FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រាជបណ្ឌិត្យសភាកម្ពុជា បើកវគ្គបណ្តុះបណ្តាលភាសារុស្ស៉ី ជំនាន់ទី២ ដោយឥតគិតថ្លៃ ដើម្បីពង្រឹងចំណងមិត្តភាព និងការផ្លាស់ប្តូរវប្បធម៌

21-10-2026 17:06

(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦ នេះ បានប្រកាសបើកវគ្គបណ្តុះបណ្តាលភាសារុស្ស៉ីជំនាន់ទី២ ដោយឥតគិតថ្លៃ ជូនដល់សាធារណជន ទាំងអ្នកដែលមិនទាន់មានមូលដ្ឋានគ្រឹះ និងអ្នកដែលមានចំណេះដឹងភាសារុស្ស៊ីកម្រិតបឋមមួយចំនួន។

យោងតាមសារបង្ហោះលើបណ្តាញសង្គម នារសៀលថ្ងៃទី២១ ខែតុលានេះ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំឡើងក្រោមកិច្ចសហប្រតិបត្តិការរវាងរាជបណ្ឌិត្យសភាកម្ពុជា និងវិទ្យាស្ថានភូស្គីននៃសហព័ន្ធរុស្ស៊ី។ កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការសិក្សាភាសារុស្ស៊ី ពង្រីកឱកាសសិក្សាភាសាបរទេស និងពង្រឹងការផ្លាស់ប្តូរចំណេះដឹង ភាសា ព្រមទាំងវប្បធម៌រវាងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-រុស្ស៉ី ឱ្យកាន់តែទូលំទូលាយ។

លោកបណ្ឌិតប្រធានរាជបណ្ឌិត្យសភាកម្ពុជា បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃភាសាថា៖ «ភាសាមិនត្រឹមតែជាមធ្យោបាយសម្រាប់ទំនាក់ទំនងប៉ុណ្ណោះទេ ប៉ុន្តែភាសាក៏ជាស្ពានតភ្ជាប់ចំណេះដឹង វប្បធម៌ និងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ»។

សូមបញ្ជាក់ផងដែរថា ភាសារុស្ស៉ី គឺជាភាសាផ្លូវការមួយក្នុងចំណោមភាសាផ្លូវការទាំង៦ របស់អង្គការសហប្រជាជាតិ (UN) ដែលកំពុងត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយនៅក្នុងកិច្ចប្រជុំធំៗ និងការងារផ្លូវការរបស់អង្គការអន្តរជាតិមួយនេះ៕