FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

និស្សិតជំនាញ នីតិសាស្រ្ត និងរដ្ឋបាលសាធារណៈរបស់សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចុះទស្សនកិច្ចសិក្សាស្វែងយល់នៅព្រឹទ្ធសភានៃកម្ពុជា

21-10-2026 16:49

(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យបណ្ឌិត សួស សោភា សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ព្រមទាំងគណៈគ្រប់គ្រង និងបុគ្គលិក នាព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦នេះ បានដឹកនាំសមណនិស្សិត និងនិស្សិតជំនាញ នីតិសាស្ត្រ និងរដ្ឋបាលសាធារណៈ ចំនួន ១២៥អង្គ/នាក់ ចុះទស្សនកិច្ចសិក្សាស្វែងយល់អំពី «តួនាទី ភារកិច្ច និងរចនាសម្ព័ន្ធរបស់ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា» នៅសាលភក្តីវិក្រម១ វិមានព្រឹទ្ធសភា។

ក្នុងឱកាសដ៏វិសេសវិសាលនេះ ប្រតិភូសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅបំផុតពីសំណាក់លោក ប៉ុល លឹម អនុប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន (គណៈកម្មការទី៤) និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤។

នាឱកាសនោះលោក ប៉ុល លឹម បានផ្តល់កិត្តិយសធ្វើបទបង្ហាញយ៉ាងក្បោះក្បាយអំពីប្រវត្តិ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ព្រឹទ្ធសភា ចាប់តាំងពីចាប់បដិសន្ធិនីតិកាលទី១ (ថ្ងៃទី២៥ ខែមីនា ឆ្នាំ១៩៩៩) រហូតមកដល់នីតិកាលទី៥ បច្ចុប្បន្ន។

លោក ប៉ុល លឹម ក៏បានគូសរំលេចនូវសមាសភាព និងរចនាសម្ព័ន្ធដឹកនាំព្រឹទ្ធសភានីតិកាលទី៥ ដូចជា សមាសភាព៖ មានសមាជិកសរុប ៦២រូប (អាណត្តិ ៦ឆ្នាំ) ថ្នាក់ដឹកនាំ៖ ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ជាប្រធានព្រឹទ្ធសភា, លោក អ៊ុច បូររិទ្ធ ជាអនុប្រធានទី១ និងលោកបណ្ឌិត ធន់ វឌ្ឍនា ជាអនុប្រធានទី២។ មុខងារចម្បងទាំង៣៖ មុខងារនីតិកម្ម មុខងារតាមដានការអនុវត្តច្បាប់ និងមុខងារតំណាងទិសដៅអាទិភាពទាំង២ ក្នុងនីតិកាលទី៥៖ ការពង្រឹងកិច្ចប្រាស្រ័យទាក់ទងយ៉ាងជិតស្និទ្ធជាមួយអង្គបោះឆ្នោត និងការលើកកម្ពស់ការទូតសភា។

ទន្ទឹមនឹងនេះលោក បានចែករំលែកបទពិសោធន៍ដ៏មានតម្លៃលើកិច្ចការរដ្ឋបាល និងការចុះមូលដ្ឋាន ព្រមទាំងបានផ្តល់អនុសាសន៍ទូន្មានយ៉ាងជ្រាលជ្រៅដល់សមណនិស្សិត និងនិស្សិត ឱ្យខិតខំប្រឹងប្រែងរៀនសូត្រទាំងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីអភិវឌ្ឍខ្លួនឱ្យក្លាយជាធនធានមនុស្សប្រកបដោយសក្តានុពលខ្ពស់សម្រាប់ជាតិ និងបានផ្តាំផ្ញើឱ្យយកចំណេះដឹងផ្នែកច្បាប់ និងរដ្ឋបាលសាធារណៈ ទៅអនុវត្ត និងផ្សព្វផ្សាយបន្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដោយប្រកាន់ខ្ជាប់នូវសីលធម៌ ចរិយាធម៌ និងស្មារតីស្នេហាជាតិ។

ជាមួយគ្នានេះដែរ តំណាងអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ក៏បានធ្វើបទបង្ហាញលម្អិតបន្ថែមអំពីដំណើរការនីតិកម្ម ព្រមទាំងរចនាសម្ព័ន្ធ តួនាទី និងភារកិច្ចរបស់អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ជូនដល់ប្រតិភូទស្សនកិច្ចផងដែរ។

ជាកិច្ចបញ្ចប់នៃកម្មវិធីសមណនិស្សិត និងនិស្សិតទាំងអស់ បានអញ្ជើញដើរទស្សនាសាលប្រជុំពេញអង្គ និងអគារប្រវត្តិសាស្ត្រនានាក្នុងបរិវេណវិមានព្រឹទ្ធសភា ប្រកបដោយបរិយាកាសស្និទ្ធស្នាល រីករាយ និងទទួលបានចំណេះដឹងយ៉ាងច្រើនឥតគណនា៕