FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តតាកែវ ដឹកនាំមន្ត្រីជំនាញបន្តចុះបោះតម្រុយបង្គោលចំនួន៣០ នៃគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងភូមិសាស្ត្រស្រុកទ្រាំង

21-10-2026 15:40

(តាកែវ)៖ អភិបាលខេត្តតាកែវ លោក វ៉ី សំណាង នៅព្រឹកថ្ងៃពុធ ទី២១ ខែតុលា ឆ្នាំ២០២៦ បានបន្តដឹកនាំមន្ត្រីជំនាញចុះបោះតម្រុយបង្គោលនៃគម្រោងព្រែកជីកហ្វូណនតេជោ ដែលស្ថិតនៅក្នុងភូមិសាស្ត្រឃុំសំបួរ ស្រុកទ្រាំង ខេត្តតាកែវ។

នៅក្នុងការចុះពិនិត្យ និងអនុវត្តការងារផ្ទាល់នៅនឹងកន្លែងនោះ ក្រុមការងារបច្ចេកទេស និងអាជ្ញាធរដែនដី បានធ្វើការបោះបង្គោលបន្ថែមចំនួន ៣០ បង្គោលបន្ថែមទៀត និងបានធ្វើការកែសម្រួលចំនួន ៥ បង្គោល ដើម្បីធានាឱ្យបាននូវភាពច្បាស់លាស់ ត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងបង្កភាពរលូនដល់ដំណើរការរៀបចំគម្រោងប្រវត្តិសាស្ត្រមួយនេះផងដែរ។

លោក វ៉ី សំណាង បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងប្រវត្តិសាស្ត្រមួយដ៏មានសារៈសំខាន់បំផុត ក្រោមការផ្ដួចផ្ដើមគំនិតដ៏ថ្លៃថ្លាពីរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងផ្ដល់ផលប្រយោជន៍យ៉ាងមហាសាលដល់វិស័យសេដ្ឋកិច្ច ការដឹកជញ្ជូន ពាណិជ្ជកម្មតាមផ្លូវទឹក និងការអភិវឌ្ឍសង្គមជាតិទាំងមូល ជាពិសេសគឺការលើកកម្ពស់ជីវភាព រស់នៅរបស់បងប្អូនប្រជាពលរដ្ឋក្នុងខេត្តតាកែវរបស់យើងផ្ទាល់តែម្ដង។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានយល់ដឹង និងផ្ដល់ការគាំទ្រយ៉ាងសកម្មដល់ដំណើរការអនុវត្តគម្រោងនេះ ដោយស្មារតីម្ចាស់ការ និងសហការយ៉ាងល្អប្រសើរ ជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីប្រយោជន៍ជាតិ និងការអភិវឌ្ឍរយៈពេលវែងបន្តទៅមុខ សម្រាប់កូនចៅជំនាន់ក្រោយៗទៀត៕