FN KH App Logo
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តព្រៃវែង ស្នើមន្ទីរជំនាញត្រូវផ្សព្វផ្សាយការងារយុទ្ធនាការចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីឲ្យពួកគាត់យល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជី

21-10-2026 15:32

(ព្រៃវែង)៖ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានស្នើមន្ទីរជំនាញត្រូវត្រូវផ្សព្វផ្សាយការងារយុទ្ធនាការ ចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋឲ្យបានទូលំទូលាយ ដើម្បីឲ្យប្រជាពលរដ្ឋយល់ដឹងពីសារៈសំខាន់នៃការចុះបញ្ជី។

ជាមួយគ្នានេះ មន្ទីរជំនាញ ត្រូវជំរុញការងារដោះស្រាយវិវាទដីធ្លី ការចុះពិនិត្យ និងណែនាំដល់ម្ចាស់សំណង់ទាំងអស់ ឲ្យមកសុំច្បាប់អនុញ្ញាតិសាងសង់ ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋឲ្យសាងសង់ផ្ទះ ឲ្យមានរបៀបរៀបរយផងដែរ។

ការថ្លែងបែបនេះ របស់លោកអភិបាលខេត្តព្រៃវែង នៅក្នុងឱកាសដែលលោកបានអញ្ជើញជាគណៈធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តឆ្នាំ២០២៧ របស់មន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៦។

សន្និបាតនេះ មានការចូលរួមពីលោក ទ្រី សុភី អនុរដ្ឋក្រសួង រៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដី និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តព្រៃវែង លោក លោកស្រីមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ក្នុងឱកាសនោះលោក អេង ផេងអាន ប្រធានមន្ទីរមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រៃវែង បានលើកឡើងថា នៅក្នុងឆ្នាំ២០២៦ មន្ទីររៀបចំដែនដីខេត្តព្រៃវែង បាននិងកំពុង អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដើម្បីកំណើន ការងារសមធម៌ និងប្រសិទ្ធិភាព កសាងមូលដ្ឋាន ឆ្ពោះទៅសម្រេចចក្ខុ វិស័យកម្ពុជាឆ្នាំ២០៥០ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា និងបានខិតខំអនុវត្តការងាររដ្ឋបាលដីធ្លី ការងាររៀបចំដែនដី ការងារដោះស្រាយវិវាទដីធ្លី ការងារគ្រប់គ្រងវិស័យសំណង់ការងារផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យមានតម្លាភាពគុណភាព និងប្រសិទ្ធភាព។

លោកប្រធានមន្ទីរបន្តថា ជាលទ្ធផលតាមផែនការដែលក្រសួង បានដាក់ចេញ ហើយបច្ចុប្បន្នខេត្តព្រៃវែង បានបញ្ចប់ការវាស់វែង ជាស្ថាពរ ដែលបានប្រកាសតំបន់វិនិច្ឆ័យចំនួន ១ ១៦៨ភូមិ ស្មើនឹង ១១៦ឃុំ-សង្កាត់ និង១៣ក្រុង-ស្រុក ស្មើនឹង ១ ២៦៨ ៨៤៥ក្បាលដី ស្មើនឹង ២៩២.៩៣៥ គ្រួសារ។

​ក្នុងឱកាសនោះលោក ទ្រី សុភី បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់នៃមន្ទីររៀបចំដែនដី ខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ច ទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។

​ជាមួយគ្នានេះលោកក៏បានរំលឹក និងលើកទឹកចិត្តដល់មន្ត្រីរាជការទាំងអស់ ត្រូវបន្តពង្រឹងសមត្ថភាព ការទទួលខុសត្រូវ និងសាមគ្គីភាពផ្ទៃក្នុងឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តព្រៃវែងឱ្យកាន់តែមានការរីកចម្រើនជាលំដាប់។

ក្នុងឱកាសបិទសន្និបាទនោះ លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានកោតសរសើរដោយស្មោះ ចំពោះការយកចិត្តទុកដាក់ការអនុវត្តតួនាទី ភារកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រោមឱវាទមន្ទីរដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រៃវែង ព្រមទាំងអង្គភាពពាក់ព័ន្ធ រដ្ឋបាលគ្រប់ថ្នាក់ និងមន្ត្រីកិច្ចសន្យា មន្ត្រីស្ម័គ្រចិត្ត និងមន្ត្រីក្រុមចុះបញ្ជីដីធ្លីទាំងអស់ ក្នុង រយៈពេលកន្លងទៅនេះ ដែលទទួលបានលទ្ធផលគួរជាទីមោទនៈ និងបានចូលរួមធ្វើឲ្យខេត្តព្រៃវែង មានការរីកចម្រើន ជាលំដាប់ និងដោះស្រាយបានបញ្ហាប្រឈមនានា និងសំណូមពរចាំបាច់ របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ស្របតាម គោលនយោបាយដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលបានធ្វើឲ្យប្រទេសជាតិមានការវិវត្តន៍រីកចម្រើនជាបន្ត បន្ទាប់លើគ្រប់វិស័យ។

ជាមួយគ្នានោះ លោកអភិបាលខេត្តបានថ្លែងនូវការផ្តាំផ្ញើដល់មន្ទីរជំនាញ ត្រូវយកចិត្តទុកដាក់តាមដានរាល់ការណែនាំ និងផែនការរបស់ក្រសួង និងរដ្ឋបាលអោយមានប្រសិទ្ធភាព។ ក្រុមការងារចុះបញ្ជីទាំងអស់ ត្រូវខិតខំពន្លឿនការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ លក្ខណៈដាច់ដោយដុំ និងចុះបញ្ជីបន្ត ជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា៕