរឿងដែលខ្លួនមិនទាន់ដឹងផងដែរ»។

ក្រៅពីរឿងសកម្មភាពរបស់ក្រុមជ្រុលនិយមខ្មែរ សម្តេចតេជោក៏បានគូសបញ្ជាក់ពីភាពកាន់តែចម្លែក និងគួរឱ្យអស់សំណើចមួយកម្រិតទៀត គឺការដែលសារព័ត៌មានរបស់ថៃខ្លះ បានយកសេចក្តីរាយការណ៍ទាំងនោះមកចុះផ្សាយបន្ត ដោយសម្តេចបានដាក់ជាសំណួរថា តើនេះជាការសហការរវាងពួកជ្រុលនិយមខ្មែរជាមួយសារព័ត៌មានថៃខ្លះមែនទេ?

ជាចុងក្រោយ សម្តេចតេជោ ហ៊ុន សែន បានសម្តែងការអរគុណដល់សារព័ត៌មានថៃមួយចំនួន ដែលតែងតែជួយផ្សព្វផ្សាយពីរូបលោក រាប់ទាំងរឿង «ឆ្កែបានជិះរទេះ» ផងដែរ៕